មនុស្សគ្រប់រូបរាល់ពេលដល់វ័យ១៨ឆ្នាំឡើង តែងតែនឹកគិតគូយ៉ាងខ្លាំងពីរឿងអនាគតនៅថ្ងៃខាងមុខជានិច្ច មិនថាពួកគេជាមនុស្សប្រុស ឬក៏ស្រីនោះទេ គឺតែងតែមានការគិតគូសម្រាប់ថ្ងៃអនាគត មានគោលដៅច្បាស់លាស់ សម្រាប់ជីវិតរបស់នាពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តែការគិតរបស់ពួកគេក៏អាចខុស ដោយសារតែមិនបានសិក្សាឲ្យស៊ីជម្រៅជាមួយនឹងបំណងប្រាថ្នារបស់ខ្លួន ដែលអាចធ្វើឲ្យយើងទទួលបាននូវភាពជោគជ័យនៅថ្ងៃខាងមុខ ឬក៏ចំណងការចង់បានអ្វីមួយ ត្រឹមតែមួយរយៈពេលខ្លី រហូតពេលខ្លះក៏អាចធ្វើឲ្យវាក្លាយទៅជាទម្លាប់ កែលែងចង់បាន។

តួយ៉ាង បើងាកមកនិយាយពីសំភារៈប្រើប្រាស់ជាប្រចាំដូចជាសម្លៀកបំពាក់ ទូរស័ព្ទ ឬគ្រឿងតុបតែងខ្លួនផ្សេងៗ ភាគច្រើនក្មេងៗពិតជាចង់បានខ្លាំង ដោយសុខចិត្តចំណាយថវិកាជាច្រើនទៅលើវា ថែមទាំងស៊ូមិនបានញុំាអាហារឆ្ងាញ់ៗប៉ុន្មានថ្ងៃ ដើម្បីយកលុយទាំងនោះ មកសន្សំទុកទិញរបស់ទាំងនេះ។ 

តែអ្នកខ្លះទៀត ក៏បានគិតគូ និងស្រមើលស្រមៃខ្ពស់ទៅលើការទិញ រថយន្ត ម៉ូតូ ឬក៏ផ្ទះវីឡា ដីធ្លីជាដើម ដែលអ្នកខ្លះក៏ត្រូវសន្សំប្រាក់ពីការធ្វើការងារជាច្រើនឆ្នាំ ដើម្បីសម្រេចទិញរបស់នៃក្តីស្រមៃរបស់ពួកគេ។ ក៏ប៉ុន្តែ ដើម្បីឲ្យជីវិតរបស់យើងកាន់តែទទួលបានជោគជ័យនោះ អ្នករាល់គ្នា ជាពិសេសក្មេងៗ ត្រូវគិតឲ្យបានច្បាស់មុនធ្វើការប្រើប្រាស់ពេលវេលា ទិញរបស់ទាំងនោះចូលក្នុងផ្ទះ។

រូបតំណាង

ដូច្នោះហើយ ទើបវេបសាយបរទេសមួយចំនួនក៏បានប្រៀបធៀបជាធំ ជាមួយនឹងការចំណាយពេលវេលាទិញ រថយន្ត និងផ្ទះមុន តើមួយណាគឺជាការល្អ? តើអ្នកនឹងសម្រេចចិត្តបែបណានៅក្នុងការជ្រើសយករបស់ទាំង២នេះ ព្រោះវាពិតជាមានសារៈសំខាន់ចំពោះយើងដូចគ្នា។

ជាដំបូងយើងត្រូវគិតពីខ្លួនយើងជាមុន ថាបច្ចុប្បន្ននេះយើងនៅក្នុងស្ថានភាពបែបណា ដោយត្រូវសួរសំណួរទាំងនេះទៅកាន់ខ្លួនឯងជាមុន៖

