ស្វ៊ីស៖ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ជំងឺម្យ៉ាងដែលធ្វើឱ្យមួយចំហៀងខ្លួនរបស់មនុស្សម្នាក់មិនអាចកម្រើកបាន ជាពិសេសគឺពាក់កណ្តាលរាងកាយចុះក្រោមតែម្តង ដែលសូម្បីតែពេលបត់ជើងតូច-ជើងធំម្តងៗ អ្នកកើតជំងឺនេះមិនទាំងដឹងថាកាកសំណល់រឹង-រាវរបស់ខ្លួន កំពុងតែហូរចេញមកក្រៅផង ខណៈដែលមួយចំហៀងខ្លួនឡើងទៅលើមានលក្ខណៈរស់រវើកធម្មតា។ ទោះយ៉ាងណា ពេលនេះក្រុមគ្រូពេទ្យនៅស្វ៊ីស បានរកឃើញពន្លឺនៃវិធីសាស្ត្រដែលអាចឱ្យអ្នកជំងឺដើរបានឡើងវិញខ្លះៗហើយ។ នេះបើយោងតាមសារព័ត៌មាន BBC។ 

អ្នកស្លាប់មួយចំហៀងខ្លួនអាចធ្វើចលនាវិញខ្លះៗ

ដើម្បីព្យាបាលអ្នកជំងឺស្លាប់មួយកំណាត់ខ្លួន គ្រូពេទ្យបានស៊កបញ្ចូលឧបករណ៍អេឡិចត្រូនិកម្យ៉ាងនៅជុំវិញឆ្អឹងខ្នងអ្នកជំងឺ ដើម្បីបង្កើនរលកសញ្ញាសរសៃប្រសាទពីខួរក្បាលដល់ជើង ដែលត្រូវបានកាត់ផ្តាច់បន្ទាប់ពីងាប់ខួរឆ្អឹងខ្នង។ វិធីនេះក៏អាចជួយឱ្យសរសៃប្រសាទដែលងាប់ក្នុងខួរឆ្អឹងខ្នង ដុះឡើងវិញផងដែរ ដូច្នេះអ្នកស្រាវជ្រាវសង្ឃឹមថា លទ្ធផលវិជ្ជមានដែលមិនបានរំពឹងទុកនេះ នឹងអាចជួយមនុស្សចំនួនដែលជួបស្ថានភាពដូចខាងលើ ឱ្យធ្វើចលនាដោយឯករាជ្យវិញបាន។

គួរឱ្យដឹងថា អ្នកជំងឺទីមួយដែលទទួលបានការព្យាបាល ជាបុរសជនជាតិស្វ៊ីសអាយុ ៣០ ឆ្នាំឈ្មោះ David M’zee ដែលរងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរកាលពី ៧ ឆ្នាំមុន ដោយសារគ្រោះថ្នាក់ពេលលេងកីឡា ហើយពេលនោះគ្រូពេទ្យបានប្រាប់ថា គាត់នឹងគ្មានថ្ងៃដើរបានវិញឡើយ។ ប៉ុន្តែដោយសារការសាកល្បងវះកាត់បន្សាំឧបករណ៍អេឡិចត្រូនិក បង្កើតដោយក្រុមការងារនៅវិទ្យាស្ថានពហុបច្ចេកទេសសហព័ន្ធនៃក្រុងឡូហ្សាន [École Polytechnique Fédérale de Lausanne (EPFL)] ដែលដឹកនាំដោយដុកទ័រ Grégoire Courtine បុរសពិការជើងរូបនេះអាចដើរបានជិតមួយគីឡូម៉ែត្រ នៅពេលបើកដំណើរការឧបករណ៍នោះ បន្ទាប់ពីបរាជ័យក្នុងការស្តារកាយសម្បទាដោយប្រើគ្រប់មធ្យោបាយ។

ដុកទ័រ Courtine មានការភ្ញាក់ផ្អើលដែលឧបករណ៍របស់លោកបានជួយ David លើសពីធ្វើឱ្យដើរបានទៅទៀត។ "អ្វីដែលយើងមិនបានរំពឹងទុកសោះនោះគឺ ខួរឆ្អឹងខ្នងបានជួសជុលនូវអ្វីដែលយើងបានសង្កេត។ វាទំនងជាជាតិសរសៃនៃសរសៃប្រសាទកំពុងដុះឡើងវិញ ព្រមទាំងតភ្ជាប់ជាថ្មីពីខួរក្បាលខួរឆ្អឹងខ្នង។" គាត់បានពន្យល់ដូច្នេះ។  

