ហ្វីលីពីន៖ លោក Cristito Quimado អាយុ៥១ឆ្នាំ មានមុខរបរជាអ្នករើសសម្រាមម្នាក់ក្នុងប្រទេសហ្វីលីពីន និងជាឪពុកល្អមួយរូបសម្រាប់កូនៗ៤នាក់ទៀត។ ទោះបីជាគាត់គ្មានអ្វីផ្តល់ឲ្យពួកគេគ្រប់គ្រាន់ដូចឪពុកដទៃ តែចិត្តស្មោះត្រង់ និងការតស៊ូរបស់លោក Cristito បានធ្វើឲ្យពិភពលោកស្ងើចសរសើរនូវទង្វើល្អរបស់លោកយ៉ាងខ្លាំង។ គាត់ត្រឹមជាអ្នករើសសម្រាម ប៉ុន្តែគាត់អាចតស៊ូចិញ្ចឹមកូនៗឲ្យមានឱកាសបានរៀនសូត្រគ្រប់ៗគ្នា។ រហូតដល់ឥឡូវនេះកូនស្រីច្បងប្រចាំគ្រួសារ Cristito ទើបតែរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីចំណីអាហារផងដែរ។

រូបភាពលោកCristito និងកូនស្រី

ដោយសារប្រទេសហ្វីលីពីនជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះវាមិនងាយស្រួលទេ នៅពេលដែលអ្នករើសសម្រាមម្នាក់អាចមានលទ្ធភាពចិញ្ចឹមកូនៗឲ្យបានរៀនដល់ថ្នាក់បរិញ្ញាបត្រ។ ហេតុនេះហើយប្រាក់កាក់ដែលគាត់រកបានក្នុងមួយថ្ងៃៗ ត្រូវបែកចែកឲ្យបានម៉ត់ចត់ជាទីបំផុតទៅតាមកាលៈទេសៈតម្រូវការគ្រួសារ និងម្ហូបអាហារប្រចាំថ្ងៃ។

ជារៀងរាល់ថ្ងៃ ម៉ោង៣ព្រឹកមិនទាន់ទេ បុរសវ័យ៥១ឆ្នាំនេះញាប់ដៃញាប់ជើងក្រោកឡើងពីដំណេក ដើម្បីរៀបចំប្រដាប់ប្រដាចេញទៅរើសសម្រាមហើយ។ មិនតែប៉ុណ្ណោះ គាត់បានកំណត់ថានៅវេលាម៉ោង៤ត្រឹម គាត់ត្រូវប្រាកដថាខ្លួនបានចេញពីផ្ទះទៅរើសសម្រាមក្នុងទីក្រុង។ ពេលខ្លះសំណាង គាត់ត្រូវបានគ្រួសារអ្នកមានឲ្យនំចំណី និងម្ហូបអាហារទៅផ្ទះវិញ។ 

តាមប្រសាសន៍របស់លោក Cristito បាននិយាយថា “ ការងាររបស់ខ្ញុំមិនងាយស្រួលដូចដែលអ្នកទាំងអស់គ្នាគិតទេ។ ខ្ញុំត្រូវរ៉ាប់រងសម្រាមទាំងអស់ដែលមាននៅក្នុងប្លុកដែលខ្ញុំរើស ហើយវាពិតជាញឹកញាប់មែនទែន ដែលខ្ញុំត្រូវឈឺចាប់ជាមួយនឹងការជាន់សំបកអំបែងកែវដែលគេបោះចោល។ តែការឈឺចាប់នេះ មិនបានធ្វើឲ្យខ្ញុំចុះចាញ់ទេ ពីព្រោះខ្ញុំធ្វើវាដើម្បីគ្រួសារ និង កូនៗរបស់ខ្ញុំ" 

រូបភាពលោកCristito និងកូនស្រី

គួរបញ្ជាក់ថា ការចេញទៅរើសសម្រាមពីព្រលឹមដល់ព្រលប់នេះ លោក Cristito រកបានប្រាក់មិនដល់១០ដុល្លារផងក្នុងមួយថ្ងៃ។ ប៉ុន្តែបុរសចំណាស់នេះមិនបានធ្វើឲ្យញើសឈាមដែលគាត់រកបានយ៉ាងលំបាកនេះ រសាត់បាត់ដោយអសារបង់ទេ។ គាត់បានដកលុយមួយចំនួួនដែលគាត់រកបានក្នុងមួយថ្ងៃៗនោះទៅសន្សំដើម្បីបង់ថ្លៃសាលារបស់កូនស្រី និងសល់បន្តិចបន្តួចសម្រាប់ទំនុកបំរុងជីវភាពគ្រួសារប្រចាំថ្ងៃ។

លោក Cristito បាននិយាយទាំងទឹកភ្នែកថា “ ចំនេះវិជ្ជាគឺជាផ្លូវមួយដែលខ្ញុំអាចចាកចេញពីកូនខ្ញុំបាន ទោះបីថ្ងៃអនាគតទៅខ្ញុំមិនអាចនៅមើលថែពួកគេបន្ត ក៏ពួកគេអាចមើលថែខ្លួនឯងបានដោយការពឹងផ្អែកលើចំណេះវិជ្ជានេះដែរ”។ 

ក្រឡេកមកមើលកូនស្រីច្បងរបស់លោក Cristito ដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីចំណីអាហារដោយជាប់អាហារូបករណ៍វិញបាននិយាយថា “ ខ្ញុំត្រេកអរខ្លាំងមែនទែន នៅពេលដែលឪពុករបស់ខ្ញុំមានឱកាសបញ្ជូនខ្ញុំទៅសាលារៀនដូចក្មេងដទៃ”។ នាងបន្តថា “ ខ្ញុំទទួលស្គាល់ថាគាត់រកកម្រៃចូលគ្រួសារបានតិច តែគាត់ក៏មិនបានទៅឆក់ប្លន់ទ្រព្យសម្បត្តិអ្នកណាមកប្រើប្រាស់ដែរ វាសុទ្ធតែជាញើសឈាមរបស់គាត់ទាំងស្រុង”។ 

ខ្ញុំពិតជាអរគុណដល់ព្រះជាម្ចាស់ណាស់ដែលបានប្រទានឪពុកល្អម្នាក់នេះឲ្យមកខ្ញុំ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]