វៀតណាម៖ យុវជន២នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយត្រូវបានគេដឹងថា សុខចិត្តចំណាយលុយទិញរថយន្តកញ្ចាស់ ឬរថយន្តធន់ល្មមតម្លៃទាប ដើម្បីយកមកជួសជុល និងកែច្នៃខ្លួនឯងបន្ថែម រហូតបង្កើតបានជារថយន្តស្ព័រយ៉ាងស្រស់ស្អាត។

យុវជនវ័យក្មេងដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Vo Trung Kien កើតក្នុងឆ្នាំ១៩៩៨ (អាយុ២០ឆ្នាំ) និងម្នាក់ទៀតដែលជាបងប្រុសរបស់គេ កើតក្នុងឆ្នាំ១៩៩៣ (អាយុ២៥ឆ្នាំ មិនបង្ហាញឈ្មោះ) រស់នៅក្នុងប្រទេសវៀតណាម។

Kien

តាមប្រភពបានឲ្យដឹងថា អ្នកទាំងពីរនេះ មានក្តីស្រមៃក៏ដូចជាគំនិតចង់ធ្វើរឿងបែបនេះ តាំងពីយូរណាស់មកហើយ ប៉ុន្តែគ្រាន់តែថាពុំទាន់មានឱកាសគ្រប់គ្រាន់ ខណៈទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលពួកគេបានសម្រេចចិត្តចាប់ដៃគ្នា សាកល្បងច្នៃបង្កើតរថយន្តនេះឡើងតែម្តង។

ជាក់ស្តែង Kien ហើយនិងបងប្រុសរបស់គេ ទិញត្រឹមតែរថយន្តកញ្ចាស់ (ឡានធ្លាប់ជួបគ្រោះថ្នាក់) តម្លៃត្រឹមតែ ៣ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីយកមកជួសជុលនិងកែច្នៃបន្ថែម ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

រយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ មនុស្សដែលមិនធ្លាប់មានបទពិសោធន៍ ចំណេះជំនាញខាងគ្រឿងយន្ត (មើលតាមអ៊ីនធើណែត) ប៉ុន្តែនៅទីបំផុត Kien និងបងប្រុស ក៏នៅតែអាចច្នៃបង្កើតបានចេញជារូបរាងរថយន្តខ្មៅក្រិបយ៉ាងឡូយឆើត ដែលមិនចាញ់ទៅនឹងរថយន្តស្ព័រទំនើបៗនោះឡើយ ធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន។

រថយន្តដែលត្រូវជួសជុល និងកែច្នៃឡើងវិញ

យ៉ាងណាមិញ តាមការបញ្ជាក់ប្រាប់ពី Kien ខ្លួននិងបងប្រុសក៏បានចំណាយប្រាក់អស់ ៣ ០០០ដុល្លារបន្ថែមពីលើ សម្រាប់ទៅលើគ្រឿងបរិក្ខាឡានទាំងក្នុងនឹងក្រៅ។ ដូច្នេះសរុបជារួមការចំណាយគឺអស់ ៦ ០០០ដុល្លារអាមេរិក រហូតអាចសម្រេចកែច្នៃរថយន្តកញ្ចាស់មួយគ្រឿងនេះ ប្រែកាយទៅជារថយន្ត Supercar ឬស៊េរីរថយន្តស្ព័រ ដែលមានតម្លៃកប់ពពក បានជិះលេងយ៉ាងរំភើប។

រថយន្តដែលត្រូវជួសជុល និងកែច្នៃឡើងវិញ

គួរឲ្យដឹងផងដែរថា ក្រោយ Kien និងបងប្រុស បានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក ទាំងមុននឹងក្រោយការជួសជុលរថយន្ត រហូតសម្រេចលេចចេញជារូបរាងនេះ នៅលើបណ្តាញសង្គម ក្នុងនោះបងប្អូនប្រុសទាំងពីរនាក់នេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីគំនិតច្នៃប្រឌិតមួយនេះ។

ជាពិសេស រថយន្តមួយគ្រឿងនេះ គឺពិតជាស្អាតនិងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន រហូតមានអ្នកសុំទិញហ៊ានឲ្យតម្លៃខ្ពស់ថែមទៀតផង។

រថយន្តដែលត្រូវជួសជុល និងកែច្នៃឡើងវិញ

Kien បាននិយាយថា «ឥឡូវនេះ ខ្ញុំពិតជាស្រលាញ់ពេញចិត្តឡានរបស់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំក៏មិនមានចំណាប់អារម្មណ៍ចង់លក់វាឲ្យនរណានោះដែរ»

រថយន្តក្រោយជួសជុល និងកែច្នៃរួច
រថយន្តក្រោយជួសជុល និងកែច្នៃរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]