ឥណ្ឌូនេស៊ី៖ ផ្ទុះការរិះគន់ និងខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាល ក៏ដូចជាមហាជនទូទៅ ក្រោយលេចឮដំណឹង និងបែកធ្លាយវីដេអូឃ្លីប ជុំវិញនឹងករណីនៃការដាក់ពិន័យដ៏ហួសហេតុ របស់នាយកសាលាបឋមសិក្សាមួយរូប នៅឯប្រទេសឥណ្ឌូនេស៊ី ដែលតម្រូវឲ្យកូនសិស្សតម្រង់ជួរជក់បារី។

ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការដាក់ពិន័យនេះត្រូវបានធ្វើឡើង ក្រោយក្រុមក្មេងៗសិស្សសាលាខាងលើនេះ ត្រូវបានគ្រូចាប់បានឃើញពួកគេជប់បារីនៅក្នុងទីធ្លាសាលា (សួន ឬបរិវេណសម្រាប់ក្មេងៗលេង) ដែលធ្វើឲ្យនាយកសាលាខឹងជាខ្លាំង។

ក្រោយមកក្រុមក្មេងដែលត្រូវបានគេដឹងថា មានអាយុប្រហែល៨ឆ្នាំ និងមានគ្នាទាំងអស់ ១១នាក់ខាងលើនេះ ក៏ត្រូវបានចាប់នាំខ្លួនចូលបន្ទប់អូហ្វីស (ការិយាល័យ) របស់នាយកសាលា។ ដំបូងឡើយ ក្រុមក្មេងទាំងអស់ភ័យបុកពោះមិនស្ទើរនោះទេ ព្រោះតែខ្លាចគ្រូសរសេរសំបុត្ររាយការណ៍ពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ ផ្ញើជូនឪពុកម្តាយរបស់ពួកគេដល់ផ្ទះ។

ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី

ខុសពីការគិត នាយកសាលាដែលត្រូវបានគេស្គាល់ឈ្មោះថា លោក Tati Maelati បែរជាឲ្យពួកគេតម្រង់ជួរ និងឲ្យបារីទៅពួកគេម្នាក់មួយដើមៗ ហើយប្រាប់ពួកគេឲ្យជក់វានៅក្នុងបន្ទប់អូហ្វីសរបស់លោកតែម្តង ដើម្បីជាការដាក់ពិន័យ ព្រោះតែលោកគិតថា ការធ្វើបែបនេះដើម្បីចង់ឲ្យក្មេងៗទាំងនេះ ញញើត រាងចាល កុំឲ្យហ៊ានធ្វើដូច្នេះទៀតនៅថ្ងៃក្រោយ និងចង់ឲ្យពួកគេដឹងពីផលប៉ះពាល់អាក្រក់ នៃឥទ្ធិពលរបស់បារី។

ប៉ុន្តែផ្ទុយទៅវិញ ការដាក់ពិន័យដ៏ចម្លែកនេះ បែរជាធ្វើឲ្យក្តៅក្រហាយបែកផ្កាភ្លើង ពីសំណាក់អាណាព្យាបាលរបស់សិស្ស និងបានទាមទារចង់ជួបនាយកសាលារូបនេះ ដើម្បីសួរនាំឲ្យដឹងរឿង ខណៈក៏មានក្រុមសកម្មជនការពារកុមារក្នុងតំបន់ រួមទាំងតំណាងរដ្ឋាភិបាលក្នុងតំបន់ ក៏បានធ្វើការប្រឆាំងតវ៉ាពីបញ្ហាដែលបានកើតឡើងនេះផងដែរ។

ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី

ស្រ្តីជាម្តាយរបស់សិស្សម្នាក់ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួនកំពុងតែពិចារណាយកកូនប្រុសរបស់ខ្លួនចេញ ឈប់ឲ្យរៀននៅសាលាបឋមសិក្សារដ្ឋមួយនេះទៀតហើយ (Pamuruyan State Elementary School 1) ។

ក្នុងនោះ ក៏មានអាណាព្យាបាលសិស្សជាច្រើនផ្សេងទៀត កើតក្តីព្រួយបារម្ភពីកូនៗរបស់ពួកគេ បន្ទាប់ពីកើតមានករណីបែបនេះកើតឡើង ហើយថែមទាំងបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងៗថា ការដាក់ពិន័យលើសិស្សបែបនេះ វាពិតជាអំពើដ៏ឃោរឃៅបំផុត។ ព្រោះជាក់ស្តែង ក្នុងនាមជាគ្រូដែលជាអ្នកផ្តល់ការអប់រំដល់សិស្ស មិនគួរធ្វើសកម្មភាពអាក្រក់បែបនេះដល់សិស្សនោះឡើយ។ គួរណាស់ត្រូវរកវិធីសាស្រ្ត ឬការដាក់ពិន័យណាដែលផ្សេងពីនេះ។

ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ កាលពីម្សិលមិញនេះ នាយកសាលា លោក Tati Maelati ក៏បានមានជំនួបប្រជុំមួយ ជាមួយនឹងអាណាព្យាបាលសិស្ស (ឪពុកម្តាយ) និងមន្រ្តីរដ្ឋាភិបាលផងដែរ។

លោក Tati Maelati នៅតែបន្តធ្វើការអះអាងដដែលៗថា ការធ្វើបែបនេះគឺជាការដាក់ពិន័យដល់សិស្ស ដើម្បីឲ្យពួកគេរាងចាលតែប៉ុណ្ណោះ។ ព្រោះក្រោយពេលជក់បារីហើយរួច លោកជឿថាក្មេងទាំងនោះនឹងមានអារម្មណ៍ថាឈឺ ឬមិនស្រួលខ្លួន ដូច្នេះពួកគេនឹងដឹងថា តើការជក់បារីនេះវាផ្តល់ផលមិនល្អអ្វីខ្លះដល់ពួកគេ។

គួរឲ្យដឹងផងដែរថា មកទល់ពេលនេះ ប្រភពពុំទាន់ទម្លាយឲ្យដឹងទេថា នឹងមានវិធានការ ឬចំណាត់ការបែបណា ជុំវិញនឹងករណីខាងលើនេះឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី
ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី
ក្មេងៗសិស្សសាលាដែលត្រូវរងពិន័យឲ្យជក់បារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]