អាមេរិក៖ ថ្មីៗនេះ អ្នកស្រាវជ្រាវពីររូបនៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត M.I.T ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានលើកឡើងនូវវិធីសាស្ត្រដ៏លម្អិតមួយ ក្នុងបំណងឱ្យមនុស្សភពផ្សេងក្នុងចក្រវាលដ៏ធំល្វឹងល្វើយបានដឹងថាមនុស្សយើងកំពុងមានវត្តមានលើផែនដីនេះ ដោយប្រើបច្ចេកវិទ្យាបាញ់ពន្លឺឡាស៊ែរយក្សទៅក្នុងលំហ។ នេះបើតាមសារព័ត៌មាន DailyMail របស់ចក្រភពអង់គ្លេស។

រូបតំណាងការបាញ់ឡាស៊ែរឱ្យមនុស្សភពផ្សេងឃើញ

មហាកាំរស្មីនេះនឹងត្រូវបាញ់ពីកែវយឹតដ៏ធំ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអវកាសយានិកភពផ្សេង (ប្រសិនបើមានមែន) ក្នុងកម្រិតដែលយើងអាចនិយាយបានថាជា "ពន្លឺពិលរបស់ផែនដី" ហើយគេអាចឃើញពន្លឺនេះពីចម្ងាយ ២០,០០០ ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩,៤៦០,៧៣០,៤៧២,៥៨០.៨ គីឡូម៉ែត្រ)។

គួរបញ្ជាក់ថា ក្នុងអត្ថបទចុះផ្សាយក្នុងទិន្នានុប្បវត្តិតារា-រូបសាស្ត្រ Astrophysical Journal (ApJ) ក្រុមស្រាវជ្រាវនេះបានរៀបរាប់ពីវិធីដែលកាំរស្មីកម្លាំង ១-២ មេហ្គាវ៉ាត់ អាចបាញ់ទៅក្នុងលំហតាមរយៈកែវយឹតប្រវែង ៣០-៤៥ ម៉ែត្រ ដើម្បីបង្កើតកាំពន្លឺវិទ្យុសកម្មអាំងប្រា ពីប្រព័ន្ធកម្រិតខ្ពស់ខ្លាំងដែលអាចឱ្យពូជសាសន៍បញ្ញាខ្ពស់ដទៃ មិនច្រឡំគ្នារវាងពន្លឺនេះជាមួយពន្លឺព្រះអាទិត្យ។

លោក James Clark ម្ចាស់សំណេរនិងជានិស្សិតថ្នាក់ក្រោយឧត្តមសិក្សានៅដេប៉ាតឺម៉ង់អាកាសចរណ៍ និងលំហអាកាសវិទ្យា បានរៀបរាប់ថា ពេលជីវិតក្រៅភពផែនដីដែលរស់នៅក្នុងប្រព័ន្ធក្បែរៗនេះទទួលបានសញ្ញាភ្លាម យើងក៏អាចប្រើបច្ចេកវិទ្យានេះដើម្បីបញ្ជូនសារខ្លីៗទៅពួកគេផងដែរ។ "ប្រសិនបើយើងអាចជោគជ័យក្នុងការរាក់ទាក់ ហើយចាប់ផ្តើមទំនាក់ទំនងគ្នា នោះយើងអាចបញ្ចាំងសារជាពន្លឺក្នុងកម្រិតទិន្នន័យប្រហែល ២០០-៣០០ ប៊ីត/វិនាទី ដែលអាចទៅដល់ពួកគេក្នុងរយៈពេលត្រឹម ២-៣ ឆ្នាំប៉ុណ្ណោះ។"  

