ចង់សម្រកទម្ងន់ត្រូវទាមទារការតស៊ូព្យាយាម និងជាពិសេសរបបអាហារត្រូវតែមានលំនឹងដូចជា មិនត្រូវបរិភោគអាហារសម្បូរខ្លាញ់ច្រើនពេក ស្ករច្រើនពេក ប៉ុន្តែសំបូរប្រូតេអ៊ីន និងជាតិសរសៃ។

ការគ្រប់គ្រងអាហារមួយផ្នែកមិនគ្រប់គ្រាន់ទេព្រោះរាល់អាហារយើងបរិភោគ នឹងបំបែកស្តុកជាប្រភពនៃថាមពល(កាឡូរី) សម្រាប់កោសិកាទាំងអស់នៃរាងកាយប្រើប្រាស់។ ថាមពលដែលនៅសល់ពីមួយថ្ងៃទៅមួយថ្ងៃ នឹងបំបែកមួយផ្នែកធំធ្វើជាខ្លាញ់ដើម្បីរក្សាទុកនៅពេលក្រោយ។ ដូច្នេះដើម្បីឆាប់សម្រកទម្ងន់ យើងត្រូវ​បញ្ចូលលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីប្រើប្រាស់កាឡូរីដែលនៅសល់នោះទើបជាដំណោះស្រាយមួយដ៏ល្អ។

ខាងក្រោមជាទម្រង់នៃការហាត់ប្រាណងាយៗទាំង៣ប្រភេទ មិនថាសម្រាប់តែលោកអ្នកដែលចង់មានបំណងក្នុងការសម្រកទម្ងន់នោះទេ៖

១. ការរត់

ការរត់ជាទម្រង់នៃការហាត់ប្រាណមួយដ៏ងាយស្រួលបំផុត និងអាចអនុវត្តបានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ សម្រាប់អ្នករវល់ពុំសូវមានពេលច្រើន ហើយមានបំណងចង់សម្រកទម្ងន់ ការរត់ជាជម្រើសមួយដ៏ល្អ។

អ្នកដឹងទេថាការរត់ត្រឹម១០នាទី លោកអ្នកអាចប្រើប្រាស់ថាមពលជាមធ្យមអស់រហូតដល់១៤២កាឡូរីឯណោះ។

ជាមធ្យមមនុស្សទាំងប្រុសនិងស្រី បរិភោគអាហារដែលផ្តល់ថាមពលកាឡូរីប្រហែល២០០០កាឡូរី។ ប៉ុន្តែកោសិកានៃរាងកាយយើងបានប្រើប្រាស់ថាមពលទាំងនោះសម្រាប់រាល់ការដើរ ដេក ឈរ អង្គុយ បរិភោគ សិក្សា ធ្វើការ ពោលគឺសកម្មភាពធម្មតាប្រចាំថ្ងៃអស់ប្រហែល១៦២០កាឡូរីទៅហើយ។ វាបានន័យថា ភាគច្រើនយើងមានថាមពលនៅសល់ ប្រហែល៣៨០កាឡូរី។ ដូច្នេះការរត់រយៈពេលត្រឹម៣០នាទីគឺគ្រប់គ្រាន់ទៅហើយ សម្រាប់ដុតកាឡូរីលើសនិងនៅសល់។

ដូច្នេះបើលោកអ្នកកាត់បន្ថយការបរិភោគអាហារឲ្យទាបជាងធម្មតា ហើយបូកបន្ថែមជាមួយនឹងការរត់ជារៀងរាល់ថ្ងៃទៀតនោះ គីឡូរបស់លោកអ្នកមិនយូរទេត្រឹម១សប្តាហ៍នឹងឃើញលទ្ធផលគួរឲ្យកត់សម្គាល់។

រូបតំណាង

២. ការលេងបាល់ទាត់

កីឡាបាល់ទាត់មិនត្រឹមមានអត្ថប្រយោជន៍សុខភាពច្រើនលើសលប់នោះទេ ដូចជា បង្កើនសមត្ថភាពក្នុងការស្រូបយកខ្យល់ដង្ហើម ពង្រឹងប្រព័ន្ធរបត់ឈាម ពង្រឹងកាយសម្បទានរាងកាយ និងពង្រឹងប្រព័ន្ធប្រសាទជាដើម លើសពីនេះទៅទៀតការលេងបាល់ទាត់ទាមទារឲ្យមានការប្រើប្រាស់ថាមពលកាឡូរីច្រើនជាងការរត់ ជិតពីរដងឯណោះ។

ជាក់ស្តែងអ្នកលេងកីឡាទម្រង់នេះអស់រយៈពេល៣០នាទី អាចដុតកាឡូរីបានរហូតដល់ប្រហែល ៧០០កាឡូរី សម្រាប់អ្នកដែលមានភាពសកម្មក្នុងការលេងដូចជា រត់ច្រើន មានការផ្លាស់ទីច្រើន។

រូបតំណាង

៣. ការហែលទឹក

ការហែលទឹកជាកីឡាដែលប្រើប្រាស់ថាមពលរាងកាយយ៉ាងច្រើន។ សម្រាប់បុគ្គលដែលមានទម្ងន់ ៧០គីឡូក្រាម ហែលទឹករយៈពេល១ម៉ោងអាចដុតថាមពលរហូតទៅដល់៤២៣កាឡូរី ចំណែកបុគ្គលដែលមានទម្ងន់៩០គីឡូ អាចដុតបានដល់៧១៥កាឡូរីឯណោះ។

ប៉ុន្តែបើយើងធ្វើការប្រៀបធៀបជាមួយកីឡាដទៃទៀតដូចជាការរត់សម្រាប់បុគ្គលដែលមានទម្ងន់ដូចខាងលើក្នុងល្បឿនល្មមអស់រយៈពេល១ម៉ោង អាចប្រើប្រាស់ថាមពលត្រឹមតែ ៣០០ ទៅ៣៥០កាឡូរីតែប៉ុណ្ណោះ។

ដូច្នេះការហែលទឹកមិនត្រឹមតែសប្បាយទេ ហើយពុំបានផ្តល់សម្ពាធដល់ឆ្អឹងឬសន្លាក់ដូចកីឡាដទៃទៀត ហើយថែមទាំងជាកីឡាដ៏ល្អមួយសម្រាប់ការសម្រកទំងន់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]