(ភ្នំពេញ)៖ បន្ទាប់ពីចេញមុខប្រកាសអំពាវនាវ ដល់សប្បុរសជន ដើម្បីស្វែងរកការបរិច្ចាគឈាម ជួយសង្គ្រោះជីវិតបុរសកំសត់វ័យម្នាក់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ ហើយក៏ត្រូវប្រពន្ធស្លាប់ចោល និងមានទំនួលខុសត្រូវមើលថែចិញ្ចឹមកូន២នាក់ ពីតារាស្រី កញ្ញា សុខ ពិសី នៅទីបំផុត ក៏មានសប្បុរសជនជាច្រើន បានសម្រេចបរិច្ចាគឈាម ជួយសង្គ្រោះជីវិតបុរសរូបនោះ ឲ្យបានរួចផុតពីសេចក្ដីទុក្ខលំបាក។

ជាមួយគ្នានៃការជួយសង្គ្រោះ តាមរយៈការបរិច្ចាគឈាម របស់សប្បុរសជននេះដែរ តារាចម្រៀងបែបយុវវ័យ មានសម្រស់ឆើតឆាយ កញ្ញា សុខ ពិសី បានបញ្ចេញសារថ្លែងអំណរគុណ និងបង្ហាញពីអារម្មណ៍រំភើបបែបនេះថា «នាងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានទេ នាងខ្ញុំ សុខ ពិសី តំណាងឲ្យបុរសដែលជាអ្នកជំងឺ សូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលមានរូបខាងក្រោមរួមទាំងម្ចាស់ Facebook ឈ្មោះ vathana kv និងម្ចាស់ Facebook vin bella រួមទាំងសប្បុរសជន ដែលមានចិត្តមេត្តាជាច្រើនរូបទៀត»។

តារាស្រីកញ្ញា សុខ ពិសី និយាយទៀតថា «អរគុណអ្នកទាំងអស់គ្នា ដែលសុខចិត្តចំណាយពេលវេលា ទៅបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងតែគេងលើគ្រែ ក្រោកមិនរួចមានតែស្បែកដណ្តប់ឆ្អឹង ឈាមរបស់អស់លោកអ្នក អាចបន្តជីវិតគាត់ ដើម្បីឲ្យគាត់បានមើលថែកូនគាត់ទាំងពីរ នាងខ្ញុំសូមជូនពរសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ប៉ងប្រាថ្នាអ្វីសូមឲ្យបានសម្រេច គ្រប់បំណងប្រាថ្នា»។

សូមបញ្ជាក់ថា អំឡុងពេលប្រកាសអំពាវនាវសុំការ ជួយបរិច្ចាគឈាមពីសំណាក់សប្បុរសជន កាលពីថ្មីៗនេះដែរ កញ្ញា សុខ ពិសី ក៏បានបញ្ជាក់ថា បុរសម្នាក់នេះពុំមែនត្រូវជាសាច់ញាតិ ឬជាប់សាច់ឈាមអ្វី និងគ្រួសារខ្លួនឡើយ ពោលគឺការជួយរបស់នាងនាពេលនេះ ដោយហេតុថាមើលឃើញពីក្តីអាណិតអាសូរ បុរសវ័យចំណាក់ម្នាក់នោះ ដែលជួបការខ្វះខាតធ្លាក់ខ្លួនឈឺ ហើយប្រកបរបររត់ម៉ូតូឌុប ចិញ្ចឹមកូនចំនួន២នាក់ ខណៈប្រពន្ធក៏ទើបស្លាប់ចោលផងនោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី