ខេត្តកណ្ដាល ៖ មុខសញ្ញា​ប្រើ​ល្បិច​បោក​ក្មេង​សិស្សសាលា ដោះ​យក​គ្រឿងអលង្ការ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ ខឹ​ម រ៉េ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់ នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ស៊ី​ធី រាជធានី​ភ្នំពេញ​។ រីឯ​កុមារី​រង​គ្រោះ​មាន​៤​នាក់ ១.​ឈ្មោះ វ៉ា​ន នី​កា អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៥ រស់នៅ​ភូមិ​ទន្លាប ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​យក​មិន​បាន​)​។ ២.​ឈ្មោះ ទិល ពិសី អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៥ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ខ្សែ​ក​ប្លា​ទី​ន​៣​ជី និង​ចិញ្ចៀន​១​ជី​)​។

៣.​ឈ្មោះ ស្រ៊ុ​ន ស៊ី​ន​តី អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៥ រស់នៅ​ភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល (​កងដៃ​ប្លា​ទី​ន​ទិញ​តម្លៃ​១០០​ដុល្លារ​)​។ និង​៤.​ឈ្មោះ លី ស្រី​វី អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៣ នៅ​ភូមិ​គុម្ពោត​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ខ្សែ​ក ប្លា​ទី​ន​១​ខ្សែ តម្លៃ​១០០​ដុល្លារ​អា​មេ​រិ​ក​)​។ នៅ​ពេល​ឃាត់ខ្លួន​សង្ស័យ សមត្ថកិច្ច​ដកហូត​បាន​សម្ភារ​មាន ម៉ូតូ​ម៉ាក ZOOMER -X ១​គ្រឿង ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១L-៨៤២០ ខ្សែ​ក​កាឡៃ​១​ខ្សែ និង​ផ្លា​កដៃ​កាឡៃ​១​វង់​។ សម្ភារ​បាត់បង់​មាន​១.​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​៣​ជី ២.​ចិញ្ចៀន​ប្លា​ទី​ន​១​ជី ៣.​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ តម្លៃ​១០០​ដុល្លារ​អា​មេ​រិ​ក និង​៤.​កងដៃ​ប្លា​ទី​ន​១​វង់​។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះជា​សិស្ស បាន​ចេញពី​សាលា រៀន​ដោយ​ជិះ​កង់​ទៅ​ផ្ទះ​រៀងខ្លួន​។ ពេល​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ជួប នឹង​ជន​ស​ង្ស័ យ​នៅ​ចំណុច​ខាងលើ ពេល​នោះ​ជន​ស​ង្ស័ យ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ម៉ូតូ​ខូច​ប្រាំង ហើយ​ក៏​ហៅ​ជន​រង​គ្រោះ​ឲ្យ​ជួយ​។ ពេល​ជន​រង​គ្រោះ​ជួយ ជនសង្ស័យ​បាន​ចាប់ផ្តើម​សួរ​ម៉ែឪ​កុមារី​រង​គ្រោះ រួច​ជនសង្ស័យ​ក៏​បាន​ប្រាប់​ថា ខ្លួន​ជា​ជាងទង ធ្វើ​មាស ធ្វើ​ប្លា​ទី​ន ហើយ​បាន​និយាយ​ជាមួយ​ម្តាយ​ឯង​រួច​ហើយ​ថា ឲ្យ​យក​ខ្សែ​ក​ពី​កូន​ទៅ​ប្តូរ​។ ដោយ​ការ​ប៉ិនប្រសព្វ​ប្រើ​ល្បិច​លួងលោម ទើប​ធ្វើ​ឲ្យ​កុមារី​៤​នាក់​ដែល​ជា​ជន​រង​គ្រោះ និង​ជា​សិស្សសាលា​ព្រម​ដោះ​ខ្សែ​ក និង​កងដៃ​ឲ្យ​ទៅ​ជនសង្ស័យ​នោះ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា គេ​ពិតជា​បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​លួងលោម ដោះ​យក​ខ្សែ​ក និង​កងដៃ​ពី​កុមារី​រង​គ្រោះ ជា​សិស្សសាលា​នោះ​មែន ជាក់ស្តែង​កាល​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៧ វិច្ឆិកា នេះ គេ​បាន និង​កំពុង​ធ្វើ​សកម្មភាព​ទៅ​លើ​កុមារី​រង​គ្រោះ ក៏​ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​នគរបាល​ល្បាត​តាម​ដងផ្លូវ ប្រទះ​ឃើញ​ឃាត់ខ្លួន​តែ​ម្តង​ទៅ​។

ជនសង្ស័យ​បន្ត​ថា កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៨ វេលា​ម៉ោង១១ និង​៣០​នាទី​ព្រឹក គេ​បាន​លួងលោម​ដោះ​យក​ខ្សែ​ក និង​ចិញ្ចៀន​ប្លា​ទី​ន ពី​សិស្សសាលា​១​លើក​។ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា លួងលោម​ដោះ​យក​កងដៃ​ប្លា​ទី​ន​១​វង់ ១​លើក និង​កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃត្រង់ រូបគេ​បាន​ប្រើ​ល្បិច​ដោះ​យក​ខ្សែ​ក​១​ខ្សែ ពី​កុមារី​សិស្សសាលា​បាន​១​លើក​ទៀត​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]