រាជធានី​ភ្នំពេញ ៖ សាច់ញាតិ​របស់​បុរស​ទៅ​បង់សំណាញ់​ហើយ​បាន​លង់ទឹក​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ដៃទន្លេ​សាប ក្បែរ​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាត់​មួយ​យប់​ទើប​ប្រទះ​ឃើញ​សព​អណ្តែត​ឡើង​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

សព​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​​​នៅ​កន្លែងធ្វើការ​ក្នុង​កោះ​ពេជ្រ មានស្រុក​កំណើត​នៅ​ភូមិ​អូ​រំ​ចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មាន​ប្រពន្ធ​ឈ្មោះ ស្រី​អូន មានកូន​ស្រី​ម្នាក់​ទើបតែ​អាយុ​២​ខួប ។

បើ​តាម​បងប្អូន​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ បន្ទាប់​ពី​ចប់​ម៉ោង​ការងារ​ជន​រង​គ្រោះ​បាន​ឆ្លៀត​ទៅ​បង់សំណាញ់​យក​ត្រី​ដើម្បី​យក​មក​ធ្វើ​ម្ហូប​ដោយ​មាន​គ្នា​បី​នាក់​ប្អូន​ៗ លុះ​ពេល​បង់​ត្រី​បាន​ខ្លះ​ហើយ ជន​រង​គ្រោះ​បាន​នាំ​គ្នា​ហែល​ទឹក​មក​ត្រើយ​ខាងលិច​ដោយ​យក​សំណាញ់​រុំ​ជាប់​នឹង​ខ្លួន ខណៈ​ហែល​ជិត​ដល់ត្រើយ​ហើយ​ក៏​បាន​ទាក់​នឹង​សំណាញ់​ហែល​លែង​រួច​ទើប​លិច​ចូល​ក្នុង​ទឹក​បាត់​ទៅ ។

សាក្សី​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​ប្អូន​ៗ​ក៏​ស្រា​វ៉ា​ជួយ​តែ​ចាប់​មិន​ទាន់​ហូរ​តាម​ទឹក​បាត់​តែម្តង ទោះបីជា​ជួល​ខ្មែរ​អ៊ី​ស្លា​ម​ដែល​ជា​ក្រុម​អ្នក​រាវរក​សព​ទាំង​យប់​ក៏​នៅ​តែ​រក​មិនឃើញ​ទេ រហូត​មក​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​បងប្អូន​ក៏​មក​រក​មើល​ម្តងទៀត ស្រាប់តែ​ឃើញ​សព​អណ្តែត​ឡើង​ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

បន្ទាប់​ពី​ប្រទះ​ឃើញ​សព​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]