បន្ទាយ​មាន​ជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ហាង​លក់​មាស និង​ទទួល​បញ្ចាំ​របស់​ជា​របស់​ថៃ​មួយ​កន្លែង ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​កាំភ្លើង​ជ័រ​ចូល​ប្លន់​យក​អស់​មាស​២៨​បាត គិត​ជា​ប្រាក់​៤​សែន​៨​ម៉ឺន​បាត​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ ។ 

ករណី​ប្លន់​នេះ​កើតឡើង កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​១ វិច្ឆិកា​នេះ ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុង​ក្លឿ ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។ អំពើរ​ប្លន់​នេះ​សមត្ថកិច្ច​ថៃ​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា ជនសង្ស័យ​រាង​ស្គម​ខ្ពស់ ពាក់អាវ​ខ្មៅ ពាក់មួក​ក្រណាត់​បិទមុខ ប្រើប្រាស់​កាំភ្លើងខ្លី​ជ័រ ពណ៌​ខ្មៅ ម៉ាក​បេ​យ៉ា​តា ភ្ជង់​ស្ត្រី​អ្នកលក់​ក្នុង​ហាង​G99 ប្រមូល​យក​មាស​អស់​២៨​បាត ។

ក្រោយ​អំពើរ​ភ្ជុង​ប្លន់​នេះ ជនសង្ស័យ​បាន​រត់គេច​ខ្លួន ដោយ​គ្រវែង​ចោល​កាំភ្លើង​ជ័រ​នោះ ត្រូវ​សមត្ថកិច្ច​ថៃ​រក​ឃើញ ។ យ៉ាងណា​ក៏​ដោយ​មក​ទល់ និង​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​គេ​មិន​ទាន់​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​អ្វី​នៅឡើយ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​ថៃ​កំពុង​ប្រ​ម៉ា​ញ់​តាម​រក​និង​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នានា និង​ផ្លូវ​ចេញចូល​ផ្សារ​រុង​ក្លឿ​ក៏​ដូច​ជា តាម​បន្ទាត់​ព្រំដែន ។ ភាគី​ថៃ​ក៏​បាន​ទំនាក់ទំនង​សុំ​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ទាំង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​តាម​បន្ទាត់​ព្រំដែន​ជួយ​ទប់ស្កាត់ និង​ស្វែងរក​ជនសង្ស័យ​ដូចដែល​បាន​ប្រាប់​ភិនភាគ ខាងលើ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]