រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យជនជាតិចិនចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបាកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកស៊ីណា ពណ៌ស នៅក្នុងទីក្រុងកោះពេជ្រ ហើយបានចុះទៅចាប់វាយបុរសជនរងគ្រោះជាជាតិចិនម្នាក់ និងព្យាយាមរុញជនរងគ្រោះចូលទៅក្នុងរថយន្តបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមបុរសជាជនសង្ស័យជនជាតិចិនមួយក្រុមមានគ្នា៤នាក់ ដែលម្នាក់ៗសុទ្ធតែមានមាឌធំៗបាននាំគ្នាជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកស៊ីណា (SIENA) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI-៥៤១៧ នៅក្នុងទីក្រុងកោះពេជ្រ។
លុះបន្តិចក្រោយមក ក៏ស្រាប់តែពួកគេបាននាំគ្នាចុះទៅធ្វើសកម្មភាពចាប់បុរសរងគ្រោះជាជនជាតិចិនម្នាក់ផ្សេងទៀត ក្នុងបំណងរុញចូលរថយន្តរបស់ពួកគេ តែជនរងគ្រោះមិនព្រមក៏មានការរើបំរះរុញច្រានគ្នាទៅវិញទៅមក បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងដល់កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងសន្តិសុខយាមនៅកោះពេជ្រ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ រួមនឹងរថយន្តមួយគ្រឿងខាងលើតែម្តង ចំណែកឯបក្សពួកម្នាក់ទៀត និងជនរងគ្រោះបានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា បន្ទាប់ពីឃាត់ក្រុមជនសង្ស័យជាជនជាតិរួចហើយ ក៏បាននាំទៅធ្វើការសាកសួរនៅស្នាក់ការសន្តិសុខកោះពេជ្រ ។ តាមរយៈបុរសជាអ្នកបកប្រែបានបញ្ជាក់ថា មូលហេតុខាងលើគឺដោយសារតែបុរសជនជាតិចិនម្នាក់ ក្នុងចំណោមគ្នា៤នាក់នោះ កំពុងតែដើរស្វែងរកបុរសម្នាក់ដែលបានដេកជាមួយនឹងប្រពន្ធខ្លួន លុះពេលប្រទះឃើញ ទើបនាំគ្នាចុះទៅចាប់ដើម្បីធ្វើការសួរនាំ ក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងបែបនេះតែម្តងទៅ ។ ក្រុមជនសង្ស័យបានអះអាងថា «ចាប់ច្រឡំ ហើយក៏ដោះលែងបុរសជាជនរងគ្រោះនោះឱ្យត្រឡប់ទៅវិញផងដែរ»។
ពាក់ព័ន្ធនឹងករណីខាងលើ កម្លាំងសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុអ្វីអោយច្បាស់លាស់នៅឡើយទេ ដោយសម្រេចចាប់ឃាត់ខ្លួនបុរសជនសង្ស័យជនជាតិចិនចំនួន៣នាក់ រួមទាំងរថយន្តមួយគ្រឿងម៉ាកស៊ីណា (SIENA) បញ្ជួនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរជាបន្តទៅទៀតផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]