សេអ៊ូល/សិង្ហបុរី៖ ថ្ងៃទី ៧ វិច្ឆិកា ២០១៨ សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន Grab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះអំពីកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះក្រុមហ៊ុន Hyundai Motor Company (“Hyundai”) និងក្រុមហ៊ុន Kia Motors Corporation (“Kia”) នឹងវិនិយោគទឹកប្រាក់ ២៥០ លានដុល្លារបន្ថែមទៀត ចូលទៅក្នុងក្រុមហ៊ុន Grab និងបង្កើតភាពជាដៃគូដើម្បីអនុវត្តសាកល្បងនូវកម្មវិធីយានយន្តអគ្គិសនី នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្រោមភាពជាដៃគូផ្នែកយានយន្តអគ្គិសនីក្រុមហ៊ុន Grab និងបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group នឹងកៀងគរភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មយានយន្តអគ្គិសនី មកសហការគ្នាលើវិធានការផ្សេងៗ ដើម្បីលើកកម្ពស់ការប្រើប្រាស់ និងការយល់ដឹងអំពីយានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បណ្ឌិត Youngcho Chi ដែលជានាយកផ្នែកនវានុវត្តន៍ និងជាប្រធានផ្នែកយុទ្ធសាស្ត្រ និងបច្ចេកវិទ្យារបស់សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group មានប្រសាសន៍ថា៖ 

«ក្នុងនាមជាតំបន់ ដែលប្រមូលផ្ដុំទៅដោយអ្នកប្រើប្រាស់ ដែលមានចំនួនកើនឡើងលឿនជាងគេបំផុតក្នុងពិភពលោក តំបន់អាស៊ីអាគ្នេយ៍ គឺជាទីផ្សារដ៏ធំដែលកំពុងមានសន្ទុះឡើងសម្រាប់យានយន្តអគ្គិសនី»។
រថយន្ត Grab

លោកបានបន្តថា៖ 

«តាមរយៈការឈរជើងយ៉ាងរឹងមាំនៅក្នុងតំបន់ទាំងមូល ព្រមជាមួយនឹងការពង្រីកឥតឈប់ឈរនូវមូលដ្ឋានអតិថិថិជន និងពាណិជ្ជកររបស់ខ្លួន ក្រុមហ៊ុន Grab គឺជាដៃគូដ៏មានតម្លៃ ដែលនឹងជួយពន្លឿនដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ជាដំបូង ក្រុមហ៊ុន Grab, Hyundai និង Kia នឹងដាក់ចេញជាបន្តបន្ទាប់នូវគម្រោងសាកល្បងសម្រាប់យានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្ដើមដំបូងនៅក្នុងប្រទេសសិង្ហបុរី នៅឆ្នាំ ២០១៩។ គម្រោងសាកល្បងទាំងនេះនឹងផ្ដោតលើការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីបង្កើនប្រសិទ្ធភាពនៃការចំណាយសម្រាប់ដៃគូអ្នកបើកបររបស់ Grab។ ភាពជាដៃគូផ្នែកយានយន្តអគ្គិសនីនេះ ក៏នឹងធ្វើការជាមួយនឹងភាគីពាក់ព័ន្ធក្នុងតំបន់ រួមមានរដ្ឋាភិបាល និងតួអង្គនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តអគ្គិសនី នៅក្នុងតំបន់ ដូចជាការកសាងបណ្ដាញស្ថានីយ៍សាកថាមពលលឿន ជាដើម។ ភាពជាដៃគូផ្នែកយានយន្តអគ្គិសនី ក៏នឹងពិនិត្យមើលលើការអភិវឌ្ឍន៍កញ្ចប់ថែទាំពិសេសសម្រាប់អ្នកបើកបរយានយន្តអគ្គិសនីរបស់ Grab និងធ្វើការសិក្សាស្រាវជ្រាវថា តើយានយន្តអគ្គិសនីអាចត្រូវបានប្រើប្រាស់យ៉ាងណាឲ្យមានប្រសិទ្ធភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្រោមអាកាសធាតុក្ដៅហើយសើម។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab បានមានប្រសាសន៍ថា៖ 

«ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងលើយានយន្តអគ្គិសនីច្រើនជាងគេបំផុតនៅសិង្ហបុរី យើងមានក្ដីរំភើបរីករាយក្នុងការកសាងភាពជាដៃគូជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនយើងទាំងពីរមានចក្ខុវិស័យរួមគ្នាជុំវិញការធ្វើអគ្គិសនីកម្មលើមធ្យោបាយធ្វើដំណើរ ឲ្យក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍការដឹកជញ្ជូនឲ្យមាននិរន្តរភាពផ្នែកបរិស្ថាន និងចំណាយតិច»។
ក្រុមហ៊ុន Hyundai វិនិយោគមកលើក្រុមហ៊ុន Grab

