រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ដែល​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃនេះ និង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរឆក់​នោះ ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៨ បាន​ចេញផ្សាយ​នូវ​ឃ្លី​ប​វី​ដេ​អូ​មួយ​ឈុត​ស្តី​ពី​សកម្មភាព ដោយ​មិន​រង់ចាំ​ពាក្យបណ្តឹង​ជន​រង​គ្រោះ​។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

ថ្មី​ៗ​នេះ​មាន​ករណី​ឆក់​កាបូប​មួយ​កើតឡើង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​​គួរ​ឲ្យ​រន្ធត់ នា​ថ្ងៃ​ទី​២៧ តុលា ២០១៨ ម៉ោង​ប្រមាណ​៦​និង​២០​នាទី នៅ​ចំណុច​ផ្លូវ​ជាតិ​​លេខ​៦A ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ទេ តែ​៤​ថ្ងៃ​ក្រោយមក​កម្លាំង​អាវុធហត្ថ​​បានឃើញ​ព័ត៌មាន​ស្តី​ពី​ករណី​ឆក់​កាបូប​ខាងលើ​នេះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាវុធហត្ថ​ក៏​ចាត់វិធានការ​​ស្រាវជ្រាវ​ជា​បន្ទាន់ និង​តាម​វែង​រកមុខ​សញ្ញា​ក្រុម​ចោរឆក់​ទាំងនោះ​។

រហូត​ដល់​ថ្ងៃ​ទី​៣ វិច្ឆិកា សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​៣​នាក់ ១.​ឈ្មោះ សុខ ពន្លឺ ២.​ឈ្មោះ រស់ សែន​វាសនា ហៅ​មិត្ត និង​៣.​ឈ្មោះ នួន រស្មី ហៅ​តុង នៅ​ចំណុច​ភូមិ​បាក់​ខែង និង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៣​នាក់​ព្រម​សារភាព​ថា ពួក​គេ​គឺ​ពិតជា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ដែល​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​ធ្វើ​សកម្ម ភាព​តែ​៤​នាក់​ប៉ុណ្ណោះ តែ​រយៈកាល​កន្លង​មក​ក្រុម​ពួក​គេ​មាន​គ្នា​៦​នាក់​តែង​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ ដូច​ជា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A តំបន់​ព្រែក​លាប តំបន់​ផ្លូវ​លី​យ៉ុ​ង​ផាត់ តំបន់​វត្ត​ក្តី​ចាស់ ផ្លូវ​សហព័ន្ធ​រុ​ស្សី តំបន់​ស្ពាន​អាកាស​៧​មក​រា តំបន់​ក្រោម​ស្ពាន​ជ្រោ​ចង្វារ តំបន់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ និង​តំបន់​ផ្សេង​ៗ​ទៀត ។

បច្ចុប្បន្ន​ក្រៅពី​ក្រុម​ចោរ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​នេះ គឺ​នៅ​មាន​បក្សពួក​គេ​៣​នាក់​ទៀត​កំពុង​រត់គេច ១.​ឈ្មោះ សោម ពេជ្រ ហៅ​ពេជ្រ​ខ្មោច ២.​ឈ្មោះ ពេជ្រ ហៅ ពេជ្រ​តូច និង​៣.​ឈ្មោះ រិ​ទ្ធ ហៅ លឹប ។ ក្រោយ​ស៊ើបអង្កេត និង​ស្តាប់​ចម្លើយ​ជនសង្ស័យ សមត្ថ​កិច្ច​បាន​ស្វែង​ជន​រង​គ្រោះ​ដែល​ត្រូវ ក្រុម​ចោរ​ទាំងនេះ​ឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៧ តុលា មក​ដាក់​ពាក្យបណ្តឹង​បំពេញ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ក្រុម​ចោរ​ទាំងនេះ​តាម​ច្បាប់ ។

ជាមួយ​នេះ​ផង​ដែរ សមត្ថកិច្ច​កងរាជអាវុធហត្ថ​សូម​អំពាវនាវ​ដល់​មហាជន ប្រ​សិន​បានឃើញ ឬ​ស្គាល់​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​រត់គេច​ខ្លួន​ខាងលើ ជួយ​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ 017 81 81 71 ឬ​សមត្ថ​កិច្ច​ដែល​នៅ​ជិត​លោក​អ្នក ដោយ​មានការ​ធានា​រក្សា​ការ​សម្ងាត់​ជូន​ទៀត​ផង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]