ជប៉ុន៖ ក្រោយប្រកាសពីការសម្រេចចិត្តព្រមប្រកួតជាមួយកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa ទើបតែបានប៉ុន្មានថ្ងៃសោះ ថ្ងៃនេះកំពូលកីឡាករប្រដាល់សកល Floyd Mayweather Jr. បែរជាប្តូរចិត្តលុបចោលការប្រកួតទៅវិញក្រោមហេតុផល "យល់ច្រឡំ" ហើយរូបគេ "មិនបានដឹងអ្វីសោះ" ពីកាផ្លាស់ប្តូរលក្ខខណ្ឌនៃការចរចារ ពេលជិះយន្តហោះទៅដល់ក្រុងតូក្យូ ដើម្បីធ្វើសន្និសីទកាសែត កាលពីចន្ទកន្លងទៅនេះ។ 

Floyd និង Nasukawa

"ដំបូងបំផុត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា Floyd Mayweather ខ្ញុំនេះមិនដែលយល់ព្រមប្រកួតជាលក្ខណៈផ្លូវការជាមួយ Tenshin Nasukawa ទេ។ តាមពិត (ដោយក្តីគោរព) ខ្ញុំមិនដែលឮឈ្មោះគេទាល់តែសោះ មុនធ្វើដំណើរមកដល់ជប៉ុនក្នុងពេលថ្មីៗនេះ។" កីឡាករលំដាប់សេដ្ឋី Floyd បញ្ជាក់ដូច្នេះ។

Mayweather បានអះអាងថា នាយកប្រតិបត្តិនៃការរៀបចំកម្មវិធី One Entertainment លោក Brent Johnson បានប្រាប់ថា វាជាការប្រកួតលម្អឆាកដោយមានបីទឹក ក្នុងរយៈពេលសរុប ៩នាទី ជាមួយកីឡាករម្នាក់ដែលជ្រើសរើសដោយស្ថាប័នក្បាច់គុនចម្រុះជប៉ុន Rizin Figthing Federation ហើយសម្រាប់តែទស្សនិកជនសម្បូរទ្រព្យមួយក្រុមតូចប៉ុណ្ណោះក្នុងតម្លៃដ៏ខ្ពស់មួយ។

Floyd និង Nasukawa

"ការប្រកួតលម្អឆាកនេះ ដំបូងឡើយត្រូវបានរៀបចំជាការប្រកួតពិសេស ក្នុងលក្ខណៈកម្សាន្តសុទ្ធសាធ និងគ្មានបំណងបង្ហាញជាការប្រកួតផ្លូវការណាមួយ ឬផ្សាយផ្ទាល់តាមទូរទស្សន៍ទូទាំងពិភពលោកឡើយ។" Floyd បន្ថែមបែបនេះ។

ជើងឯកពិភពលោកក្នុងប្រាំប្រភេទទម្ងន់ខុសៗគ្នារូបនេះបានអះអាងបន្ថែមថា រូបគេនិងក្រុមការងាររបស់ខ្លួនត្រូវបានបង្វែរទៅព្រឹត្តការណ៍ផ្សេងទៅវិញ នៅពេលមកដល់សន្និសីទកាសែតក្នុងក្រុងតូក្យូ។ ដូច្នេះយើងត្រូវតែបញ្ឈប់ភ្លាមៗ។  

Floyd ក្នុងសន្និសីទកាសែត

សរុបមក យើងអាចនិយាយថាវាមិនមែនជាកំហុសរបស់ Floyd ក៏ថាបាន ប៉ុន្តែបើមើលទៅតាមការរៀបចំការប្រកួតកន្លងមក រូបគេជាមនុស្សដែលឆ្លាតវៃសម្បើមណាស់ និងគិតល្អិតល្អន់គ្រប់ជ្រុងជ្រោយអស់ហើយ មុននឹងធ្វើការសម្រេចចិត្តប្រកួតជាមួយកីឡាករណាម្នាក់ ប៉ុន្តែមិននឹកស្មានថាលើកនេះបែរជាមានចំណុចថ្លោះធ្លោយ ហើយឆ្លើយថាមិនដឹងអីទៅវិញ។ ទោះយ៉ាងណា យើងនឹងរង់ចាំការបកស្រាយពីភាគីខាងជប៉ុនបន្ថែមទៀត៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]