ចិន៖ បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថា្នក់ចរាចរណ៍នៅលើដងផ្លូវស្ថិតក្នុងខេត្ត សានដុង (Shandong) បានធ្វើឲ្យបុរសម្នាក់ ដេកសន្លប់បាត់បង់ស្មារតីរយៈពេលយូរជិត ១២ឆ្នាំ

អ្នកស្រី Wei និង កូនប្រុស

នៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនបន្ទាប់ពីការសន្លប់អស់ជិត១២ឆ្នាំនេះ គាត់បានឃើញទឹកភ្នែកស្ត្រីម្តាយជរារបស់គាត់ ដែលមានវ័យ៧៥ឆ្នាំ ទ្រហូរយំដោយសារការរំភើបពេលឃើញកូនដឹងខ្លួន បន្ទាប់ពីការស៊ូទ្រាំមើលថែរូបគេទាំងយប់ទាំងថ្ងៃអស់ជាង ១០ឆ្នាំមកនេះ។

អ្នកស្រី Wei Mingying ជាម្តាយបង្កើតរបស់បុរសខាងលើ បានចំណាយពេលសឹងតែមួយជីវិតរបស់គាត់ហើយ ក្នុងការមើលថែបីបាច់កូន។

យោងតាមសម្តីរបស់ស្ត្រីវ័យចំណាស់ដែលជាម្តាយបាននិយាយប្រាប់សារព័ត៌មានថា "ក្រុមគ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់, ក្រខ្លាំងមែនទែន"។ 

ពេលខ្លះខ្ញុំសុខចិត្តអត់ទ្រាំអត់ឃ្លានជិតមួយខែពេញមិនហ៊ានទិញអ្វីហូបផ្តេសផ្តាសទេ ព្រោះដោយសារខ្ញុំត្រូវសន្សំលុយទិញថ្នាំ និងមើលថែសុខភាពឲ្យកូនរបស់ខ្ញុំ។ មកដល់ពេលនេះ ខ្ញុំជំពាក់បំណុលគេសរុប ១២០,០០០យ័ន (ស្មើនឹង ១៧,២៩៧ ដុល្លារ) ដើម្បីយកលុយទាំងអស់ទៅទិញថ្នាំឲ្យកូនដែលកំពុងឈឺធ្ងន់។

អ្នកស្រី Wei

ចំណែកបុរសដែលកំពុងឈឺធ្ងន់នេះវិញ មានឈ្មោះថា Wang Shubao មានអាយុ៣៦ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក្នុងប្រទេសចិនតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ 

ឯឪពុករបស់ជនរងគ្រោះទៀតសោត ក៏បានស្លាប់តាំងតែពីរូបគេនៅតូច អីចឹងហើយកាតព្វកិច្ច និងទុក្ខធុរៈតូចធំ ត្រូវធ្លាក់មកលើម្តាយទាំងស្រុង។

ជារៀងរាល់ថ្ងៃ អ្នកស្រី Wei ភ្ញាក់ពីដំណេកនៅម៉ោង៥ព្រឹក។ មិនទាន់បានទាំងងូតទឹកខ្លួនឯងផង អ្នកស្រីបានយកកន្សែងទៅជូតមុខ ដុសខ្លួន បញ្ចុកបាយកូនមុនបាត់ទៅហើយ។ អ្នកស្រីបានធ្វើអ្វីៗសព្វគ្រប់ដើម្បីបំពេញចិត្តកូនប្រុសដែលកំពុងឈឺ ទាំងមិនដែលពោលពាក្យរអ៊ូរទាំមួយម៉ាត់ណាឡើយ

ក្នុងអំឡុងពេលនៃការឈឺរបស់កូនប្រុស អ្នកស្រី Wei ស្រកអស់២០គីឡូក្រាម ដោយសារការបង្អត់ចំណីខ្លួនឯង ដើម្បីសន្សំលុយទុកទិញថ្នាំឲ្យកូនប្រុសនេះ។ 

ឥឡូវនេះអ្នកស្រីមានទម្ងន់ត្រឹមតែ៣០គីឡូប៉ុណ្ណោះ ប៉ុន្តែការលះបង់នេះបានធ្វើឲ្យស្ត្រីវ័យចំណាស់ម្នាក់នេះសប្បាយចិត្តខ្លាំងមែនទែន បន្ទាប់ពីបានឃើញស្នាមញញឹមកូនប្រុសម្តងទៀត នៅពេលគេដឹងខ្លួនពីការសន្លប់ស្មារតីអស់ជិត១២ឆ្នាំ។

អ្នកស្រីបានបន្តថា "ខ្ញុំនឹងមិនទៅណាចោលកូនប្រុសរបស់ខ្ញុំឡើយ។ ហើយក៏សង្ឃឹមថា ក្នុងថ្ងៃណាមួយ គេនឹងអាចហៅខ្ញុំថា ម៉ែ ម្តងទៀត"។

គួរបញ្ជាក់ថា មកទល់ឥឡូវនេះ អ្នកជំងឺមិនទាន់អាចនិយាយឆ្លងឆ្លើយ ឬ ធ្វើចលនាអ្វីបាននៅឡើយ។ យ៉ាងណាមិញ គេអាចឮសម្តីម្តាយសួរ និងញញឹមដាក់ម្តាយវិញជាសញ្ញាមួយបញ្ជាក់ពីការឆ្លើយតប៕

ខាងក្រោមនេះជារូបថតរបស់អ្នកស្រី Wei  និង កូនប្រុស៖

អ្នកស្រី Wei និង កូនប្រុស
អ្នកស្រី Wei និង កូនប្រុស
អ្នកស្រី Wei និង កូនប្រុស
តំបន់អ្នកស្រីស្នាក់នៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]