ខេត្ត​កែប ៖ បុរស​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ពេល​បុរស​រូប​នោះ​បាន​យក​ខ្សែភ្លើង​ទៅ​ត​ភ្ជាប់​គ្នា​ដោយ​ភ្លេច​បិទ​បា​រ៉ែត​ភ្លើង ។

ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឌ​ត យ៉​ប ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ ឃុំ​ខាងលើ ។

សាក្សី​ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ខាងលើ គេ​ឃើញ ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ដែល​ដាច់​ធ្លាក់​នៅ​លើ​ដី​ត្រង់​ចំណុច​កន្លែង​កើតហេតុ​មក​ត​ភ្ជាប់​គ្នា ប៉ុន្តែ​កា​រត​ភ្លើង​នេះ​ទំនងជា​ខ្វះ​បច្ចេកទេស ដោយ​ភ្លេច​បិទ​បា​រ៉ែត ក៏​បណ្តាល​ឲ្យ​ឆក់​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។

ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ខាងលើ ត្រូវ​បាន​ស្ត្រី​ឈ្មោះ​លី​ម លី​សា​រ៉ស អាយុ​៣៨​ឆ្នាំ ជា​ប្រ​ព​ន្ធជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ប្តី​របស់​គាត់​មិន​ដែល​ចេះ​ជំនាញ​ត​ភ្លើង​នោះ​ទេ ប្តី​របស់​គាត់​ជា​កសិករ​ចេះ​តែ​ធ្វើស្រែ​ចំការ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ថ្ងៃនេះ​ចៃដន្យ​ដោយ​ឃើញ​ខ្សែភ្លើង​ដាច់​ធ្លាក់​នៅ​នឹង​ដី ប្តី​របស់​គាត់​ក៏​គិត​ត​ខ្សែភ្លើង​នោះ​ភ្ជាប់​វិញ ព្រោះ​ខ្លាច​មនុស្ស ឬ​សត្វ​ដើរ​ប៉ះ​នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត តែ​ដោយសារ​មុនត​ខ្សែភ្លើង​នោះ ដោយ​ប្តី​របស់​គាត់​ភ្លេច​បិទ​បា​រ៉ែត​ភ្លើង ទើប​បណ្តាល​ឲ្យ​ឆក់​រង​របួសធ្ងន់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​តែ​ម្តង​។

ស្ត្រី​ជា​ប្រ​ព​ន្ឋ​រៀបរាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គាត់​បាន​រៀប​ការ​ជិត​១០​ឆ្នាំ​ហើយ ព្រមទាំង​មានកូន ប្រុស​១ ស្រី​១ នៅ​ក្នុង​បន្ទុកគ្រួសារ​ផង​ដែរ បើ​អត់​ពី​ប្តី​ទៅ គាត់​មិនដឹង​ជា​រក​មុខរបរ​អ្វី​ចិញ្ចឹម​កូន​ទាំង​ពីរ​ឲ្យ​បាន​រៀនសូត្រ​នឹង​គេ​ទេ សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង​។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]