ក្រុមហ៊ុនទាំងបី ក៏នឹងរិះរកវិធីកែច្នៃយានយន្តអគ្គិសនី ដើម្បីបង្កើនប្រសិទ្ធភាពយានយន្តនេះសម្រាប់កម្មវិធីផ្ដល់សេវាធ្វើដំណើរ។

​ការវិនិយោគបន្ថែមនេះ គឺផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រដែលមានស្រាប់រវាង Grab និង Hyundai ហើយទុនវិនិយោគនេះនឹងជួយបង្កើនមូលនិធិទុនវិនិយោគរបស់ Grab ដល់ ២.៧ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ នៅពេលនេះ Grab កំពុងតែឆ្ពោះទៅរកការគៀងគរទុនឲ្យបានជាង ៣ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ។ ក្រុមហ៊ុនវិនិយោគ ដែលស្ថិតក្នុងរង្វង់ផ្ដល់ហិរញ្ញប្បទានដល់ Grab បច្ចុប្បន្ន រួមមាន Booking Holdings, Microsoft, Toyota និង គ្រឹះស្ថានហិរញ្ញវត្ថុនានានៅលើសកលលោក ដូចជា OppenheimerFunds, Goldman Sachs Investment Partners និង Citi Ventures។

ក្រុមហ៊ុន Hyundai បានវិនិយោគមកលើក្រុមហ៊ុន Grab ដំបូងនៅខែមករា ហើយក្រុមហ៊ុនទាំងពីរបានចាប់ផ្ដើមស្វែងរកកិច្ចសហការលើវិស័យយានយន្តអគ្គិសនី។ គំនិតផ្ដួចផ្ដើមរបស់ Grab លើកនេះ ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងសម្ព័ន្ធក្រុមហ៊ុនរថយន្តរបស់កូរ៉េនេះ ដោយបានបញ្ចូលក្រុមហ៊ុន Kia ផងនោះ គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីខែសីហា Grab បានប្រកាសអំពីភាពជាដៃគូមួយជាមួយនឹង ក្រុមហ៊ុន SP Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់សិង្ហបុរី ដើម្បីឲ្យយានយន្តអគ្គិសនីរបស់ខ្លួន អាចប្រើប្រាស់បណ្ដាញសាកថាមពលយានយន្តអគ្គិសនីសាធារណៈរបស់ ក្រុមហ៊ុន SP Group។

តាមរយៈការប្ដេជ្ញាចិត្តក្នុងការជំរុញនវានុវត្តន៍ ដែលនឹងជួយពង្រឹងដល់ការឈរជើងរបស់ក្រុមហ៊ុននៅក្នុងទីផ្សារដឹកជញ្ជូននាពេលអនាគត ក្រុមហ៊ុន Hyundai និង Kia បានធ្វើការវិនិយោគផ្នែកយុទ្ធសាស្ត្រជាច្រើន ទៅក្នុងអាជីវកម្មថ្មីៗ ដែលមានសក្ដានុពល។ សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group កំពុងកសាងបណ្ដាញអ្នកជំនាញផ្នែកឧស្សាហកម្មផ្សេងៗ រាប់ចាប់តាំងពីផ្នែកបច្ចេកវិទ្យាដូចជាការបើកបរដោយស្វ័យប្រវត្តិ និងប្រាជ្ញានិម្មិត រហូតដល់សេវាចែករំលែកយានជំនិះ និងកម្មវិធីស្រដៀងៗគ្នានេះ ដែលទាំងអស់នេះនឹងរួមចំណែកដល់ការលើកកម្ពស់ការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍នូវសេវាធ្វើដំណើរបែបនវានុវត្តន៍។ ស្របតាមគោលដៅរបស់ខ្លួនដើម្បីឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកដឹកជញ្ជូនស្អាត សម្ព័ន្ធក្រុមហ៊ុន Hyundai ក៏មានផែនការអភិវឌ្ឍម៉ូដែលយានយន្តបរិស្ថានមេត្រីឲ្យមានការកើនឡើងទ្វេរដង ពោលគឺឲ្យបាន ៣៨ ម៉ូដែលនៅឆ្នាំ ២០២៥។

