ខេត្តកំពង់ធំ ៖ ដោយសារ​តែ​ខកចិត្ត​នឹង​ការ​ផ្តាច់​ពាក្យ​ជា​គូ​ដណ្តឹង បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ជា​អតីត​គូ​ដណ្តឹង​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ភូមិ​ត្រពាំង​ត្រុំ ឃំ​ុ​ទីពោ ស្រុក​ស​ន្ទុ​ក ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ករណី​ជះ​ទឹក​អាស៊ីត​នេះ ប្រព្រឹត្ត​ឡើង​ដោយ​បុរស​ឈ្មោះ សឿង វាសនា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ្រំ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​នេះបាន​ជះ​ទឹក​អាស៊ី​តទៅ​លើ​ស្ត្រី​ជា​អតីត​គូ​ដណ្តឹង​ឈ្មោះ យ៉ង់ សុផល អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ បណ្តាល​ឱ្យ​រង​របួសធ្ងន់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តាំងក្រសាំង ។

បន្ទាប់​ពី​បាន​បង្ក​អំពើ​ហិង្សា​ដ៏​សាហាវ​ទៅ​លើជន​រង​គ្រោះជា​អតីត​គូ​ដណ្តឹង​រួច ជន​រូប​នេះ​ក៏​បាន​យក​ទឹក​អាស៊ីត​មក​ចាក់​ស្រោច​លើ​ខ្លួនឯងដែរ ​រួច​ផឹក​ថែម​ទៀត​បណ្តាល​ឱ្យ​សន្លប់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​- ស​ន្ទុ​ក ។សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ខាងលើ​ជះ​ទឹក​អាស៊ី​តទៅ​លើ​នារី​រង​គ្រោះ​គឺ​ដោយសារ​តែ​រូបគេ​ខឹង​នឹង​នាង​ដែល​បាន​ផ្តាច់​ពាក្យ​ជាមួយនឹង​ខ្លួន រួច​ទៅ​មាន​គូ​ដណ្តឹង​ថ្មី ។

ជា​ការ​ពិត​ណាស់ ការ​ប្រកាន់​យកគំនិត​ចងអាឃាត​នេះ មិន​ស័ក្តិ​សមជា​បុរស​ទ្រូង​៥​ហត្ថ​ឡើយ ដែល​មាន​ន័យ​ថា មិន​ខ្វះ​ទេ​«​ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ​» តើ​ចាំបាច់​ពាក់ព័ន្ធ​ជីវិត​ជាមួយ​គ្នា​ធ្វើ​អ្វី បើ​នាង​ស្រឡាញ់​យើង​នោះ? ទោះបីជា​បែប​ណា ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​បែប​នេះ គឺជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ដែល​ធ្វើ​ទៅ​លើ​ជន​រង​គ្រោះ ។

មិន​អាច​ស្វែងរក​ព័ត៌មាន​ពិស្តារ​ជាង​នេះ​បាន​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា នារី​រង​គ្រោះ​មានជោគ​វាសនា​បែប​ណា​ដែរ ដោយសារ​ការ​ជះ​ទឹក​អាស៊ីត​លើ​នាង​បែប​នេះ ។ ចំណែក​ជន​ដៃដល់​ជា​អតីត​គូ​ដណ្តឹង​ដែល​ស្រោច​ទឹក​អា​សុ​ី​ត​លើ​ខ្លួនឯង​ហើយ​ផឹក​ថែម​ទៀត​នោះ ក៏​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ដូច​គ្នា​ដែរ ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]