ខេត្តពោធិ៍សាត់៖ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសកម្ពុជា បានឧបត្ថម្ភរនាំងសុវត្ថិភាពចំនួន ២០០ រនាំងកាលពីថ្ងៃសៅរ៍ ដល់សាលារៀនចំនួន ៥០ កន្លែងនៅតាមបណ្ដាខេត្តនានានៅតាមបណ្ដោយផ្លូវជាតិលេខ ៥ និងលេខ ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាពរបស់សិស្សជាង ៥០,០០០ នាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។

ព្រឹត្តិការណ៍ឧបត្ថម្ភរនាំងសុវត្ថិភាពនេះ បានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធទិវាពិភពលោកលើកទី ១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ និងសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ 

«ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម»។

សម្ដេចក្រឡាហោម បានបន្តទៀតថា៖

«ទាំងនេះបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ»។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភរនាំងសុវត្ថិភាព

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺដើរស្របទៅនឹងការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារៗ ហើយរនាំងសុវត្ថិភាពទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតមានចំពោះសិស្សានុសិស្ស។

លោក Nutman បានថ្លែងថា៖

«គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន»។

លោក បានបន្លែមទៀតថា៖ 

«ការឧបត្ថម្ភរនាំងសុវត្ថិភាពនាថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយនឹងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេសគឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូច ដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។ ក្នុងនាមជាក្រុមហ៊ុន ដែលបានទទួលការទុកចិត្តពីអតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជាជឿជាក់ថា កុមារគឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយការគាំពារ និងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារ គឺស្មើនឹងការការពារដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាពនៃប្រទេសកម្ពុជាដូច្នោះដែរ»។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភរនាំងសុវត្ថិភាព

សាលារៀនចំនួន ៥០ កន្លែងទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈការសិក្សាផ្អែកលើទិន្នន័យពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ ៥ និងលេខ ៦ នៅតែមានការប្រឈមខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវធំ ពេលទៅមកសាលារៀន។ ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ទូទាំងប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការជាមួយ រាជរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អ្នកតស៊ូមតិផ្នែកសុវត្ថិភាពចរាចរណ៍ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក SAFE STEPS ដែលមានកម្រងវីដេអូ និងឯកសារអប់រំជាច្រើនទៀត ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

សម្រាប់វីដេអូស្ដីពីកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក SAFE STEPS ជាភាសាខ្មែរ សូមចុចលើតំណភ្ជាប់នេះ៖https://www.youtube.com/playlist?list=PLfgh_r8gbf65NKp8aEGS1lKB1mgdF143j

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភរនាំងសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]