ភ្នំពេញ៖ ទស្សនាវដ្តីធុរកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ល្បីមួយនៅប្រទេសអង់គ្លេស មានឈ្មោះថា «Capital Finance International» បានផ្ដល់ពានរង្វាន់កិត្តិយសជូនធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា ជា «ធនាគារដែលផ្ដល់ផលប្រយោជន៏ល្អបំផុតដល់សង្គមនៅកម្ពុជាក្នុងឆ្នាំ២០១៨»

ពានរង្វាន់កិត្តិយស

វីង ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដែលនៅតែស្មោះត្រង់ ចំពោះគោលការណ៍ស្ថាបនារបស់ខ្លួន ក៏ដូចជាភាពល្អប្រសើរនៃសេវាកម្មរបស់ខ្លួន បន្ថែមទៅលើល្បឿន និងភាពជាក់លាក់នៃប្រតិបត្តិការ ដែលបានដំណើរការ។ ការជ្រៀតចូលទៅក្នុងទីផ្សារ និងជួយដល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលតំណាងឲ្យប្រមាណជាង ៦០% នៃផលិតផលក្នុងស្រុកសរុប ដែលក្នុងនោះមាន ៧៥% គឺជាអ្នកដែលពុំមានគណនីធនាគារ គឺមិនមែនជាតួលេខតូចតាចឡើយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានសម្ដែងនូវការអរគុណ ចំពោះការផ្ដល់ជាកិត្តិយសនេះ ដោយបានលើកឡើងថា៖

«ការទទួលស្គាល់ជាសកលនេះបញ្ជាក់អះអាងឡើងវិញ នូវភាពជោគជ័យរបស់ វីង ក្នុងការជួយឲ្យប្រជាជនកម្ពុជា កាន់តែច្រើនចូលរួមនៅក្នុងវិស័យហិរញ្ញវត្ថុ ហើយវាប្រាកដជាមិនអាចកើតមានឡើងនោះទេ ប្រសិនបើគ្មានបុគ្គលិករបស់ វីង ទាំងអស់ ដែលបានធ្វើការងារដ៏លំបាក ក៏ដូចជាភ្នាក់ងារដៃគូ និងអតិថិជនរបស់ វីង ទាំងអស់ ដែលនាំមកនូវផលិតផល និងសេវាកម្ម ដែលជួយជម្រុញឲ្យមានការចូលរួម នៅក្នុងផ្នែកហិរញ្ញវត្ថុ និងធ្វើឱ្យជីវិតរបស់ប្រជាជនខ្មែរកាន់តែប្រសើរឡើង។ វាជាបេសកកម្មរបស់ធនាគារឯកទេស វីងក្នុងការរក្សាខ្លួនក្នុងលំដាប់ជួរមុខ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា និងចក្ខុវិស័យរបស់យើង គឺថាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាសង្គមមួយ ដែលពុំប្រើប្រាស់ក្រដាសប្រាក់»។
CEO Wing ទទួលពានរង្វាន់

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា ការទទួលបានឈ្មោះថាជា «ធនាគារដែលផ្ដល់ផលប្រយោជន៍ល្អបំផុតដល់សង្គម» សម្រាប់ឆ្នាំ ២០១៨ នឹងជម្រុញឱ្យធនាគារឯកទេស វីង ឈានកាន់តែខ្ពស់ជាងនេះទៅទៀត។

«យើងចាត់ទុកពានរង្វាន់នេះ និងការទទួលស្គាល់ទាំងអស់ ដែលយើងបានទទួលបាន ជាកាតាលីករ ដើម្បីបន្តទស្សនវិស័យរបស់យើងនៅទូទាំងប្រទេសកម្ពុជា។ យើងនឹងបន្តនាំមកនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ថែមទៀត ដែលមិនត្រឹមតែបង្កើតភាពងាយស្រួលថ្មីសម្រាប់ប្រជាជនរាប់លាននាក់ នៅក្នុងប្រព័ន្ធអេកូរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការផ្ដល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចនៅតំបន់ដាច់ស្រយាល នៅកម្ពុជាផងដែរ»។

លោក ចូចូ ម៉ាឡូឡូស បានគូសបញ្ជាក់យ៉ាងដូច្នេះ។

គណៈកម្មការវិនិច្ឆ័យរបស់ CFI.co បានរកឃើញថា វីង បានក្ដោបក្ដាប់ទីផ្សារ អ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារជាមួយផលិតផលជាច្រើន ដែលបានរចនាឡើង ក្នុងគោលបំណងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលមិនត្រូវបានផ្ដល់ជូន ដោយធនាគារពាណិជ្ជធំៗមានវត្តមាននៅក្នុងប្រទេស ដូចជា សេវាកម្ម កាបូបលុយចល័ត និងជម្រើសការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិ រួមមាន Mastercard ជាដើម។ ធនាគារឯកទេស វីង ក៏បានទទួលការសរសើរផងដែរ សម្រាប់ចក្ខុវិស័យរបស់ខ្លួន ចំពោះសហគ្រាសធុនតូច និងមធ្យមដោយ វីង បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែបរួមមាន ការទូទាត់វិក័យប័ត្រ ដំណោះស្រាយចំណាយ និងដំណោះស្រាយប្រាក់បៀរវត្សសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយដល់ពួកគេសម្រេចបានប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។

សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម ក្រុមហ៊ុន និងគ្រឹះស្ថានក្រូហិរញ្ញវត្ថុចំនួន ២៥,០០០ បាននឹងកំពុងប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន វីង ក្នុងការបង់ប្រាក់ទៅឲ្យបុគ្គលិកស្រដៀងគ្នានេះដែរទៅឲ្យអ្នកផ្គត់ផ្គង់ផងដែរ។ សេវាកម្មផ្សេងទៀតរួមមាន e-wallet, WingPay អាចឲ្យអតិថិជន វីង ប្រើប្រព័ន្ធទូទាត់ប្រាក់ដោយការស្កេន QR កូដ។ ទាំងនេះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ភា្នក់ងាររងរបស់ វីង ដែលភាគច្រើនជាស្ត្រីមេផ្ទះ។ ឥឡូវនេះពួកគាត់មានលទ្ធភាព ដើម្បីបង្កើតប្រាក់ចំណូល ដែលបានជួយជម្រុញសេដ្ឋកិច្ចនៅក្នុងស្រុកភូមិរបស់ពួកគាត់។

កសិករកម្ពុជាក៏ទទួលបានផងដែរ អំពីអត្ថប្រយោជន៏ផ្ដល់ដល់សង្គមរបស់ វីង ។ ជាលើកទីមួយហើយ ដែលកសិករជាច្រើនអាចទទួលបានប្រាក់កម្ចី ដើម្បីជួយជម្រុញនៅក្នុងអាជីកម្មរបស់ពួកគាត់។ ការផ្តល់លទ្ធភាពនៅក្នុងការទទួលបាននូវសេវាអាជីវកម្មពេញលេញ សម្រាប់កសិករក៏មានការកើនឡើងនូវប្រសិទ្ធភាព និងផលិតភាព ដោយកសិករអាចផ្តោតលើប្រតិបត្តិការរបស់ពួកគាត់ជាជាងការចំណាយពេលវេលា និងប្រាក់ធ្វើដំណើរទៅកាន់ទីប្រជុំជន ដើម្បីធ្វើប្រតិបត្តិការធនាគាររបស់ពួកគាត់។

ការទូទាត់តាមរយៈទូរស័ព្ទដៃ ដែល វីង ផ្ដល់ជូនកំពុងបង្ហាញពីអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា និងអ្នកដែលរស់នៅនិងធ្វើការនៅក្រៅតំបន់ទីប្រជុំជន ក៏ដូចជានៅក្រៅប្រទេស។ ការផ្ញើរប្រាក់អន្ដរជាតិត្រូវបានអនុញ្ញាតឱ្យលំហូរទឹកប្រាក់ត្រឡប់មកប្រទេសវិញ ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ធនាគារជាតិនៃកម្ពុជា (NBC) បានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ៧៥% នៅកម្ពុជាស្ថិតនៅក្រៅផ្លូវការនៃវិស័យធនាគារ។ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកបង្កើតគោលនយោបាយ អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបិទគម្លាតនៃការបញ្ចូលផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ។

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បានដើរតួនាទីឈានមុខគេក្នុងការនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត ដល់វិស័យធនាគារ និងវិស័យទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលមួយទសវត្សរ៍មកហើយ។ ខណៈពេលដែលក្រុមហ៊ុន បានផ្តល់ដំណោះស្រាយទូទាត់ទៅឲ្យក្រុមហ៊ុន និងបុគ្គលនានាការដាក់ឲ្យដំណើរការផលិតផលរបស់ខ្លួន រួមបញ្ចូលនូវ ដំណោះស្រាយប្រាក់ខែសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ សម្រាប់ចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតសង្គមពុំចាយក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។

រាល់ការរីកចម្រើនទាំងនេះបានជួយឱ្យ វីង សម្រេចបាននូវចក្ខុវិស័យ និងប្រសិទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មរបស់ខ្លួនក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលធ្វើឱ្យសេវាធនាគារមានតំលៃសមរម្យ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលក្រីក្រ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

សូមមើលរបាយការណ៍ទាំងស្រុង របស់គណៈកម្មការ វិនិច្ឆ័យរបស់ CFI តាមតំណភ្ជាប់នេះ:https://bit.ly/2wE9cR0 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]