-តើលុយដែលយើងបានបង្កើតឡើង ក្នុងមួយខែបានប៉ុន្មាន?៖

សំណួរមួយនេះអាចធ្វើឲ្យយើងគិតខ្ពស់ពីប្រាក់ចំណូល និងចំណាយដែលនៅសល់សម្រាប់ធ្វើអ្វីមួយនៅក្នុងថ្ងៃអនាគត ពោលគឺចង់ទិញអ្វីដែលយើងចង់បាន សូម្បីតែទិញទូរស័ព្ទមួយយើង ក៏ត្រូវគិតពីរឿងហិរញ្ញវត្ថុនេះឲ្យបានច្បាស់លាស់ជាមុនដែល ព្រោះវាអាចធ្វើឲ្យយើងបានដឹង និងឲ្យតម្លៃទៅកាន់ការប្រើប្រាស់លុយ ដែលយើងបានមកពី ការខិតខំប្រឹងប្រែងធ្វើការងារជារៀងរាល់ថ្ងៃ។

តួយ៉ាង បើសិនជាយើងមានប្រាក់ខែ ៥០០ដុល្លារ យើងត្រូវដឹងថាលុយប៉ុណ្ណឹង យើងយកវាមកធ្វើអ្វីខ្លះជាប្រចាំខែ ដូចជាអ្នកខ្លះដែលមានគ្រួសារត្រូវបង់ថ្លៃទឹកភ្លើង ទិញម្ហូបអាហារជាប្រចាំថ្ងៃ។ ហើយអ្វីដែលយើងចំណាយនោះ ត្រូវស្មានមើលថាអស់ ប៉ុន្មាន និងសល់ប៉ុន្មាន។

បើសិនជាយើងមានលុយសមល្មម នៅសល់ច្រើនយើងអាចធ្វើការសន្សំ ឬក៏ធ្វើការបង់រំលោះជាប្រចាំខែ ដើម្បីសម្រេចគោលបំណងដែលយើងចង់បាន។ ដូច្នោះហើយ រឿងទាំងនេះគឺជាការងារចាំបាច់បំផុតក្នុងការធ្វើឲ្យ ជីវិតឲ្យប្រសើរ។ 

រូបតំណាង

-តើរាល់ការចំណាយនៅលើការទិញរបស់ទាំងនេះ យើងអាចសល់ប៉ុន្មាននៅក្នុងខ្លួន? ៖

ដូចដែលអ្វីដែលបានរៀបរាប់ខាងលើយ៉ាងដូច្នោះ ការដែលសល់លុយនៅក្នុងខ្លួនជាប្រចាំខែឆ្នាំ យើងត្រូវមានការបូកសរុបជាមុនសិន ដើម្បីបញ្ជាក់ឲ្យដឹងថា នៅពេលដែលយើងទិញវាមក តើវានឹងត្រូវងាយស្រួល ឬក៏ពិបាកដល់ខ្លួនឯង ព្រោះថានៅពេលដែលយើងត្រូវចំណាយទៅលើរបស់របរច្រើន ជាប្រចាំខែ ហើយត្រូវមករកលុយទិញ ឬបង់រំលោះផ្ទះបន្ថែមទៀត នោះវាធ្វើឲ្យយើងកាន់តែមានភាពលំបាកកាន់តែខ្លាំងណាស់ហើយ។

ដូច្នោះហើយ យើងត្រូវមានភាពប្រាកដប្រជាក្នុងខ្លួនថា តើអ្វីដែលយើងចង់បាននោះវាអាចនឹងហួសសមត្ថភាព របស់យើងជារៀងរាល់ថ្ងៃដែលឬទេ។ 

-តើយើងអាចទិញផ្ទះ ឬក៏ឡាន នៅក្នុងតម្លៃពេញដែរឬទេ? ៖

ជាការពិតណាស់ បើសិនជាសមត្ថភាពយើងអាចទិញឡាន ឬក៏ផ្ទះនោះក្នុងតម្លៃពេញមួយ វាអាចនឹងធ្វើឲ្យយើងមានភាពងាយស្រួលខ្លាំងជាងមុន មិនថាថវិកា និងចិត្តគិត តែរឿងជំពាក់គេ ប្រាក់ដែលនៅសល់ត្រូវឲ្យគេប៉ុន្មាននោះទេ។

