អាហារជាប្រភពដ៏សំខាន់មួយ ដែលរាងកាយយើងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការថាមពលសម្រាប់ដំណើរជីវសាស្ត្ររបស់កោសិកាទាំងឡាយនៃរាងកាយ និងសារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់ការលូតលាស់ ការសាងសង់ និងការការពារ។ ក្នុងនោះតម្រូវការនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការជាប្រចាំ មានចាប់តាំងពីវីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែ និងសារធាតុសរសៃ ជាដើម។

ជាក់ស្តែង សារធាតុផូស្វាតជាប្រភេទសារធាតុរ៉ែផងដែរនោះក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ ប៉ុន្តែកង្វះនៃសារធាតុផូស្វាតក៏អាចផ្តល់ផលប៉ះពាល់មួយចំនួនដូចជា ពុកឆ្អឹង ឈឺសាច់ដុំនិងសន្លាក់ ពុកធ្មេញ ចេះតែស្ពឹក ទម្ងន់ឡើងចុះពុំមានលំនឹង ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធប្រសាទ និងប៉ះពាល់ដល់ការលូតកំពស់ជាដើម។

ដូច្នេះខាងក្រោមជាសារៈប្រយោជន៍សុខភាព ទទួលបានពីការបរិភោគអាហារសម្បូរសារធាតុផូស្វាត៖ 

១. ជួយឲ្យឆ្អឹងរឹងមាំ

សារធាតុផូស្វាតជាមួយនឹងកាល់ស្យូម ជាបន្សំនៃសារធាតុរ៉ែដ៏សំខាន់ក្នុងការពង្រឹងសុខភាពឆ្អឹងឲ្យកាន់តែរឹងមាំ លូតលាស់បានល្អ ការពារពីបញ្ហាបាក់ឆ្អឹង។ ជាពិសេស វាជាកត្តាដ៏សំខាន់ដើម្បីចៀសវាងឲ្យឆ្ងាយពីហានិភ័យនៃជំងឺពុកឆ្អឹង។

អ្នកដឹងទេថាស្ទើរពាក់កណ្តាលនៃដង់ស៊ីតេឆ្អឹងបង្កឡើងពីសារធាតុផូស្វាតនេះឯង។ ជាពិសេសចំពោះស្រ្តីអស់រដូវដែលងាយនឹងរងបញ្ហាពុកឆ្អឹងដោយសារការប្រែប្រួលអរម៉ូន ចាំបាច់ត្រូវទទួលទានអាហារសម្បូរទាំងកាល់ស្យូម និងផូស្វាត។

២. ជួយដល់ដំណើរការនៃតម្រងនោម

តម្រងនោមជាសរីរាង្គប្រើប្រាស់ដោយរាងកាយយើងសម្រាប់ច្រោះសារធាតុពុល សារធាតុមិនល្អ ឬសារធាតុទាំងឡាយណាដែលអាចធ្វើឲ្យបាត់បង់តុល្យភាពក្នុងរាងកាយ ចេញទៅតាមទឹកនោម។

បើទោះបីជាយ៉ាងណាក៏ដោយ សារធាតុផូស្វាតក៏ជាតម្រូវការរបស់សរីរាង្គតម្រងនោមផងដែរ សម្រាប់ដំណើរការរបស់វាក្នុងការសម្អាតសារធាតុពុលទាំងនោះ។

រូបតំណាង

៣. ជាប្រភពនៃថាមពលសម្រាប់រាងកាយ

រាល់ចំណីអាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃ ត្រូវបានបំបែកជាកំទេចកំទីម៉ូលេគុលតូចល្អិតជាច្រើនចំណែក ហើយនឹងត្រូវបំបែកបន្តជាច្រើនដំណាក់កាលដើម្បីផលិតថាមពល ATP ដែលជាទម្រង់នៃថាមពលតែមួយគត់ដែលកោសិកាយើងប្រើប្រាស់សម្រាប់ធ្វើមេតាបូលីសទាំងឡាយ។

ទម្រង់ថាមពលATP នេះឯង មានភ្ជាប់ជាមួយនឹងអ៊ីយ៉ុងផូស្វាតដល់ទៅម៉ូលេគុលជាប់ៗគ្នា ហើយក្នុងទម្រង់ច្រវ៉ាក់នៃផូស្វាតនេះមានផ្ទុកថាមពលដ៏អស្ចារ្យដែលអាចធ្វើឲ្យមានដំណើរការនៃរាងកាយរបស់មនុស្សគ្រប់រូប។

ដូច្នេះការបរិភោគអាហារសម្បូរទៅដោយសារធាតុផូស្វាតក៏ជាតម្រូវការមួយផ្នែកសម្រាប់ការផលិតថាមពលផងដែរ។

ចំណាំ៖

ជាការពិត អាហារណាក៏ដោយបើយើងបរិភោគច្រើនពេកនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពមកវិញ។ ឧទាហរណ៍ ការទទួលទានសារធាតុកាល់ស្យូមច្រើនពេកតាមរយៈអាហារបំប៉នជាដើម ក៏អាចបង្កបញ្ហាគ្រួសក្នុងតម្រងនោមផងដែរ។ ដូចគ្នាផងដែរ ការទទួលទានអាហារសម្បូរដោយសារធាតុផូស្វាត នឹងមិនបង្កហានិភ័យអ្វីឡើយ ប៉ុន្តែ នៅពេលយើងបំប៉នសារធាតុចិញ្ចឹមដែលមានលាយជាមួយជាតិផូស្វាតផងនោះ ការទទួលទានយូរៗទៅនឹងអាចបង្កជាបញ្ហាដល់សុខភាពដូចជា បង្កបញ្ហាទាក់ទងនឹងបេះដូងជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានអាហារធម្មតាប្រចាំថ្ងៃ នឹងមិនផ្តល់ផលប៉ះពាល់អ្វីឡើយព្រោះវាមានបរិមាណតិច។ អាហារសម្បូរដោយជាតិផូស្វាត មានដូចជា ទឹកដោះគោស្រស់ គ្រាប់ធញ្ញជាតិ ដំឡូង ត្រីធូណា ស៊ុត និងស្ពៃខាត់ណាជាដើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]