រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មី ជូនសាលាបឋមសិក្សា ចុងព្រែក ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBL ឪពុកម្តាយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចុងព្រែក ចំនួន ៣១៩ នាក់ ។

ពិធីសម្ពោធក្លោងទ្វារ និងរបងថ្មី

ក្នុងឱកាសនោះ លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានលើកឡើងថា កន្លងមកសាលារៀនបានជួបប្រទះផលលំបាកមួយចំនួនដូចជា ក្លោងទ្វារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ និងរបងមានកម្ពស់ទាបងាយស្រួលឲ្យអ្នកទទៃផ្លោះរបងចូលបរិវេណសាលា ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសម្ភារៈផ្សេងៗក្នុងសាលា និងថ្នាក់រៀន។

លោកនាយកសាលា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CBL ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចំណាយថវិការួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង ៦៧ ម៉ែត្រ ជូនសាលាបឋមសិក្សាចុងព្រែក ហើយលោកក៏ប្តេជ្ញាចិត្តនឹងការពារថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់រង្ស ដើម្បីបានជាប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយទៀត។

ជាមួយគ្នានោះដែរលោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាសាលារៀនទី ៣ ដែលក្រុមហ៊ុន CBL និងបុគ្គលិកបានជួយកែលម្អសោភ័ណ្ឌ និងសុវត្ថិភាពឲ្យកាន់ប្រសើរ ក្នុងគោលបំណងដើម្បីជួយសម្រួលដោះស្រាយផលពិបាក នានារបស់សិស្សានុសិស្ស និងជម្រុញទឹកចិត្តពួកគាត់ឲ្យផ្តោតលើការសិក្សារបស់ខ្លួន។

លោកបន្ថែមទៀតថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត ដូច្នេះការអប់រំល្អនឹងបណ្តុះបណ្តាលបានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អនឹងជួញអភិវឌ្ឍសហគមន៍របស់យើងឲ្យកាន់តែរីកចម្រើន។

ពិធីសម្ពោធក្លោងទ្វារ និងរបងថ្មី

លោកក៏សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងបុគ្គលិក នឹងជួយបង្កើនសោភ័ណ្ឌភាពដល់សាលារៀន ក៏ដូចជាផ្តល់នូវភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពបន្ថែមទៀតដល់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងជួញអភិវឌ្ឍសហគមន៍ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គួររម្លឹកផងដែរថា នេះគឺជាគម្រោងកែលម្អសាលារៀនទីបី របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បន្ទាប់ពីបញ្ចប់គម្រោងកែលម្អ និងជួសជុលសាលាវិទ្យាល័យព្រែកឯង និងសាលាបឋមសិក្សារបោះអង្កាញ់។ 

ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕

ពិធីសម្ពោធក្លោងទ្វារ និងរបងថ្មី
ពិធីសម្ពោធក្លោងទ្វារ និងរបងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]