តែបើនេះ គ្រាន់តែជាការចង់មានភាពហ៊ឺហារ ទាំងដែលគ្មានថវិកានៅក្នុងខ្លួន ឬគ្មានសមត្ថភាពទិញរបស់ទាំងនោះទេ ហើយយើងបានយកវាមកប្រើប្រាស់ដោយធ្វើការបង់រំលោះ ឬក៏ខ្ចីប្រាក់អ្នកដទៃនោះ វានឹងធ្វើឲ្យយើងកាន់តែពិបាក មិនថាជាការលំបាករកប្រាក់មកសងគេនោះទេ។ដូច្នោះហើយ គឺត្រូវមានការគិតគូពីរឿងទាំងនេះឲ្យបានច្បាស់លាស់ជាមុន ជាពិសេសអ្នកអាចសាកសួរទៅកាន់អ្នកនៅជុំវិញខ្លួន។ 

រូបតំណាង

-តើយើងនឹងត្រូវចំណាយប៉ុន្មាន ប្រសិនបើសម្រេចចិត្តទិញឡាន ឬផ្ទះ?

មុននឹងទិញអ្វីមួយយើងត្រូវប្រាកដថា អ្វីដែលយើងចង់បាននោះវាមានតម្លៃប៉ុន្មាន ហើយវាសមស្របទៅនឹងស្ថានភាពរបស់យើងឬទេ ដូច្នោះហើយមុននឹងសម្រេចចិត្តថាចង់ទិញរបស់សំខាន់ៗទាំងពីរនេះ និងធ្វើឲ្យវាកាន់តែងាយស្រួលជាងមុន យើងត្រូវតែធ្វើផែនការ ឬក៏គោលបំណងរបស់យើង ដោយធ្វើការដឹងថាផ្ទះដែលយើងចង់បាននោះទំហំប៉ុន្មាន? ឡានដែលយើងទិញនោះតម្លៃប៉ុន្មាន ស៊េរីអ្វី?

បន្ទាប់ពីយើងបានដឹងពីចំណង់របស់យើងរួចហើយ គឺអ្វីដែលយើងត្រូវធ្វើនោះ ត្រូវដឹងពីតម្លៃវា ថាតម្លៃរបស់យើងចង់បាននោះមានតម្លៃប៉ុន្មាន។ ក្រោយពីបានដឹងពីចំណុចទាំងនេះហើយ យើងត្រូវការសន្សំប្រាក់ ដើម្បីបង្កើតនូវសេចក្តីត្រូវការរបស់យើង។ តាមរយៈការធ្វើបែបនេះ យើងនឹងអាចដឹងថា ការដែលខំទាំងនេះអាចនឹងធ្វើឲ្យយើងជោគជ័យ និងមិនធ្វើឲ្យមានផលលំបាកថ្ងៃខាងមុខ។

-បើសិនជាមានការបង់រំលោះ តើវាសាកសមនឹងប្រាក់ខែដែលយើងកំពុងមានដែលទេ?

ចំណុចមួយនេះ ក៏វាស្រដៀងទៅនឹងចំណុខខាងលើទាំងប៉ុន្មានដែរ ដោយទាំងអស់នេះ គឺផ្តោតទៅលើការគិតរបស់យើងជាមុនសិន បើយើងពុំបានដឹងពីចំណូលចំណាយ របស់យើងជាប្រចាំនោះទេ វាក៏ធ្វើឲ្យការសម្រេចចិត្តទាំងនោះក្លាយទៅជាការបរាជ័យ។

ព្រោះថារបស់របរនីមួយៗដែលយើងយកមកប្រើប្រាស់នោះ គឺសុទ្ធតែចំណាយជាថវិកាទាំងអស់។

-តើយើងនឹងមានប្រាក់សម្រាប់ទុកជួប ហានិភ័យភ្លាមៗដែលឬអត់?៖

ជាការពិត ហានិភ័យតែងតែកើតមានឡើងដោយមិនបានព្រៀងទុក គ្រួសារដែលចេះទុកដាក់ល្អ គឺតែងតែមានប្រាក់កាក់សម្រាប់ទុកគ្រាន់ចាយវាយ និងកើតរឿងអាសន្នឡើង ដែលពេលខ្លះក៏មានដូចជាការកើតជំងឺភ្លាមៗ ត្រូវទិញរបស់របស់អ្វីជាប្រញាប់ជាដើម។

