សិង្ហបុរី៖ ថ្ងៃទី ២៩ តុលា ២០១៨ ក្រុមហ៊ុន Booking Holdings (NASDAQ: BKNG) ដែលជាក្រុមហ៊ុនឈានមុខគេ សម្រាប់ការកក់ទីកន្លែងស្នាក់នៅតាមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ការធ្វើដំណើរ និងក្រុមហ៊ុន Grab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់សេវាដឹកជញ្ជូនចល័តតាមតម្រូវការឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានប្រកាសថាភាគីទាំង ពីរបានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្រុមហ៊ុន Grab

តាមរយៈភាពជាដៃគូនេះ ម៉ាកយីហោនានារបស់ Booking Holdings នឹងមានលទ្ធភាពផ្ដល់នូវសេវាដឹកជញ្ជូនតាមតម្រូវការដោយប្រើកម្មវិធីរបស់ខ្លួន ដែលសម្រួលដោយកម្មវិធីរបស់ Grab ហើយអតិថិជនរបស់ Grab ទាំងអស់ នឹងអាចកក់ទីកន្លែងស្នាក់នៅទូទាំងពិភពលោក ដែលសម្រួលដោយ booking.com និង agoda។

ក្រៅពីនេះ Booking Holdings ក៏បានវិនិយោគទឹកប្រាក់ចំនួន ២០០ លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab ដោយទទួលស្គាល់ថា Grab គឺជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធ អនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Grab បានគៀងគរហិរញ្ញប្បទានបានទុនចំនួន ២ ពាន់លានដុល្លារ ហើយកំពុងឆ្ពោះទៅរកការសម្រេចឲ្យបាននូវការគៀងគរទុនជាង ៣ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្មវិធីសម្រាប់កក់ការធ្វើដំណើរតាមអនឡាញធំជាងគេបំផុតរបស់ពិភពលោក និងកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ មានបំណងពង្រីកវិសាលភាព និងបង្កើនដំណោះស្រាយក្នុងការធ្វើដំណើរសម្រាប់អ្នកធ្វើដំណើរទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។

លោក Todd Henrich អនុប្រធានជាន់ខ្ពស់ និងជានាយកនផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Booking Holdings បានថ្លែងថា៖

«Grab បានពង្រីកខ្លួនគួរឲ្យភ្ញាក់ផ្អើលក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយបានកសាងខ្លួនក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងមជ្ឈដ្ឋាន ប្រកបដោយភាពប្រកួតប្រជែងខ្លាំង ដូច្នេះហើយយើងមានក្ដីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយនឹង Grab ដើម្បីកសាងសេវាធ្វើដំណើរកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា»។

ភាពជាដៃគូរវាង Booking Holdings និង Grab អនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី Grab អាចកក់ទុកនូវសេវានានាទាក់ទងនឹងការធ្វើដំណើរ ដោយប្រើប្រាស់កម្មវិធីនេះបាន ហើយអាចទូទាត់យ៉ាងងាយស្រួល ដោយប្រើគណនីឌីជីថលឈានមុខគេនៅក្នុងតំបន់ គឺកម្មវិធី GrabPay។ ភាពជាដៃគូនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការក្លាយជាកំពូលកម្មវិធីប្រើប្រាស់ ក្នុងជីវិតប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានផ្ដល់នូវសេវាកក់ការធ្វើដំណើរតាមរយៈទូរស័ព្ទដៃ សេវាដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនកញ្ចប់ទំនិញ និងសេវាទូទាត់ប្រាក់ឌីជីថល ដល់ប្រជាជន រាប់លាននាក់នៅក្នុងតំបន់។ Grab មានវត្តមាននៅក្នុងទីក្រុងចំនួន ២៣៥ ក្នុងប្រទេសចំនួន ៨ ហើយ កម្មវិធីរបស់ខ្លួន បានផ្ដល់លទ្ធភាពធ្វើអាជីវកម្មសម្រាប់សហគ្រិនខ្នាតតូចប្រមាណ ៨ លាននាក់។

ប្រធានក្រុមហ៊ុន Grab លោក Ming Maa បានថ្លែងថា៖

«យើងមានក្ដីសោមនស្សរីករាយក្នុងការធ្វើការជាមួយនឹង Booking Holdings ដើម្បីផ្ដល់សេវាប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតដល់អ្នកប្រើប្រាស់កម្មវិធីរបស់យើង ដែលពួកគេអាចជ្រើសរើសបាននៅពេលបើកកម្មវិធី Grab។ ទីផ្សាររៀបចំការធ្វើដំណើរ តាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងកើនឡើងជិតបីដងនៅឆ្នាំ ២០២៥ ហើយយើងបានមើលឃើញនូវការច្របាច់បញ្ចូលគ្នាច្រើនរវាងការធ្វើដំណើរ និងការដឹកជញ្ជូន ដែលនឹងអនុញ្ញាតឲ្យយើងចាប់យកឱកាសដ៏ធំធេងមួយនេះ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកខាងសេវាធ្វើដំណើរ ការវិនិយោគរបស់ Booking មកក្នុងក្រុមហ៊ុន Grab គឺជាផ្ដល់ទំនុកចិត្តមកលើសមត្ថភាពរបស់ យើងក្នុងការប្រតិបត្តិ និងពង្រីកទិសដៅ O2O របស់យើងបានកាន់តែច្រើន ហើយដាក់ឲ្យដំណើរការនៅតាមទីក្រុងទាំង ២៣៥ កន្លែង ដែលយើងកំពុងធ្វើប្រតិបត្តិការ»។

អំពី Booking Holdings

Booking Holdings Inc. (NASDAQ: BKNG) គឺជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក ដែលផ្តល់សេវាកម្មផ្នែក ទេសចរណ៍និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀត តាមប្រព័ន្ធអនឡាញ ជូនដល់អតិថិជននិងដៃគូសហការជាង ២២០ ប្រទេសនិងតំបន់ តាមរយៈម៉ាកយីហោចម្បងទាំង ៦ ដូចជា Booking.comKAYAKpriceline, agoda.com, Rentalcars.com និង OpenTable។ បេសកកម្មរបស់ក្រុមហ៊ុន Booking Holdings គឺចង់ជួយឱ្យមនុស្សទទួលបានបទ ពិសោធន៍អំពីពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Bookingholdings.com

អំពី Grab

Grab (ហ្គ្រេប) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវីធីទូរស័ព្ទ ដែលពេញនិយមបំផុត ដែលភ្ជាប់សេវាកម្មពីប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់ (O2O) នៅអាស៊ីអាគ្នេយ៍។ សេវាកម្មទាំងនោះមានដូចជា ការធ្វើដំណើរ ការញ៉ាំអាហារ ការដឹកជញ្ជូនអីវ៉ាន់ ហើយក៏អាចទូទាត់ប្រាក់តាមរយៈគណនីអនឡាញ។ Grab (ហ្គ្រេប) ជឿជាក់ថាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់គួរតែទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ហើយក្រុមហ៊ុនក៏ផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូន ដែលមានតម្លៃសមរម្យ ដែលប្រកបដោយសុវត្ថិភាព ការដឹកជញ្ជូនទំនិញ និងចំណីអាហារ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ Grab(ហ្គ្រេប) កំពុងតែផ្តល់សេវាកម្មនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយ៖ www.grab.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]