(កំពង់ធំ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានបញ្ជាក់ថា គិតរហូតដល់ល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សិស្សអនុវិទ្យាល័យពង្រ ស្រុកស្ទោង ខេត្តកំពង់ធំ បានដួលសន្លប់ចំនួន៤៨នាក់ ក្នុងករណីពុលអាហារ ដោយសារតែពុលបាយ និងទឹកលក់ក្នុងសាលា។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ សិស្សានុសិស្សទាំង៤៨នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយក្នុងនោះ មានសិស្សខ្លះមានអាការៈ បានធូរស្រាលជាបណ្ដើរៗហើយ។

នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព ជំងឺដល់សិស្សានុសិស្សដែលពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង និងបានឧបត្ថម្ភជាទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ។

លោក សុខ លូ បានបញ្ជាក់ថា «ពេលនេះសិស្សានុសិស្សចំនួន៤៨នាក់ ក៏បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីគាត់បានមកចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង តាំងពីម៉ោង៩រហូត មកដល់ម៉ោង៥នេះ»។

ជាមួយគ្នានោះ លោក សុខ លូ បានអំពាវនាវទៅដល់អ្នកគ្រូ លោកគ្រូ ក៏ដូចជាដល់អាជីវករលក់ នៅក្នុងអនុវិទ្យាល័យពង្រ ត្រូវតែពិនិត្យមើលអាហារឲ្យបានត្រឹមត្រូវ មុននឹងលក់ឲ្យសិស្សបរិភោគ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]