Grab គឺជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយផ្ដល់នូវសេវាក្នុងការរស់នៅប្រចាំថ្ងៃ ដែលសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់។ សព្វថ្ងៃ កម្មវិធី Grab ត្រូវបានទាញយកទៅដំឡើងលើឧបករណ៍ចល័តចំនួនជាង ១២៥ លានគ្រឿង ដែលជួយឲ្យអ្នកប្រើប្រាស់មានលទ្ធភាពជួប អ្នកបើកបរ ពាណិជ្ជករ និងភ្នាក់ងារជាង ៨ លាននាក់ ។ ក្រុមហ៊ុន Grab មានយានយន្តដឹកជញ្ជូនតាមផ្លូវគោកច្រើនជាងគេបំផុតនៅក្នុងតំបន់ ហើយបានដឹកជញ្ជូនចំនួន ២.៥ ពាន់លានដងមកហើយ ចាប់តាំងពីក្រុមហ៊ុនបង្កើតឡើងនៅឆ្នាំ ២០១២។ បន្ថែមលើសេវាដឹកជញ្ជូនម្ហូបអាហារ និងកញ្ចប់ទំនិញ Grab ផ្ដល់សេវាដឹកជញ្ជូនតាមតម្រូវការយ៉ាងទូលំទូលាយនៅក្នុងតំបន់ ក្នុងទីក្រុងចំនួន ២៣៥ នៃប្រទេសចំនួន ៨ ។

• ក្រុមហ៊ុន Grab, Hyundai និង Kia នឹងបង្កើតភាពជាដៃគូផ្នែកយានយន្តអគ្គិសនីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងបំណងជំរុញការប្រើប្រាស់យានយន្តអគ្គសិនីនៅក្នុងតំបន់
• ក្រុមហ៊ុន Hyundai និង Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកយានយន្តរបស់សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group បានចូលរួមក្នុងវគ្គគៀងគរហិរញ្ញប្បទានរបស់ Grab នាពេលបច្ចុប្បន្ន ដែលរហូតមកទល់នឹងពេលនេះបានគៀងគរទុនបានរហូតដល់ទៅ 2.7 ពាន់លានដុល្លារ
• សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group មានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សេវាធ្វើដំណើរគ្មានផ្សែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រថយន្ត Grab

អំពី Grab

Grab ហ្គ្រេប គឺជាកម្មវិធីមួយក្នុងចំណោមកម្មវីធីទូរស័ព្ទដែលពេញនិយមបំផុត ដែលភ្ជាប់សេវាកម្មពីប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) នៅអាស៊ីអាគ្នេយ៏។ សេវាកម្មទាំងនោះមានដូចជា ការធ្វើដំណើរ ការញ៉ាំអាហារ ការដឹកជញ្ជូនឥវ៉ាន់ ហើយក៏អាចទូទាត់ប្រាក់តាមរយៈគណនីអនឡាញ។ Grab ហ្គ្រេប ជឿជាក់ថាប្រជាជននៅតំបន់ អាស៊ីអាគ្នេយ៍ទាំងអស់គួរតែទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ហើយក្រុមហ៊ុនក៏ផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូន ដែលមានតម្លៃសមរម្យ ដែលប្រកបដោយសុវត្ថិភាព ការដឹកជញ្ជូនទំនិញ និងចំណីអាហារ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ Grab ហ្គ្រេប កំពុងតែផ្តល់សេវាកម្មនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។

អំពីសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group

សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group គឺជាសាជីវកម្មលំដាប់សកលលោក ដែលបានបង្កើតចង្វាក់ផលិតកម្ម ផ្អែកលើយានយន្ត ដែកថែប និងសំណង់ ហើយរាប់បញ្ចូលទាំងផ្នែកដឹកជញ្ជូន ហិរញ្ញវត្ថុ ព័ត៌មានវិទ្យា និងសេវាផង។ ដោយមានបុគ្គលិកប្រមាណ ២៥ ម៉ឺននាក់ទូទាំងសកលលោក ម៉ាកយីហោយានយន្តរបស់សម្ព័ន្ធក្រុមហ៊ុនរួមមាន Hyundai Motor Co និង Kia Motors Corp។ តាមរយៈការរិះគិតបែបច្នៃប្រឌិត ការប្រាស្រ័យទាក់ទងបែបសហការ និងឆន្ទៈក្នុងការជំនះលើបញ្ហាប្រឈមនានា យើងខ្ញុំប្រឹងប្រែងធ្វើការដើម្បីបង្កើតអនាគតត្រចះត្រចង់សម្រាប់គ្រប់គ្នា៕

ទំនាក់ទំនង៖

Hume Brophy Grab Holdings Inc.
អ៊ីុំម៉ែល៖ [email protected]
Tel: +65 9384 0839 ទំនាក់ទំនង
Jin Cha ក្រុមទំនាក់ទំនងសកល/Hyundai Motor Group 
អ៊ីុំម៉ែល៖ [email protected] 
Tel: +82 2 3464 2128

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]