រាជធានីភ្នំពេញ ៖ ស្ត្រីជាមេតុងទីនម្នាក់ត្រូវបានសមាជិករាប់រយនាក់ធ្វើការចោទប្រកាន់ថាបាន រំលោភលើទំនុកចិត្តដោយបានបោកយកលុយពួកគាត់ជាង៣០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោលរយៈពេលជាង៥ខែកន្លងមកហើយ។ មិនតែប៉ុណ្ណោះបានយកលុយទៅទិញសុទ្ធតែរថយន្តឡិចស៊ីស៥៧០ជិះ និងទិញដីជាច្រើន កន្លែងថែមទៀតផង។
ចំណែកពួកគាត់បានស្វែងរកគ្រប់ច្រកល្ហករហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រទះឃើញនៅក្នុងផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទើបប្ដឹងសុំឲ្យនគរបាលបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនចាត់ការតាមច្បាប់ តែម្ដង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលជាមេតុងទីនពូកែខាងបោកខាងលើនោះឈ្មោះ ឆេង សារ៉ា អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកសមាជិកដែលចាញ់បោក ស្ត្រីរូបនេះមានចំនួនជិត៥០០នាក់ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា។ ក្នុងនោះម្នាក់ៗបានខាតបង់លុយទៅលើស្ត្រីមេបោកនោះរាប់ពាន់រាប់ម៉ឺនដុល្លារដែលសរុបទាំងអស់ជិត៣០ម៉ឺនដុល្លារឯណោះ។
ដោយឡែកក្រោយពេលចាប់ខ្លួនស្ត្រីជាមេតុងទីននោះបានភ្លាមៗនោះមានសមាជិកដែលចាញ់បោក បាននាំគ្នាទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបណ្ដើរៗជាង២០នាក់ហើយ។
ដើម្បីបង្ហាញថា ពួកគាត់ពិតជាបានចាញ់បោកស្ត្រីដែលជាមេតុងទីននោះពិតប្រាកដមែន។ ពួកគាត់ទាំងនោះបាននិយាយថា ពួកគាត់បានលេងតុងទីនជាមួយស្ត្រីឈ្មោះ ឆេង សារ៉ា នោះអស់រយៈពេល៦ឆ្នាំមកហើយ ដែលអ្នកផ្សារទាំងអស់ នរណាៗក៏បានស្គាល់ស្ត្រីម្នាក់នេះដែរ។ ព្រោះនាងខាងលើនេះជាអ្នករកស៊ីបោះដុអីវាន់ចាប់ហួយនៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ានេះតែម្ដង។ ប៉ុន្តែការលេងតុងទីនជាមួយគ្នាកន្លងមកនេះមិនដែលមានបញ្ហាអ្វីកើតឡើង នោះឡើយ។ ទើបតែនៅចុងក្រោយនេះប៉ុណ្ណោះស្ត្រីនេះបែកគំនិតបោកប្រមូលយកលុយរត់គេចខ្លួន រយៈពេលជាង៥ខែកន្លងមកហើយ។
ប្រភពដដែលបានបន្តថាការលេងតុងទីននេះក្នុង១ក្បាលចាប់ពី ២០.០០០រៀលដល់១០០ដុល្លារ ហើយអ្នកខ្លះលេងចាប់ពី៣ក្បាលទៅដល់១០ក្បាល ទៅតាមលទ្ធភាព និងធនធានដែលខ្លួនមាន។ ដូច្នេះអ្នកខ្លះចាញ់បោកស្ត្រីនោះខ្ទង់ពាន់ដុល្លារចំណែកអ្នកខ្លះទៀតខាតបង់អស់ខ្ទង់ម៉ឺន ដុល្លារ ហើយក្រោយពេលដែលមេវេចបង្វិចរត់គេចខ្លួនបាត់ពួកគាត់បានតាមរកគ្រប់កន្លែង ប៉ុន្តែមិនឃើញឡើយ។
បន្ទាប់មកបានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ រហូតជាង៥ខែក្រោយមកគឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបប្រទះឃើញស្ត្រីនេះទៅផ្សារកាណាស៊ីធីក៏បានរាយការណ៍ជូននគរបាលឃាត់ខ្លួនតែម្ដង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]