ទាំងនេះអាចធ្វើឲ្យយើងកាន់តែងាយស្រួល ដោយមិនចាប់បាច់ទៅលាដៃសុំខ្ចីពីអ្នកដទៃនោះទេ។

រូបតំណាង

ប៉ុន្មានសំណួរទាំងប៉ុន្មាននេះ អាចធ្វើឲ្យអ្នកបានយល់ឲ្យបានច្បាស់ពីផលលំបាកសម្រាប់ខ្លួនឯងជាមុន ដើម្បីកុំឲ្យជ្រើសរើសខុស ធ្វើឲ្យខាតបង់។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ និងគុណប្រយោជន៍នៃការទិញ រថយន្ត និងផ្ទះមុន ដើម្បីកុំឲ្យមានការស្តាយក្រោយខ្លាំងពេលដែលទិញវាយកមកទុក៖

គុណសម្បត្តិ នៃការទិញរថយន្ត៖

-អាចជាមធ្យោបាយ ដ៏ងាយស្រួលសម្រាប់ធ្វើដំណើរទៅណាមកណាឆ្ងាយៗ ជាមួយគ្រួសារដោយមានភាពរីករាយ ដោយមិនបាច់ជិះឡានជាមួយនឹងអ្នកដទៃ និងឡានឈ្នួលជាដើម ដែលវាធ្វើឲ្យយើងមានភាពលំបាក ធ្វើឲ្យយើងខាតពេលនៅក្នុងការធ្វើដំណើរទៅណាមកណានៅក្នុងការសម្រេចចិត្តដ៏ខ្លីមួយ។

-ជារបស់ក្រៅខ្លួនមួយ ដែលអាចធ្វើឲ្យមនុស្សភាគច្រើន និងអ្នកដទៃ អាចវាយតម្លៃយើងបានដោយងាយ ពោលគឺបច្ចុប្បន្ននេះពិតជាសម្បូរទៅដោយការប្រើប្រាស់សំភារៈនិយម ដូច្នោះអាចធ្វើឲ្យខ្លួនឯងកាន់តែមានភាពសប្បូរបែបខ្លាំងឡើង។

គុណវិបត្តិ នៃការទិញរថយន្ត៖

-ត្រូវបង់ប្រាក់ពន្ធជាប្រចាំឆ្នាំ៖ ដោយក្នុងនោះគឺត្រូវគិតទៅតាមប្រភេទរថយន្តនីមួយៗ ដូច្នោះការទិញរបស់មួយនេះគឺ មិនត្រឹមតែអស់លុយទិញតែជាលើកដំបូងនោះទេ តែក៏ត្រូវអស់លុយជាប្រចាំឆ្នាំផងដែរ។

-ត្រូវចាក់សាំងជាងរៀងរាល់ថ្ងៃ៖ ដូចប្រិយមិត្តបានដឹងហើយថា ឡានគឺត្រូវប្រើប្រាស់សាំង ដើម្បីឲ្យវាដំណើរការទៅមុខបាន មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវចំណាយលុយទៅលើវាជាច្រើនដែរ។

-ខាតពេល បើជិះក្នុងទីក្រុង៖ ដូចប្រិយមិត្តបានដឹងហើយថាបច្ចុប្បន្ននេះ មានឡានម៉ូតូច្រើនជាហូហែល រីឯចរាចរណ៍នៃការកកស្ទះវិញ ក៏ច្រើនគួរឲ្យកត់សម្គាល់ ដូច្នោះនៅពេលដែលយើងត្រូវទៅធ្វើការឲ្យទាន់ពេលនោះ យើងនឹងត្រូវចំណាយពេលយូរជាងការជិះម៉ូតូ។