កែវយឹតនៅឈីលី និងរូបផ្កាយ Proxima Centauri

យោងតាមក្រុមដដែល ប្រព័ន្ធនេះអាចនឹងត្រូវបង្កើតដោយបច្ចេកវិទ្យាដែលមានសព្វថ្ងៃស្រាប់ ហើយឧបករណ៍ដែលគេត្រូវការ អាចនឹងត្រូវបង្កើតឆាប់ៗ។ លោក Clark បញ្ជាក់បន្ថែមថា "វាជាគម្រោងដ៏ពិបាក ប៉ុន្តែមិនមែនមិនអាចទៅរួចនោះទេ"។

កាំរស្មីកម្លាំង ២ មេហ្គាវ៉ាត់ដែលនឹងត្រូវបាញ់ពីកែវយឹតប្រវែង ៣០ ម៉ែត្រ អាចត្រូវបានមើលឃើញយ៉ាងច្បាស់ពីផ្កាយ Proxima Centauri b ដែលមានចម្ងាយពីផែនដី ៤ ឆ្នាំពន្លឺ ខណៈឡាស៊ែរកម្លាំង ១ មេហ្គាវ៉ាត់ អាចត្រូវបានចាប់សញ្ញាបានយ៉ាងងាយពីប្រព័ន្ធផ្កាយយក្ស Trappist-1 ដែលស្ថិតនៅចម្ងាយ ៤០ ឆ្នាំពន្លឺ ហើយកាំរស្មីទាំងពីរអាចបញ្ជូនសញ្ញាទៅដល់ចម្ងាយ ២០,០០០ ឆ្នាំពន្លឺឯណោះ។

ទោះយ៉ាងណា ប្រព័ន្ធដ៏អស្ចារ្យដូច្នេះមិនមែនគ្មានហានិភ័យនោះទេ។ ថ្វីបើគេមិនអាចមើលឃើញកាំរស្មីនេះដោយភ្នែកទទេមែន ប៉ុន្តែកាំពន្លឺអាចបង្កការរំខានដល់ឧបករណ៍យានអវកាសដែលបើកកាត់វា ឬប៉ះពាល់ដល់ភ្នែកមនុស្សប្រសិនបើបែរមកមើលចំត្រង់ៗតែម្តង។ "បើសង់ឧបករណ៍នេះនៅទីតាំងដ៏ឆ្ងាយមួយលើឋានព្រះចន្ទដែលគ្មានមនុស្សរស់នៅ ឬគ្មានយានអវកាសហោះកាត់ច្រើន នោះវាអាចជាកន្លែងដែលមានសុវត្ថិភាពជាង។" អ្នកស្រាវជ្រាវបានឱ្យដឹងដូច្នេះ។

រូបតំណាងប្រព័ន្ធផ្កាយយក្ស Trappist-1

"ជារួម វាជាការសិក្សាដែលអាចទៅរួច។ មិនថានេះជាគំនិតល្អឬអត់ទេ តែវាជាការពិភាក្សាសម្រាប់កិច្ចការនៅថ្ងៃអនាគត។" យ៉ាងណាមិញ បើចង់ប្តូរតួនាទីបញ្ច្រាសមកវិញ ដោយឱ្យមនុស្សយើងជាអ្នកស្វែងរកសញ្ញានៃកាំពន្លឺប្រភេទនេះពីក្នុងលំហ យើងច្បាស់ជាពិបាកក្នុងការស្វែងរក ព្រោះបច្ចេកវិទ្យាបច្ចុប្បន្នមិនទាន់ទំនើបគ្រប់គ្រាន់ឡើយ។ 

ដោយឡែក អ្នកជំនាញរបស់អង្គការណាសា បាននិយាយថា មនុស្សយើងនឹងអាចរកឃើញមនុស្សឬជីវិតភពផ្សេងក្នុងរយៈពេល ២០ ឆ្នាំទៀត។ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ថាតើភាវរស់ទាំងនោះជាមិត្តឬសត្រូវប្រសិនបើបានជួបគ្នាមែននោះ៕

រូបតំណាងប្រព័ន្ធផ្កាយយក្ស Trappist-1 និងភពផ្សេងៗ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]