អង់គ្លេស៖ ស្ត្រីវ័យចំណាស់គួរសមម្នាក់បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្រោយពីក្លាយជាអ្នកម្តាយទើបឆ្លងទន្លេបានកូនភ្លោះ៤ ក្នុងវ័យចាស់បំផុត របស់ចក្រភពអង់គ្លេស បន្ទាប់ពីពរពោះត្រឹម ៣១ អាទិត្យប៉ុណ្ណោះ (៣២ អាទិត្យ = ៨ខែ) កាលពីខែមុន។ 

លោកយាយឆ្លងទន្លេបានកូន៤

ថ្វីបើស្ថិតក្នុងវ័យ ៥០ ឆ្នាំក៏ពិតមែន ប៉ុន្តែលោកយាយ Tracey Britten ដែលមានកូនធំៗអស់ទៅហើយ៣នាក់ ព្រមទាំងចៅប្រុសស្រី៨នាក់អាយុចន្លោះ ៧ ខែដល់ ១១ ឆ្នាំផងនោះ ទើបសម្រាលបានកូនភ្លោះស្រី២នាក់ កូនស្រីម្នាក់ និងប្រុសម្នាក់ទៀត។ សូមបញ្ជាក់ថា ករណីនេះមិនចំជាកូនភ្លោះ៤ទេ។

ទោះយ៉ាងណា ម្តាយវ័យរាងជ្រេជ្រុលនេះបានរៀបរាប់ថា “វាជាអព្ភូតហេតុ” បន្ទាប់ពីខំប្រឹងមិនថាយប់ថ្ងៃស្ទើរគ្មានលោះថ្ងៃជាមួយស្វាមីតាមវិធីធម្មជាតិ ព្រោះតែប្រាថ្នាចង់បានកូនទីបួនស្ទើរស្លាប់ទៅហើយ តែអ្វីៗមិនសមបំណង លោកស្រីក៏ងាកទៅរកវិធី In Vitro Fertilization (IVF) នៅគ្លីនិកមួយក្នុងប្រទេសស៊ីពរ៍ (Cyprus)។ 

រូបឆ្លុះអេកូ

បុគ្គលិកនៅទីនោះបានចម្រាញ់យកអូវុលរបស់គាត់ ហើយចាក់បញ្ចូលដោយស្ពែមម៉ាតូសូអ៊ីតពីប្តីចំនួន៤។ ក្រោយមកមេជីវិតឈ្មោល៣ប៉ុណ្ណោះអាចត្បុលចូលបានសម្រេច ប៉ុន្តែ១ក្នុងចំណោម៣នោះបានបំបែកខ្លួនក្លាយជាកូនភ្លោះ។

លុះដល់ថ្ងៃទី ១៩ តុលា ជាពេលដែលគាត់ទៅស្គែនផ្ទៃពោះដែលទើបពរបាន ៣០ សប្តាហ៍ គ្រូពេទ្យបានឃើញទារកម្នាក់កំពុងមានបញ្ហា ហើយវាអាចប៉ះពាល់ដល់ទារកបីផ្សេងទៀត។ ដូច្នេះ គាត់បានចូលវះកាត់នៅមន្ទីរពេទ្យប្រចាំសាកលវិទ្យាល័យក្រុងឡុងដ៍ ក្រោមជំនួយពីក្រុមគ្រូពេទ្យ ៣៥ នាក់ ក្នុងសប្តាហ៍បន្ទាប់។

ក្រោយឆ្លងទន្លេបានសម្រេចភ្លាមៗ ទារកទាំងបួនដែលមិនទាន់បានជួបជុំគ្នាផងនោះ ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ និងកំពុងបំពាក់ម៉ាស៊ីនផ្សេងៗពីគ្នា ប៉ុន្តែម្តាយដ៏មានមោទនភាពនេះសង្ឃឹមអាចចេញពីមន្ទីរពេទ្យជាមួយកូនខ្ចីមួយដំប ដែលមិនទាន់បានដាក់ឈ្មោះទាំងនេះ នៅមុនថ្ងៃណូអែលខាងមុខ៕ 

លោកយាយ Tracey Britten និងកូនខ្ចី

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]