អាមេរិក៖ លោក John Chhan និងប្រពន្ធលោកឈ្មោះ Stella បានបើកហាងលក់នំដូណាត់នៅទីក្រុង Seal Beach រដ្ឋកាលីហ្វញ៉ាជាង ៣០ឆ្នាំរហូតដល់ថ្មីៗនេះ ប្រពន្ធរបស់លោកមានជំងឺប៉ោងសរសៃឈាមអាក់ទែ ដូច្នេះអតិថិជនជាច្រើននៅតំបន់នោះតែងតែជួយទិញនំរាល់ព្រឹក ដើម្បីឲ្យលោកបានឆាប់បានមើលថែភរិយារបស់លោក។

យោងតាមប្រភពពី CBS បានរាយការណ៍ថា ប្តីប្រពន្ធមួយគូនេះគឺជាជនភៀសខ្លួនមកពីប្រទេសកម្ពុជា និងបានមកដល់ទីក្រុងនេះក្នុងឆ្នាំ ១៩៧៩ ហើយក្រោយមក ពួកគាត់ទាំងពីរនាក់ក៏បានលក់នំដូណាត់នៅមហាវិថីប៉ាស៊ីហ្វិកមកទល់ពេលនេះ។

ភ្ញៀវចូលទិញនំដូណាតរបស់លោក Chhan

បច្ចុប្បន្ននេះ ប្រពន្ធគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថានភាពជំងឺមិនល្អនោះទេ ដូច្នេះលោក Chhan ចង់ចំណាយពេលច្រើននៅជាមួយប្រពន្ធលោក។

លោក Chhan បាននិយាយថា នៅពេលលោកលក់នំអស់ លោកត្រូវប្រញាប់ទៅមើលថែប្រពន្ធ។ ពេលនេះនាងអាចនិយាយបាន សរសេរបានហើយ...ថែមទាំងកំពុងព្យាយាមហូបបានខ្លះៗ។

បន្ទាប់ពីដឹងស្ថានភាពប្តីប្រពន្ធមួយគូនេះរួចមក  មានមនុស្សជាច្រើនតែងតែទៅទិញនំដូណាត់ជាច្រើនប្រអប់រៀងរាល់ព្រឹកដើម្បីឲ្យគាត់ឆាប់បានបិទហាង និងអាចទៅមើលថែប្រពន្ធរបស់គាត់។

មានអតិថិជនខ្លះបានផ្តល់គំនិតចង់បង្កើតគណនី GoFundMe ដើម្បីរៃអង្កាសប្រាក់ជួយលោក ប៉ុន្តែលោកបដិសេធមិនទទួល លោកគ្រាន់តែនិយាយថា អ្វីដែលលោកត្រូវការគឺគ្រាន់តែចង់ចំណាយពេលវេលាច្រើននៅជាមួយប្រពន្ធរបស់លោកប៉ុណ្ណោះ។

វាពិតជារឿងដ៏ល្អណាស់ដែលមនុស្សចេះជួយយកអាសារគ្នាបែបនេះ ហើយមានភ្ញៀវម្នាក់បាននិយាយថា "យើងត្រូវការមនុស្សបែបនេះច្រើនដើម្បីជួយអ្នកដែលខ្វះខាត និងត្រូវការជំនួយ"។

អុ្នកខ្លះទៀតក៏បានជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយទៀតដើម្បីជំរុញឲ្យមនុស្សគ្រប់គ្នាជួយទិញនំគាត់ឲ្យឆាប់អស់។ ដូច្នេះមានភ្ញៀវជាច្រើនជួយទិញនំគាត់ ហើយលោក Chhan អាចបិទហាងគាត់ត្រឹមម៉ោង ៨ព្រឹក រួចអាចទៅមើលប្រពន្ធគាត់នៅមន្ទីរពេទ្យភ្លាមៗបាន៕

រូបភាពបង្ហាញថាលោក Chhan លក់នំអស់
រូបភាពពីអតិថិជនរបស់លោក Chhan

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]