កូរ៉េខាងត្បូង៖ ជីវិតគឺជាការតស៊ូ ពាក្យនេះពិតជាត្រឹមត្រូវណាស់ មិនថានៅប្រទេសណាតែងតែមានអ្នកមាន និងអ្នកក្រ។ តួយ៉ាងដូចជាលោកយាយម្នាក់នេះអីចឹង គាត់មានវ័យ ៨២ ឆ្នាំ ហើយគាត់ត្រូវរើសអេតចាយ (សំបកកេស) អស់រយៈពេល ១៤ ម៉ោង ក្នុងមួយថ្ងៃ បានត្រឹមតែ ២ ដុល្លារប៉ុណ្ណោះដើម្បីរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកយាយ Yoo

យោងតាមវីដេអូពី Asian Boss បានបង្ហាញឲ្យដឹងថា លោកយាយចំណាស់ម្នាក់នេះមានឈ្មោះ Yoo រស់នៅក្នុងផ្ទះតូចចង្អៀតមួយអស់រយៈពេល ៥ ឆ្នាំមកហើយ។ គាត់មានកូន ៥ នាក់ ប៉ុន្តែកូនទាំង ៥ នាក់គាត់មិនបានចិញ្ចឹម ឬឲ្យលុយគាត់នោះទេ។

លោកយាយ Yoo បាននិយាយថា “ប្រហែលជាពួកគេមិនត្រូវការខ្ញុំទេ ខ្ញុំគឺជាបន្ទុកសម្រាប់ពួកគេ។” 

លោកយាយ Yoo

យ៉ាងណាមិញ គាតក៏មិនអស់សង្ឃឹមនឹងកូនទាំង ៥ រូបរបស់គាត់ដែរ។ គាត់នៅតែរក្សាស្នាមញញឹម និងខិតខំប្រឹងប្រែងធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីចិញ្ចឹមជីវិតគាត់ពោលគឺការរើសអេតចាយ (សំបកកេស) យកទៅលក់ បើទោះបីជាគាត់កោងខ្នង និងឈឺខ្នងក៏ដោយ។

លោកយាយ Yoo បានបន្តថ្លែងថា “ជាទូទៅ ខ្ញុំតែងតែចាកចេញពីផ្ទះនៅម៉ោង ៧ ព្រឹកដើម្បីរើសសំបកកេស និងត្រលប់មកផ្ទះវិញនៅម៉ោង ១០ យប់ ប៉ុន្តែខ្ញុំមិនអាចរកលុយបានច្រើនទេ បានប្រហែលតែ ២,០០០ វ៉ុន (២ ដុល្លារ) ប៉ុណ្ណោះ។ គំនរសំបកកេសដ៏ធំលក់បានត្រឹមតែ ២,០០០ វ៉ុន (២ ដុល្លារ) ប៉ុណ្ណោះ។”

នៅពេលគេសួរលោកយាយ Yoo ថាប្រាក់ប៉ុណ្ណឹងអាចផ្គត់ផ្គង់ថ្លៃអាហារបានទេ?

គាត់ក៏បានឆ្លើយថា “ជាទូទៅ ខ្ញុំញុំាតែបាយជាមួយនឹងទឹកស៊ីអៀវ និងទឹកម្ទេសប៉ុណ្ណោះ ដូច្នេះខ្ញុំក៏មិនចំណាយច្រើនដែរ។” 

លោកយាយ Yoo

លោកយាយ Yoo បានបន្តថ្លែងទៀតថា គាត់ចាប់ផ្តើមជួបការលំបាកផ្នែកហិរញ្ញវត្ថុកាលពី ៧ឆ្នាំមុន នៅពេលដែលមានទ្បានបានបុកគាត់ ខណៈពេលគាត់កំពុងរុញរទេះ។ ឧប្បត្តិហេតុមួយនេះបានធ្វើឲ្យគាត់ពិការអស់រយៈពេល ៣ ឆ្នាំ និងបានបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ដែលខំសន្សំអស់រលីង។ យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានជួយផ្គត់ផ្គង់ប្រាក់សម្រាប់មនុស្សចាស់ ២០០ ដុល្លារប្រចាំខែផងដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ការចំណាយនៅក្នុងប្រទេសអភិវឌ្ឍដូចជាប្រទេសកូរ៉េខាងត្បូងនេះទេ។

ថ្វីបើគាត់ជួបទុក្ខលំបាកយ៉ាងនេះក្តី គាត់នៅតែមិនអស់សង្ឃឹមនៅក្នុងជីវិត និងរក្សាស្នាមញញឹមជានិច្ច ហើយខាង Asian Boss ក៏បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២០០០ ដុល្លារដល់គាត់ផងដែរ៕ 

លោកយាយ Yoo និងក្រុមការងារ Asian Boss

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]