រាជធានីភ្នំពេញ៖ ថ្ងៃទី ៣១ តុលា ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃនេះ បានប្រកាសថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ AFF Suzuki Cup រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ០៨ វិច្ឆិកា និងរវាងកម្ពុជា និងឡាវ នៅថ្ងៃទី ២០ វិច្ឆិកា នឹងមានដាក់លក់តាមកម្មវិធី ផាយ ផេ (Pi Pay) ដែលជាកម្មវិធីទូទាត់ ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ផាយ ផេ សហការជាមួយ AFF Suzuki Cup

នៅក្នុងពិធីប្រកាសភាពជាដៃគូជាមួយនឹង ផាយ ផេ អ្នកនាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សុខា រ៉ានាថ បាននិយាយថា ការដែលធ្វើឱ្យសំបុត្រចូលទស្សនាការប្រកួត អាចរកទិញបាននៅលើកម្មវិធី ផាយ ផេ នេះ នឹងធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា អ្នកចម្បាំងក្រុងអង្គរ ក្នុងការទិញសំបុត្រដើម្បីចូលទស្សនាការប្រកួតជម្រុះក្នុងពូល នៅក្នុងក្របខ័ណ្ឌបាល់ទាត់ដ៏ល្បីប្រចាំតំបន់អាស៊ាននេះ។

លោក រ៉ានាថ បានថ្លែងថា៖

«កាលពីមុន យើងបានលក់សំបុត្រដោយផ្ទាល់តាមបញ្ជរលក់សំបុត្រ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក៏ដូចជានៅតាមហាងនានា ប៉ុន្តែនៅពេលនេះតាមរយៈការចាប់ដៃគូជាមួយនឹង ផាយ ផេ យើងនឹងអាចលក់សំបុត្រជូនដល់អ្នកគាំទ្របានកាន់តែច្រើននាក់បន្ថែមទៀត តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ពួកគាត់ ហើយជួយឲ្យពួកគាត់អាចទិញសំបុត្រ បានមុនពេលដល់ថ្ងៃប្រកួត»។

អ្នកគាំទ្រនឹងអាចទិញសំបុត្រតាមកម្មវិធី ផាយ ផេ ចាប់ពីថ្ងៃទី ១ វិច្ឆិកា តទៅ ហើយបន្ទាប់មកពួកគេអាចអញ្ជើញទៅដកសំបុត្រ ដែលគេបានទិញតាមអនឡាញនោះ នៅឯអគារ ផាយ ផេ ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិអូឡាំពិក រហូតដល់ថ្ងៃប្រកួត នាថ្ងៃទី៨ វិច្ឆិកា តែម្តង។

អ្នកគាំទ្រទាំងអស់ត្រូវកាន់សំបុត្រពិតប្រាកដ ដើម្បីមានសិទ្ធិចូលពហុកីឡាដ្ឋានបាននាថ្ងៃប្រកួត។

លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បាននិយាយថា៖

«យើងពិតជាមានក្តីរំភើបជាខ្លាំង ក្នុងការសហកាជាដៃគូជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការលក់សំបុត្រសម្រាប់ការប្រកួតដ៏អស្ចារ្យទាំងនេះ ពីព្រោះពួកយើងគឺជាអ្នកគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គរ ក៏ដូចជាយីហោបាល់ទាត់របស់គេផងដែរ»។

លោកបានបន្តទៀតថា៖ 

«ការធ្វើឲ្យមានការលក់សំបុត្រតាមរយៈ ផាយ ផេ បាន គឺយើងចង់ផ្សព្វផ្សាយដល់ក្រុមអ្នកគាំទ្រជំនាន់ក្រោយ ហើយផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការមកចូលរួម និងគាំទ្រក្រុមអ្នកចម្បាំងក្រុងអង្គររបស់យើង»។

ក្រុមហ៊ុន ផាយ ផេ ក៏បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយនឹង Lagardere Sports Asia ដែលជាក្រុមហ៊ុនផ្សព្វផ្សាយផ្នែកទីផ្សារកីឡា ដែលគ្រប់គ្រងរាល់សិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់សម្រាប់ក្របខ័ណ្ឌការប្រកួតបាល់ទាត់ AFF Suzuki Cup ដែលកិច្ចព្រមព្រៀងនេះ គឺដើម្បីក្លាយជាដៃគូគាំទ្រដល់កម្មវិធីប្រកួតក្នុងប្រទេសកម្ពុជា។

