អត្ថបទមុនៗមិត្តអ្នកអានប្រាកដជាបានជ្រាបរួចមកហើយថា ស្ពៃក្តោប ពិតជាមានប្រយោជន៍ចំពោះសុខភាព និងសម្រស់ច្រើនយ៉ាងណាស់ មិនថាតែការចម្អិនជាម្ហូបអាហារសម្រាប់ទទួលទាន យកធ្វើជាអន្លក់បន្លែឆៅ និងការយកធ្វើជាភេសជ្ជៈនោះទេ គឺសុទ្ធតែផ្តល់ផលល្អទាំងអស់ដូចៗគ្នា។

ដោយឡែក ស្ពៃក្តោបមិនមែនមានប្រយោជន៍នៅក្នុងការទទួលទានប៉ុណ្ណោះទេ សូម្បីតែក្នុងបញ្ហាសម្រស់ខាងក្រៅក៏ស្ពៃក្តោបអាចជួយបានដែរ នោះគឺការយកមកធ្វើជាម៉ាស់រូបមន្តធម្មជាតិសម្រាប់ជួយឱ្យផ្ទៃមុខស្រស់ស្អាត តឹងណែន ក្មេងជាងវ័យ និងបំបាត់បញ្ហាស្បែកមួយចំនួនផងដែរ។

ដូច្នេះចង់ដឹងថារូបមន្តសម្រស់ធម្មជាតិធ្វើពីស្ពៃក្តោបអនុវត្តបែបណា និងមានប្រយោជន៍អ្វីខ្លះ តោះ! ទៅតាមដានទាំងអស់គ្នា៖

ស្ពៃក្តោប

១. ស្ពៃក្តោប និងក្រូចឆ្មារ

រូបមន្តមួយនេះអាចជួយបំបាត់ស្នាមផ្សេងៗលើផ្ទៃមុខ ជាពិសេសគឺ បំបាត់ស្បែកមុខដែលចាស់ជ្រីវជ្រួញ ឱ្យប្រែជាក្មេងជាងវ័យផងដែរ។

ការអនុវត្ត៖

វិធីទី១

- ជាដំបូងយកកាត់ស្ពៃក្តោបពាក់កណ្តាល លាងទឹកឱ្យស្អាត រួចយកទៅដាំនៅក្នុងទឹកមួយឆ្នាំងដោយអាចបន្ថែមអំបិលបន្តិចផង និងស្ងោររហូតដល់ស្ពៃក្តោបទន់ល្អ សឹមស្រង់ចេញមកវិញ

- បន្ទាប់មកកាត់ស្ពៃក្តោបដែលស្ងោរនេះជាដុំតូចៗ ដើម្បីយកទៅក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុកឱ្យហ្មត់ ដោយបន្ថែមទឹកក្រូចឆ្មារសម្បកលឿង (អាចប្រើក្រូចឆ្មារធម្មតាក៏បាន) ប្រមាណជា ១ស្លាបព្រាបាយ

- ពេលនេះអ្នកអាចយកល្បាយម៉ាស់ស្ពៃក្តោបនេះមកលាបឱ្យសព្វផ្ទៃមុខ និងម៉ាស្សាថ្នមៗរយៈពេល ៥នាទី ទៅ១០នាទី បន្ទាប់មកទុកវាចោលឱ្យស្ងួតប្រមាណជា កន្លះម៉ោង ទៅ១ម៉ោង

- ជាចុងក្រោយលុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច ឬអាចលាបក្រែមផ្តល់សំណើមបន្ថែមក៏បានដើម្បីជួយឱ្យស្បែកទន់ល្អ និងកម្ចាត់ក្លិនស្ពៃក្តោបផងដែរ។

វិធីទី២

- អ្នកអាចហាន់ស្ពៃក្តោបជាចំណិតតូចៗ ​រួចយកទៅបុក ​ឬកិនឱ្យហ្មត់ដោយលាយជាមួយនឹងទឹកក្រូចឆ្មារ ១ ​ទៅ២ស្លាបព្រា និងទឹកឃ្មុំ ​១ ​ទៅ២ស្លាបព្រា រួចសឹមយកល្បាយនេះមកលាបលើផ្ទៃមុខទុកចោល  ២០ ​ទៅ៣០នាទីចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ 

ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែអនុវត្តវិធីមួយនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ស្ពៃក្តោប និងក្រូចឆ្មារ

២. ស្ពៃក្តោប ជាមួយនឹងតែបៃតង

រូបមន្តនេះជួយឱ្យផ្ទៃមុខទន់រលោងស្អាត ថែមទាំងអាចជួយបង្រួមរន្ធញើស ធ្វើឱ្យផ្ទៃមុខម៉ដ្ឋខៃលាបម្សៅកាន់តែចូលផងដែរ។

ការអនុវត្ត៖

- កាត់ស្ពៃក្តោបមួយដុំទំហំល្មមលាងទឹកឱ្យស្អាតរួចហាន់ឱ្យរាងល្អិតបន្តិច រួចសឹមយកមក កិន បុក ឬក្រឡុកវាឱ្យហ្មត់ដោយលាយជាមួយនឹងតែបៃតងក្នុងបរិមាណសមល្មមផង (ម្សៅតែបៃតង ឬទឹកតែបៃតងសុទ្ធក៏បាន)

- បន្ទាប់មកយកល្បាយដែលលាយគ្នារួចនេះមកលាបលើផ្ទៃមុខ និងម៉ាស្សាថ្នមៗឱ្យវាចូលសព្វស្បែកមុខ រួចទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្រៅឧណ្ហៗជាការស្រេច។

ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែអនុវត្តវិធីមួយនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ស្ពៃក្តោប ជាមួយនឹងតែបៃតង

៣. ស្ពៃក្តោប និងទឹកខ្មេះប៉ោម

រូបមន្តនេះជួយធ្វើឱ្យផ្ទៃមុខទន់ ភ្លឺ រលោងស្រស់ស្អាត ថែមទាំងធ្វើឱ្យស្បែកមុខក្មេងជាងវ័យទៀតផង។

ការអនុវត្ត៖

- កាត់ស្ពៃក្តោបក្នុងទំហំល្មម លាងទឹកឱ្យស្អាតរួចយកទៅស្ងោរជាមួយនឹងទឹកមួយឆ្នាំងដោយបន្ថែមទឹកខ្មេះប៉ោម ៣ ទៅ៤ស្លាបព្រាបាយ (ទឹកខ្មេះប៉ោម apple cider vinegar អាចរកបានដោយងាយនៅផ្សារទំនើប) រួចស្ងោររម្ងាស់វារយៈពេលកន្លះម៉ោង ទៅ១ម៉ោង

- បន្ទាប់មកស្រង់ស្ពៃក្តោបនេះចេញយកមកកិន បុក ឬក្រឡុកឱ្យហ្មត់ ចាំយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ២០នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

កុំភ្លេចអនុវត្តវិធីមួយនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីឱ្យផ្ទៃមុខក្មេងខ្ចីជាងវ័យ។

ស្ពៃក្តោប និងទឹកខ្មេះប៉ោម

៤. ស្ពៃក្តោប និងតាសក់

រូបមន្តមួយនេះធ្វើឱ្យផ្ទៃមុខទន់ ភ្លឺ រលោង ហ្មត់ខៃ បង្រួមរន្ធញើស បំបាត់ស្នាមជ្រួញ និងធ្វើឱ្យមុខតឹងណែនក្មេងជាងវ័យ។

ការអនុវត្ត៖

- កាត់ស្ពៃក្តោបមួយចំហៀងលាងទឹកឱ្យស្អាតរួចកាត់ជាដុំៗ លាយជាមួយនឹងតាសក់ដែលចិតសម្បករួច ១ផ្លែ និងខ្ទឹម-សដែលបកសម្បករួច ២ ទៅ៣ដុំ រួចក្រឡុកចូលគ្នាឱ្យហ្មត់ល្អ រួចយកល្បាយនេះច្រោះយកតែទឹកមកប្រើប្រាស់

ស្ពៃក្តោប និងតាសក់

- បន្ទាប់មកយកទឹកម៉ាស់មួយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១០នាទីទៅ១៥នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

ដើម្បីឱ្យផ្ទៃមុខកាន់តែស្អាត កុំភ្លេចអនុវត្តវិធីមួយនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ចុះសុភាពនារីៗពេញចិត្តវិធីមួយណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]