ខេត្ដកណ្ដាល ៖ អាហ៊ីយ៉ាន់ដាយមួយគ្រឿង ទំនងជាធ្ងន់ពេក ទៅមុខលែងរួច ក៏ប្រាស់ខ្លួនដេក ក្នុងព្រែកផ្ងារជើងឡើងលើ ចាក់ស្រូវចូលពេញក្នុងព្រែក ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ថ្ងៃទី១៦ខែមីនា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២១ជាប់គល់ស្ពាន ព្រែកខ្សេវ ភូមិព្រែកខ្សេវ ស្រុកស្អាង ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពី នគរបាលបានឱ្យដឹងថា រថយន្ដដែលក្រឡាប់ផ្ងារជើង ចូលព្រែកនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក លេខ យ-១៦២៥ ប្រភេទ ២តោន តែកែដឹកស្រូវប្រហែលជា ៦តោនឯណោះ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង អ្នកបើកបរ ឈ្មោះ ហ៊ ចក់ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នក បើកបររថយន្ដ រស់នៅក្នុងភូមទេពអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល (ពុំមានរងរបួសនោះទេ) ។

ប្រភពដដែលបានឱ្យដឹងថា មុនពេលកើត រថយន្ដខាងលើដឹកស្រូវ បើកបរតាមបណ្ដោយផ្លូវជាតិលេខ ២១នេះ ដោយដាក់ស្រូវពេញរហូតលិច ទ្រង់កែនោះ បាត់ប្រហែលជា ៥-៦តោនឯណោះ លុះទៅដល់ចំណុចកើត ដោយស្ពានទ្រុឌទ្រោម រថយន្ដធន់ធ្ងន់មិនអាចឆ្លងកាត់ បាន ម្យ៉ាងវិញ ទៀតស្ពាននេះ គឺមានគម្រោង និងជួសជុលឡើងវិញ នាពេលឆាប់ៗនេះ ដោយឃើញយ៉ាងដូច្នេះ ស្រុកក៏បានចាក់ដីធ្វើផ្លូវវាង ជាបណ្ដោះអាសន្នសិន ប៉ុន្ដែដោយសាររថយន្ដនោះ ដាក់ធ្ងន់ពេក ទើប បណ្ដាលជ្រាលដី រហូតក្រឡាប់តែម្ដងទៅ ។

បច្ចុប្បន្នត្រូវស្ទូចយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]