(ភ្នំពេញ)៖ ពិតជារឿងមួយថ្មីចែសទៀតហើយ សម្រាប់អ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈ ខណៈដែលស្រីស្រស់ រ៉ាប៊ី ម្ចាស់បទ «លុយ លុយ លុយ» បានព្រលយនូវពាក្យពេចន៍ គួឲ្យចាប់អារម្មណ៍ថា ទោះបីជាមានបុរសអ្នកមានរូបណា ដែលចូលចិត្តប្រើលុយ ឡាន ឬវីឡា ធ្វើជាអន្ទាក់ស្នេហ៍អន្ទងចិត្តរបស់នាង ឲ្យលងលក់ ឬព្រមទទួលយកធ្វើជាម្ចាស់ចិត្តនោះ គឺស្រីស្រស់រូបនេះ មិនចង់បានជាដាច់ខាត ព្រោះនាងគិតថា នេះជាល្បែងស្នេហាដ៏គ្រោះថ្នាក់មួយ និងគ្មានសុភមង្គលឡើយ នៅថ្ងៃអនាគត។

ការព្រលយបែបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះតែបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានតារាខ្មែរជាច្រើនដួង ជាពិសេសនារីៗ តែងតែពើបប្រទះ នូវស្នេហាផ្ដើមចេញពីលុយ ឡាន និងវីឡា នេះឯង ព្រោះពួកគេខ្លះបានសម្រេចចិត្តជ្រើសរើសយក ការធ្វើជាស្រីកំណាន់លួចលាក់ របស់អ្នកមានទ្រព្យស្តុក ហើយយកការងារសិល្បៈ ជារបាំងការពារ ខណៈដែលរឿងរ៉ាវស្នេហារបស់អ្នកសិល្បៈ និងបុរសអ្នកមានទ្រព្យ មានឋានៈធំ ត្រូវបានគេប្រមើលមើល៍ថា ជារឿងសាមញ្ញធម្មតាៗទៅហើយ។

ដោយឡែក សម្រាប់តារាចម្រៀងវ័យក្មេង ម្ចាស់បទ «មាន់ស្រែ» ស្រីស្រស់ រ៉ាប៊ី ឯណេះវិញ បានទទួលស្គាល់ថា រហូតមកដល់ពេលនេះ មានទាំងប្រុសក្មេង ប្រុសចាស់ ប្រុសសក់ល្បាយអាចម៍ខ្លា ចូលមកតាមញ៉ែញ៉ងព្រមៗគ្នា ដែលក្នុងនោះ មានបុរសមួយចំនួន បានហ៊ានទាំងប្រគល់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ជូនដល់នាង ឲ្យតែនាងត្រូវការទៀតផង ប៉ុន្តែ រ៉ាប៊ី បានបដិសេធថា នាងមិនលោតឆ័ត្រជាមួយប្រុសអ្នកមាននោះទេ ព្រោះនាងយល់ថា លុយ ឡាន វីឡា ដែលគេឲ្យយើងនោះ គេអាចត្រូវដកហូតយកថ្ងៃណាវិញ ក៏បានដែរ ព្រោះជាទ្រព្យក្ដៅក្រហាយ ហើយគ្មានសុភមង្គលទេ ទៅថ្ងៃខាងមុខ។

រ៉ាប៊ី បានអះអាងថា នាងមិនទាន់មានម្ចាស់ចិត្តថ្មីនៅឡើយ ក្រោយពេលដែលនាងបានបែកបាក់ សង្សារចាស់កាលពីឆ្នាំមុន។ រ៉ាប៊ី មិនបានលាតត្រដាងឲ្យគេដឹងថា អតីតប្រុសស្នេហ៍របស់នាងនោះ ជាអ្នកណាឡើយ គ្រាន់តែបានសារភាពថា ខ្លួនធ្លាប់មានសង្សារ តែបានបែកបាក់គ្នាហើយ។

រ៉ាប៊ី គិតថា បុរសដែលនាងប្រាថ្នាយកជាគូឃុំគ្រងបេះដូង និងចាប់ដៃគ្នាដើរសាងវាសនាទៅថ្ងៃអនាគត គឺចង់បានបុរសជាអ្នកដែលចេះយល់ចិត្តនាង ទាំងយប់ទាំងថ្ងៃហើយ អ្វីដែលពិសេសនោះ គឺនាងចង់ឲ្យម្ចាស់ចិត្ត ចេះយកចិត្តនាងតាមរយៈការលើកបាយឲ្យញ៉ាំ ដល់បន្ទប់ជារៀងរាល់ថ្ងៃទៀតផង។ ស្រីស្អាត រ៉ាប៊ី បានឲ្យដឹងថា បើសិនជានាងរកបានប្រុសស្នេហ៍ ដូចខាងលើនេះបានមែន គឺនាងស្រឡាញ់ងាប់ចោលតែម្ដង។

ទោះជាយ៉ាងណា បុរសដែល រ៉ាប៊ី គេងប៉ងប្រាថ្នាចង់បានមកថ្នាក់ថ្នមកាយា ដល់ក្នុងបន្ទប់ តាមរយៈការយកចិត្តយកថ្លើមនោះ គេជឿថា មិនយូរឡើយ ស្រីស្អាតរូបនេះ នឹងប៉ះបុរសក្នុងក្តីសុបិន្តនោះ ជាមិនខាន ព្រោះបើគេស្រឡាញ់នាងពិត គឺប្រាកដជាមិនរាថយ រឿងថ្នាក់ថ្នមទាំងយប់ទាំងថ្ងៃនោះទេ៕

ប្រភព : Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី