ជប៉ុន៖ ហេតុការណ៍ដ៏កម្រមួយបានកើតឡើងនៅប្រទេសជប៉ុននៅពេលថ្មីៗនេះ ដែលយើងអាចចាត់ទុកថាជារឿងដ៏ហួសចិត្ត និងគួរឱ្យអស់សំណើចក៏ថាបាន ឬជាអាថ៌កម្បាំងនឹកស្មានមិនដល់ក៏និយាយបាន នៅពេលដែលប្រទេសមហាអំណាចអាស៊ីទាំងមូលបានបាត់កោះមួយរបស់ខ្លួន ដោយគ្មានបន្សល់ដានអ្វីបន្តិចសោះឡើយ។

នាវាឆ្មាំសមុទ្រកំពុងស្វែងរកកោះ

កោះដែលបាត់ស្រមោលនោះឈ្មោះ "អិសានបិ ហាណាគិតាក់ កុយិម៉ា (Esanbe Hanakita Kojima)" ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការក្នុងឆ្នាំ ២០១៤ ដោយរដ្ឋាភិបាលក្រុងតូក្យូ ដើម្បីជាកិច្ចពង្រឹងការត្រួតត្រាស្របច្បាប់លើកោះដែលនៅរាយប៉ាយរាប់រយផ្សេងទៀត និងដើម្បីពង្រីកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

ដែនដីព័ទ្ធជុំវិញដោយទឹកដែលហាក់ដូចជាកំពុងលេងបិទពួននេះ ជាប្រធានបទមួយនៃការស្ទង់ស្ថិតិផ្លូវការកាលពីឆ្នាំ ១៩៨៧ ដែលកាលនោះរបាយការណ៍បានបញ្ជាក់ពីចំណុចទីទួលខ្ពស់បំផុតរបស់វាគឺប្រហែល ១.៤ ម៉ែត្រ ផុតពីកម្ពស់ទឹកសមុទ្រ។ នេះបើតាមសារព័ត៌មាន Asashi។

ដោយស្ថិតនៅចម្ងាយ ៥០០ ម៉ែត្រពីឆ្នេរដែលកៀកនឹងភូមិសារឹហ្វ៊ឹស៊ឹ (Sarufutsu) កោះនេះបានដើរតួជាអ្នកពង្រីកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ទៅដល់ចម្ងាយស្រដៀងគ្នានេះទៀតពីកោះទៅសមុទ្រ ត្រង់ចំណុចដែលជប៉ុនមានវិវាតដែនទឹកជាមួយតំបន់ត្រួតត្រារបស់រុស្ស៊ី ហើយវាជាបង្គោលសីមាដែលកំណត់ព្រំប្រទល់ដែនទឹករបស់ជប៉ុនដ៏សំខាន់ផងដែរ។ 

យ៉ាងណាមិញ ក្រុមមន្ត្រីជឿថាកោះដែលស្ថិតក្នុងតំបន់កោះហុកកៃដូដ៏ល្បីល្បាញរបស់ជប៉ុន បានសឹករេចរិលបន្តិចម្តងៗ ជាមួយផ្ទាំងទឹកកកដែលគ្របដណ្តប់លើផ្ទៃដីនោះក្នុងរដូវរងា រហូតទាល់តែលឹបចូលក្រោមសមុទ្របាត់តែម្តង ខណៈឆ្មាំសមុទ្រជប៉ុនកំពុងដុតដៃដុតជើង ខ្វាត់ខ្វែងស្វែងរកដោយផ្អែកលើផែនទីភូមិសាស្ត្ររបស់ខ្លួន។

យ៉ាងណាក៏ដោយ បើទោះជាបាតនៃកោះនេះអាចនឹងត្រូវរកឃើញ ក៏វាលែងស្របតាមនិយមន័យនៃកោះក្នុងច្បាប់អន្តរជាតិដែរ ហើយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនក៏រួមតូចតាមនោះដូចគ្នា៕  

កោះដែលស្រដៀងនឹងកោះដែលបាត់ខ្លួន
រូបតំណាងកោះដែលលឹបបាត់
ទីតាំងនៃកោះដែលបាត់ខ្លួន

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]