អតិថិជនដែលកំពុងប្រើប្រាស់កម្មវិធី ផាយ ផេ បច្ចុប្បន្នអាចចាប់ផ្ដើមទិញសំបុត្រ ចាប់ពីថ្ងៃទី ១ វិច្ឆិកានេះតទៅ ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់នានាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ហើយនឹងអាចប្ដូរយកសំបុត្រពិតប្រាកដបានភ្លាមៗ នៅតាមបញ្ជររបស់ ផាយ ផេ នៅខាងក្នុងអគារ ផាយ ផេ។

សំបុត្រដែលទិញតាមរយៈកម្មវិធី ផាយ ផេ នឹងទទួលបានការបញ្ចុះតម្លៃ ៥០% នៃតម្លៃសំបុត្រ ដោយសំបុត្ រVIP អាចរកទិញបានក្នុងតម្លៃ ៦០០០ រៀល ជាជាងក្នុងតម្លៃ ១២០០០ រៀល ហើយសំបុត្រធម្មតា អាចរកទិញបានក្នុងតម្លៃត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ ជាជាងក្នុងតម្លៃដើមចំនួន ៦០០០ រៀល។

គណនី ផាយ ផេ មួយអាចទិញសំបុត្របានរហូតដល់ទៅ ៥ សំបុត្រសម្រាប់ប្រភេទសំបុត្រនីមួយៗ និងសម្រាប់ការប្រកួតនីមួយៗ ដែលនេះបានន័យថា អ្នកប្រើកម្មវិធី ផាយ ផេ ម្នាក់អាចទិញសំបុត្របានរហូតដល់ទៅ ២០ សំបុត្រ សម្រាប់ការប្រកួតចំនួនពីរ បើសិនជាពួកគេទិញសំបុត្រ VIP ចំនួន ៥ សំបុត្រ និងសំបុត្រធម្មតាចំនួន ៥ សំបុត្រ សម្រាប់ការប្រកួតម្តងៗ។

អ្នកប្រើប្រាស់ថ្មី នឹងត្រូវទាញយកកម្មវិធី ផាយ ផេ ដែលមាននៅលើ App Store សម្រាប់ផលិតផល Apple ឬពី Google Play សម្រាប់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយបន្ទាប់មក អនុវត្តតាមជំហានងាយៗ ដើម្បីចុះឈ្មោះ និងបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ខ្លួន ដើម្បីអាចទិញសំបុត្របាន។

ក្រុមហ៊ុន ផាយ ផេ បានឲ្យដឹងថា យ៉ាងតិចបំផុត អ្នកគាំទ្រចំនួន ២០០០ នាក់ដំបូង ដែលទិញសំបុត្រចូលទស្សនាការប្រកួតនីមួយៗតាមរយៈ ផាយ ផេ នឹងទទួលបានអំណោយគួរឲ្យរំភើបផងដែរ នៅពេលដែលពួកគេមកបង្ហាញសំបុត្ រដែលមានសញ្ញាសម្គាល់ជាពិសេស នៅឯបញ្ជរ ផាយ ផេ ដែលមានទីតាំងនៅឯច្រកចូលពហុកីឡាដ្ឋាននាថ្ងៃប្រកួត។

សម្រាប់កម្មវិធីប្រកួតក្របខ័ណ្ឌពានរង្វាន់ AFF Suzuki Cup ឆ្នាំនេះ ក៏មានការកែទម្រង់ថ្មីផងដែរ ដែលធានាថា សម្រាប់ក្រុមនីមួយៗ យ៉ាងហោចណាស់នឹងមានការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនចំនួនពីរប្រកួតដែរ។ ក្រុមកីឡាករទាំង ១០ ក្រុម នឹងត្រូវបានបែងចែកជា ២ ពូល ហើយក្នុងមួយពូលមាន ៥ ក្រុម ហើយក្រុមចំនួនពីរ ដែលឈរនៅលំដាប់កំពូលនៃពូល នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតក្នុងទឹកដីផង និងក្រៅទឹកដីផង។ ក្រុមដែលឈ្នះនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវលេងទាំងក្នុង និងក្រៅទឹកដីផងដែរ។

កម្ពុជាស្ថិតនៅក្នុងពូល ដែលមាន ម៉ាឡេស៊ី និងវៀតណាម ដែលជាក្រុមជើងខ្លាំងក្នុងក្របខ័ណ្ឌ AFF ហើយដែលជាក្រុមដែលគេរំពឹងថា នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ ក្រុមអ្នកចម្បាំងក្រុងអង្គរដែលគ្រប់គ្រងដោយកំពូលកីឡាករបាល់ទាត់ជនជាតិជប៉ុន លោក Keisuke Honda និងដែលមានសម្រែកគាំទ្រពីអ្នកគាំទ្រដ៏សម្បើមរបស់ខ្លួន អាចនឹងធ្វើឲ្យក្រុមណាមួយខកចិត្តផងក៏ថាបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]