ខេត្តរតនគិរី ៖ ជនសង្ស័យ​៥​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​ខេត្ត ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​១ កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ករណី​ទី​១ នៅ​ក្នុង​ការិយាល័យ​ពន្ធនាគារ​ខេត្ត មានការ​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​តាម​រយៈ​ម៉ូតូឌុប​យក​ចូល​ទៅ​ក្នុង​កា​រិ​យា​ពន្ធនាគារ​ខេត្ត ដែល​លាក់​ទុក​ក្នុង​ផ្លែ​សាវម៉ាវ​ផ្ញើ​ឱ្យ​ឈ្មោះ សុច ហៃ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្ត តែ​ត្រូវ​មន្ត្រី​ពន្ធនាគារ​ឆែក​ឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

ក្រោយមក​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ា​ន់ សង្វាត ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស និង​មានការ​សម្របសម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រមទាំង​ចំលើយ​សារភាព​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​នៅ​ចំណុច​ហាង​ម៉ាស្សា «​មាន ហេង​» ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជា​អ្នក​ផ្ញើ​ផ្លែ​សា​ម៉ៅ​ជូន​តាម​ម៉ូតូឌុប​ទៅ​ឱ្យ​អ្នក​ជាប់​ពន្ធនាគារ​។

ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ថេ​ង តារា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ២-​ឈ្មោះ ឆេ​ង សុខ​ចាន់ ហៅ​ស្រី​ខួច ភេទ​ស្រី អាយុ​២៦​ឆ្នាំ ហើយ​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ជា​លទ្ធផល​អវិជ្ជមាន​ម្នាក់ វិជ្ជមាន​ម្នាក់​។ ចំណែក​វត្ថុ​តាង​ចាប់​បាន​រួម​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១​កញ្ចប់​ទម្ងន់​០.៣៣​ក្រាម ទាំង​សំបក​ថង​, ម៉ូតូ​០​គ្រឿង​, ខ្សែដៃ​១​ខ្សែ​, ខ្សែ​.​ក​០១​ខ្សែ និង​៥.​ចិញ្ចៀន​១​វង់។

លុះ​នៅ​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ ចុះ​បង្ក្រាប​ជាក់ស្តែង​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ណ​ង​យ៉ា​ប៉ែ ស្ថិត​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាត ភា ហៅ​យាំង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ រួម​ទាំង​វត្ថុ​តាង ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​និង​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​។

ក្រោយ​ពី​ការ​សួរនាំ​ជនសង្ស័យ​សារភាព​ថា ថ្នាំ​ញៀន​ដែល​យក​ប្រើប្រាស់​នេះ​ទិញ​ពី​ឈ្មោះ គួ​ក និង​ឈ្មោះ​មាន នៅ​ម្តុំ​ទួល​បឹង​កំសាន្ត ស្ថិត​នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ខេត្តរតនគិរី​។

ក្រោយមក​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខេត្ត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត ១-​ឈ្មោះ ខាំ មាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ស្រុក​កំណើត​ភូមិ​៥ ឃុំ​ឡា​បាន​សៀ​ក ស្រុក​បាន​លុង ២-​ឈ្មោះ យ​ន គួ​ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មដា សង្កា​តម​បឹង​កន្សែង ក្រុង​បាន​លុង ស្រុក​កំណើត​ភូមិ​រកា​ដុះ ឃុំ​រកា​ដុះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ (​តូច​២​កញ្ចប់ ធំ​២​កញ្ចប់​) ២-​ជញ្ជីង​ថ្លឹង​១​គ្រឿង និង​៣-​សម្ភារ​សំរាប់​សេព​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យ​ការ​​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]