ទើបងើបពីដេកមិនទាន់ផុតថ្ងៃស្រួលបួលផង ស្រាប់តែមានអារម្មណ៍ងងុយដេកទៀតហើយ ផ្តោតអារម្មណ៍បញ្ចប់កិច្ចការអ្វីមិនបានសោះ។ ជាការពិត មនុស្សភាគច្រើនសុទ្ធតែធ្លាប់ជួបនូវស្ថានភាពបែបនេះ គ្រាន់តែតិចឬច្រើនដងប៉ុណ្ណោះ។ អ្នកដឹងទេថា វាមានកត្តាជាច្រើនដែលកំណត់ថាមពលរបស់យើងជារៀងរាល់ថ្ងៃ  រាប់តាំងពីរបបអាហារ  បរិយាកាសនិងបែបបទរស់នៅ  ភាពសកម្មនៃរាងកាយ និងបញ្ហាស្ត្រេសជាដើម។

ដូច្នេះ ខាងក្រោមនេះ ជាកត្តាទាំង៤ចំណុចដែលអាចកំណត់នូវកម្លាំងរាងកាយរបស់លោកអ្នកប្រចាំថ្ងៃ៖ 

១. កង្វះការហាត់ប្រាណ

អ្នកដឹងទេថា បើទោះបីជាការហាត់ប្រាណចំណាយកំលាំងថាមពលពិតមែន តែជាលទ្ធផលវាជួយកំចាត់ចោលជាតិពុលពីខួរក្បាលនិងរាងកាយ ដែលនាំមកវិញនូវអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងពេញមួយថ្ងៃ។

ទម្រង់នៃការហាត់ប្រាណមានដូចជា ការដើរ ការរត់ ការហែលទឹក ឬលេងកីឡា សុទ្ធតែល្អសម្រាប់អារម្មណ៍ ស្មារតី និងកម្លាំង។ ហើយពេលវេលាដែលល្អសម្រាប់ការហាត់ប្រាណគឺពេលព្រឹកព្រលឹម និងពេលល្ងាចក្រោយបញ្ចប់កិច្ចការប្រចាំថ្ងៃរួច។

រូបតំណាង

២. កង្វះនៃការដេក

ជាការពិតមិនអាចប្រកែកបាន មនុស្សភាគច្រើនជាពិសេសយុវវ័យ ជាវ័យត្រូវការកម្លាំងកាយនិងខួរក្បាលខ្លាំងមែនទែន ទាមទារការដេកយ៉ាងតិចណាស់ឲ្យបាន ៧ទៅ៨ម៉ោងដែរ។

កត្តានៃការដេកមិនគ្រប់គ្រាន់ជាមូលហេតុមួយដែលធ្វើឲ្យទាំងកម្លាំងកាយ និងកម្លាំងខួរក្បាលមានការធ្លាក់ចុះ។ ជាលទ្ធផលការគិតពិចារណា និងភាពងងុយដេកនឹងក្លាយជាឧបសគ្គសម្រេចកាតព្វកិច្ចប្រចាំថ្ងៃ។

រូបតំណាង

៣. បញ្ហាស្ត្រេស

ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្រ វិបត្តិសេដ្ឋកិច្ច ទំនាស់ ការងារ សុទ្ធតែជាកត្តាជំរុញឲ្យមានបញ្ហាស្ត្រេសយ៉ាងខ្លាំង។ បន្តិចៗម្តងស្ត្រេសមិនត្រឹមតែអាចប៉ះពាល់ទៅដល់សរីរាង្គរបស់យើងនោះទេ វាថែមទាំងអាចធ្វើឲ្យឆាប់ឈឺក្បាល វិលមុខ អស់កម្លាំង ល្ហិតល្ហៃ និងជាពិសេស វាជាឧបសគ្គក្នុងការសម្រេចគោលដៅប្រចាំថ្ងៃឲ្យបានជោគជ័យទៀតផង។

ដូច្នេះការសម្រាកពីការងារនិងការសិក្សា ដើម្បីលំហែកាយ និងខួរក្បាលពីបញ្ហាដ៏ស្មុគស្មាញក្នុងជីវីត ជាកត្តាមួយដ៏សំខាន់ខ្លាំងដើម្បីរក្សាកម្លាំងកាយ និងខួរក្បាលឲ្យនៅតែខ្លាំង។

រូបតំណាង

៤. កង្វះនៃរបបអាហារមានជីវជាតិ

របបអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់ប្រភេទ រាប់តាំងពីសារធាតុសរសៃ វីតាមីន សារធាតុរ៉ែ និងជាតិទឹកឲ្យបានគ្រប់គ្រាន់ សុទ្ធតែជាតម្រូវការពុំអាចខ្វះបានឡើយនៃរាងកាយដើម្បីមានកម្លាំងពេញមួយថ្ងៃ។

ដូច្នេះវាជាការចាំបាច់ណាស់ដែលក្នុងមួយថ្ងៃ យើងត្រូវរួមបញ្ចូលរបបអាហារទាំង៤ប្រភេទនេះ៖ ផ្លែឈើ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ។

ក. ផ្លែឈើ ល្អសម្រាប់បំពេញកម្លាំង មានដូចជា ផ្លែក្រូច ផ្លែម្នាស់ ផ្លែល្ហុង ផ្លែចេក ផ្លែផាស៊ិន និងផ្លែប៉ោមជាដើម។

ខ. បន្លែ ល្អសម្រាប់បំពេញកម្លាំង មានដូចជា ស្ពៃខាត់ណា ដំឡូង សណ្តែកសៀង ស្ពៃខ្មៅ ជាដើម។

គ. ប្រូតេរអ៊ីន មិនត្រឹមជាអាហារសាងសង់ប៉ុណ្ណោះទេ វាថែមទាំងជាអាហារថាមពលទៀតផង មានដូចជា ស៊ុត សាច់ជ្រូក គោ ត្រី ជាដើម។

ឃ. គ្រាប់ធញ្ញជាតិ មានដូចជា សណ្តែកដី ពោត គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ន់ និង គ្រាប់ធញ្ញជាតិវ៉ល់ណាត់ ជាដើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]