អាមេរិក៖ កំពូលកីឡាករប្រដាល់សកលស្តេចឌឺដែលមិនធ្លាប់ស្គាល់រសជាតិចាញ់របស់សហរដ្ឋអាមេរិក Floyd Mayweather Jr. នឹងទៅប្រកួតជាមួយកីឡាករប្រដាល់សេរី Tenshin Nasukawa នៅយប់ឆ្លងឆ្នាំសកលខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីនៃប្រទេសជប៉ុន។

Floyd និង Nasukawa

អត្តពលិកវ័យ ៤១ ឆ្នាំ ដែលរកប្រាក់ចំណូលច្រើនលំដាប់លេខ១ ពិភពលោករូបនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន បន្ទាប់ពីចុះហត្ថលេខាផ្សព្វផ្សាយឱ្យក្រុមហ៊ុនក្បាច់គុនចម្រុះ RIZIN។

គួរឱ្យដឹងថា Mayweather មិនធ្លាប់ប្រកួតក្នុងសង្វៀនក្បាច់គុនចម្រុះម្តងណាទេ ហើយទម្រង់នៃការប្រកួតជាមួយកីឡាករជប៉ុន Nasukawa ក៏មិនទាន់បញ្ជាក់ច្បាស់នៅឡើយដែរ។  

"ខ្ញុំចង់ធ្វើអ្វីថ្មីៗខុសពីអ្វីដែលធ្លាប់ធ្វើ។ ខ្ញុំចង់បង្ហាញជំនាញខ្លួនឯងនៅក្រៅទឹកដីអាមេរិក និងចង់ប្រឡូកក្នុងការប្រកួតពិសេស។ ខ្ញុំចង់ផ្តល់នូវអ្វីដែលទស្សនិកជនចង់ទស្សនា គឺឈាម ញើស និងទឹកភ្នែក។" ម្ចាស់ជើងឯកក្នុង ៥ ប្រភេទទម្ងន់ខុសៗគ្នា និងមានរហស្សនាម The Money បានបញ្ជាក់ដូច្នេះ។

ដោយឡែកកីឡាករជប៉ុន Nasukawa ដែលមានវ័យ ២០ ឆ្នាំ ធ្លាប់ប្រកួតបាន ២៧ ដងក្នុងកម្មវិធីប្រដាល់សេរី (ស្រដៀងនឹងគុនខ្មែរដែរ តែជប៉ុនមិនប្រើកែងទេ) និង ៤ ដងក្នុងកម្មវិធីក្បាច់គុនចម្រុះ ហើយមិនធ្លាប់ចាញ់ឬស្មើសូម្បីម្តង។

ទោះយ៉ាងណា លក្ខន្តិកៈនិងប្រភេទទម្ងន់នៃការប្រកួតនឹងត្រូវបញ្ជាក់ច្បាស់ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។  

ំMcGregor និង Floyd

គួរបញ្ជាក់ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងបន្ទាប់ពីប្រធានស្ថាប័ន UFC គឺលោក Dana White បានបោះសម្តីធ្ងន់ៗ និងហៅកីឡាករដែលធ្លាប់ឈ្នះស្តេចប្រដាល់ហ្វ៊ីលីពីន Manny Pacquiao ឱ្យមកប្រកួតក្នុងស្ថាប័នរបស់ខ្លួនតែប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]