ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ ២០១៨ សាលាអេស៊ីអ៊ី បានរៀបចំ កម្មវិធីរត់ដើម្បីបរិស្ថាន ប្រចាំឆ្នាំលើកទី ៣ របស់ខ្លួននៅបរិវេណកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ សិស្សនិស្សិត បញ្ញាវន្ត មន្ត្រីរាជការ បុគ្គលិកស្ថានទូត អត្តពលិក និងអ្នកស្រលាញ់បរិស្ថានប្រមាណ ២០០០ នាក់។

កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី

កម្មវិធីរត់ដើម្បីបរិស្ថានប្រចាំឆ្នាំលើកទី៣ នេះត្រូវបានរៀបចំដោយសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE បានលើកឡើងថា កម្មវិធីរត់ដើម្បីបរិស្ថាននេះពិតជាមានសារៈ និងបានចូលរួមក្នុងកិច្ចការពារបរិស្ថាន។ លោកបានថ្លែងថា ថវិកាដែលបានមកពីការចូលរួមរបស់សាធារណជននេះ នឹងត្រូវប្រើប្រាស់ដើម្បីសាង់សង់បង្គន់អនាម័យនៅតាមសាលារដ្ឋនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ លោកបានរំឭកថា កម្មវិធីរត់ដើម្បីបរិស្ថានលើកទី១ ថវិកាដែលប្រមូលបានយកទៅរៀបចំកម្មវិធីចូលរួមដាំដើមឈើ កម្មវិធីរត់ដើម្បីបរិស្ថានលើកទី២ សម្រាប់ទិញធុងសំរាមចែកជូនដល់សាលារៀនមួយចំនួន។

លោក ម៉ៅ ស្រេង

ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការហាត់ប្រាណដើម្បីសុខភាព និងការសម្អាតបរិស្ថាន ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជនចំពោះការគ្រប់គ្រងសំរាមដែលខ្លួនបានបង្កើតឡើង។ លោកបានកោតសរសើរចំពោះសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីរត់ដើម្បីបរិស្ថាននេះឡើង។

ឯកឧត្ដម សុខ សប្បាយណា

នៅចំពោះមុខអ្នកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ និងប្រកបដោយមោទនភាពឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់យុវជន និងសាធារណជនជាតិ និងអន្តរជាតិក្នុងកម្មវិធីរត់ដើម្បីបរិស្ថាននៅពេលនេះគឺជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ នៃការរស់នៅប្រកបដោយផាសុកភាពតាមរយៈការហាត់ប្រាណ ហើយតាមរយៈសកម្មភាពទាំងនេះ នឹងចូលរួមចំណែកក្នុងការរៃអង្គាសក្នុងយុទ្ធនាការអនាម័យ និងបរិស្ថានស្អាត។

ឯកឧត្ដម នេត្រ ភក្ត្រា

លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព លុះត្រាយើងទាំងអស់គ្នា មានសុខភាពល្អ និងរស់នៅក្នុងសង្គមដែលមានបរិស្ថានស្អាតល្អ ។ ឯកឧត្ដម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា បរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចាំបាច់ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតអនាម័យបរិស្ថាន។ លោកជឿជាក់ថា កម្មវិធីរត់ដើម្បីបរិស្ថាននេះ នឹងត្រូវរៀបចំជាបន្តបន្ទាប់នៅឆ្នាំខាងមុខទៀត និងមានអ្នកចូលរួមពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើន ហើយគំនិតនៃការស្រឡាញ់បរិស្ថាន និងសុខភាពនេះនឹងត្រូវផ្សព្វផ្សាយរីកសាយភាយទៅគ្រប់ទិសទី។

កម្មវិធីអេស៊ីអ៊ី រត់ដើម្បីបរិស្ថានប្រចាំឆ្នាំលើកទី ៤ នឹងប្រារព្ធធ្វើទ្បើងជាថ្មីម្ដងទៀត នៅឆ្នាំ២០១៩ សូមកុំភ្លេចចូលរួមទាំងអស់គ្នានៅឆ្នាំក្រោយ៕

កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី
កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី
កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី
កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី
កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី
កម្មវិធីរត់ដើម្បីបរិស្ថានរបស់សាលាអេស៊ីអ៊ី

សម្រាប់ព័ត៌មានបន្ថែម៖ www.facebook.com/acecharitycambodia/  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]