រូបតំណាង

គុណសម្បត្តិ នៃការទិញផ្ទះ៖

-អាចមានជំរកដែលជារបស់ខ្លួន ងាយស្រួលបំផុតដោយមិនត្រូវ ខាតបង់ប្រាក់ជាប្រចាំខែ ដើម្បីជួលផ្ទះគេ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចផ្តល់ភាពកក់ក្តៅ និងសុភមង្គលនៅក្នុងគ្រួសារ នៅពេលដែលមានវា។

-ផ្ទះដែលទិញហើយ គឺអាចទទួលបាននូវការចំណេញលើសប្រាក់ដើម ប្រសិនជាមុននឹងសម្រេចចិត្តទិញ អ្នកបានស្រាវជ្រាវរួចជាស្រេច និងប៉ានស្មានមើលនៅថ្ងៃខាងមុខថាកន្លែងមួយនោះ នឹងមានអ្វីអភិវឌ្ឃ ក៏ដូចជាភាពជឿនលឿនអ្វីខ្លះ។ ដូច្នោះហើយនៅពេលដែលទិញវា អាចធ្វើឲ្យយើងទទួលបានប្រាក់ចំណេញបានមកពីការឡើងថ្លៃនៃ ដី ឬផ្ទះដែលមានទីតាំងដែលល្អបែបនេះ។

-ផ្ទះអាចបើកធ្វើអាជីវកម្មផ្ទះខ្លួនបាន ដូចប្រិយមិត្តបានដឹងហើយថា នៅពេលដែលយើងមានផ្ទះដែលជាកម្មសិ្នទ្ធិផ្ទាល់ខ្លួន វាពិតជាមានភាពងាយស្រួលនៅក្នុងការបើកអាជីវកម្មផ្សេងៗជាច្រើន ដែលយើងបានប្រាថ្នា ក៏ប៉ុន្តែវាក៏មានហានិភ័យខ្លះដែល នៅពេលដែលយើងជ្រើសរើសកន្លែងដែលមិនសមរម្យ ដែលអាចនិយាយបានថាមិនត្រូវប៉ាន់នោះ។

គុណវិបត្តិ នៃការទិញផ្ទ៖

អ្នកត្រូវការបង់ទឹកភ្លើងជារៀងរាល់ខែ៖ ដូចប្រិយមិត្តបានដឹងហើយថាជារៀងរាល់ខែ ម្ចាស់ផ្ទះទាំងឡាយ ត្រូវការប្រើប្រាស់ថវិកាដើម្បីបង់ថ្លៃទឹក និងភ្លើង បើមិនដូច្នោះទេខាងEDC នឹងធ្វើការផ្តាច់ចរន្តភ្លើងនៅផ្ទះរបស់យើងជាក់ជាមិនខាន ដូច្នោះហើយនេះក៏ជាការចំណាយគឺជារឿងចាំបាច់បំផុត សម្រាប់ស្ថានភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារនីមួយៗ។

សម្រាប់អ្នកមានគ្រួសារហាក់ដូចជាពិបាក៖ ព្រោះថា ពួកគេត្រូវចំណាយប្រាក់ជាច្រើន មិនថាការហូបចុកជាប្រចាំ របស់របស់ប្រើប្រាស់នៅក្នុងផ្ទះជាដើម។

ដូច្នោះហើយមុននឹងធ្វើអ្វីមួយ ឬក៏ចង់ទិញរបស់ទាំង២ខាងលើនេះ យើងគួរណាតែមានការគិតគូឲ្យបានជាក់លាក់ជាមុន ដើម្បីកុំឲ្យមានការខាតបង់ពេលវេលារបស់យើង។

លើសពីនេះ អត្ថបទមួយនេះក៏ចង់បង្ហាញឲ្យបានច្បាស់ពីការសម្រេចចិត្តរបស់មនុស្សៗម្នាក់ ឲ្យបានល្អមុននឹងធ្វើអ្វីមួយ ដូច្នោះទើបធ្វើឲ្យយើងមានភាពជោគជ័យ​សម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន៕

ប្រភព៖balikbaya & creditcard & Planning

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]