David M’zee

គួរបញ្ជាក់ថា David ត្រូវបានវះកាត់បញ្ចូលឧបករណ៍បន្សាំដោយគ្រូពេទ្យឯកទេសខាងវះកាត់ប្រព័ន្ធសរសៃប្រសាទ គឺលោកស្រី Jocelyne Bloch នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យឡូហ្សាន។

ពេលនេះ David អាចដើរបានប្រហែល ៨ ដំណាក់កាលក្នុងបន្ទប់ពិសោធន៍ ទោះជាគេបិទឧបករណ៍នោះក៏ដោយ ដែលនេះជាលើកទីមួយហើយក្នុងកំណត់ត្រារបួសឆ្អឹងខ្នងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ ក្នុងពិភពខាងក្រៅ David ពិបាកនឹងដើរបានលើសពី ៣ ដំណាក់កាលណាស់ ដោយរលកសញ្ញាពីឧបករណ៍បន្សាំចាប់ផ្តើមលែងសូវមានផាសុកភាព និងមិនអាចប្រើបានគ្រប់ពេលនោះទេ។ ជាងនេះទៅទៀត ប្រព័ន្ធនេះមានតម្លៃថ្លៃ និងមិនអាចទុកចិត្តបានទាំងស្រុងសម្រាប់ប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះគេមិនទាន់អាចព្យាបាល ១០០% បានឡើយ។

អ្នកជំងឺទី២គឺលោក Gertan Oskan អាយុ ៣៥ ឆ្នាំ។ គាត់ជាវិស្វករមកពីប្រទេសហូឡង់ ដែលធ្លាប់ត្រូវឡានបុកកាលពី ៧ ឆ្នាំមុន ហើយក្រុមគ្រូពេទ្យបានប្រាប់នៅថ្ងៃខួបកំណើតរបស់គាត់ថា គាត់នឹងកម្រើកលែងរួចមួយកំណាត់ខ្លួនមួយជីវិត ប៉ុន្តែបច្ចុប្បន្នគាត់កំពុងចាប់ផ្តើមធ្វើចលនាឡើងវិញបានខ្លះៗហើយ។

រីឯបុរសទី៣ ឈ្មោះ Sebastian Tobler អាយុ ៤៨ ឆ្នាំ ដែលមកពីអាល្លឺម៉ង់ ជាមនុស្សចូលចិត្តជិះកង់ និងស្រលាញ់ការកម្សាន្តនៅទីជនបទ មុននឹងត្រូវឡានបុកធ្លាក់ពីលើកង់។ ឥឡូវគាត់បានវិលមកជិះកង់ពិសេស ដែលតម្រូវតាមអាការរបស់គាត់វិញហើយដែរ។ កង់នេះសឹងតែដំណើរការដោយប្រើដៃសុទ្ធសាធ ប៉ុន្តែក៏មានជំនួយពីជើងខ្លះៗ។

សរុបសេចក្តីមក អ្នកស្រាវជ្រាវជឿថាប្រព័ន្ធរបស់ពួកគេនឹងរីកចម្រើនជាងនេះ ហើយអាចស្តារចលនាដល់អ្នកដែលបាត់បង់ក្តីសង្ឃឹមក្នុងការដើរឡើងវិញបាន ដោយគ្រោងចាប់ផ្តើមសាកល្បងធំជាងនេះនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងរយៈពេលបីឆ្នាំទៀត។ បើគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន អ្នកស្រាវជ្រាវសង្ឃឹមថា គេនឹងអាចដាក់ប្រព័ន្ធនេះឱ្យប្រើប្រាស់កាន់តែទូលំទូលាយមិនខាន៕ 

Sebastian Tobler ឆ្វេងបំផុត Gertan Oskan កណ្តាល
David M’zee​ រៀនដើរឡើងវិញ
របៀបដែលបន្សាំខួរឆ្អឹងខ្នងដំណើរការ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]