ថ្នាំសម្រួលសាច់ដុំដែលត្រូវបានរកឃើញដំបូងតាំងពីឆ្នាំ១៨៤៨ ថ្មីៗនេះត្រូវបានគេពិសោធន៍ឃើញថា វាមានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការព្យាបាលជំងឺមហារីក។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Ohio នៃសហរដ្ឋអាមេរិក។

វិធីសាស្ត្រមួយចំនួន ដែលគេប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីក ដូចជាប្រើប្រាស់វិទ្យុសកម្ម(គេច្រើនហៅថា កាំរស្មីឡាសែនោះឯង) ការប្រើប្រាស់ថ្នាំគីមី និង ការវះកាត់យកដុំសាច់ចេញជាដើម។ វិធីព្យាបាលទាំងពីរនេះ គ្រូពេទ្យតែងជ្រើសរើសយកមកប្រើប្រាស់ ហើយពេលខ្លះគេប្រើប្រាស់វិធីទាំង៣នេះ រួមបញ្ចូលគ្នាថែមទៀតក៏មាន។ ការវះកាត់យកដុំសាច់ចេញតែមួយមុខមិនគ្រប់គ្រាន់ឡើយ ពីព្រោះកោសិកាមហារីកដែលនៅសល់ អាចនឹងធ្វើការលូតលាស់រីករាលដាលឡើងវិញបាន។ រីឯការប្រើប្រាស់ថ្នាំគីមី មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ធ្វើឲ្យដុំសាច់រួញ និងឈប់លូតលាស់ ប៉ុន្តែវាជាថ្នាំគីមីដែលអាចនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាផ្សេងៗទៀតនៃរាងកាយ។

ចំណែកការប្រើប្រាស់កាំរស្មីឡាសែ  យើងអាចថាងាយស្រួលនិងពុំសូវមានផលប៉ះពាល់ច្រើន  ហើយប្រសិទ្ធភាពវិញអាចប្រសើរជាងវិធីសាស្ត្រផ្សេងៗទៀត ដោយសារកាំរស្មីពន្លឺវិទ្យុសកម្មបាញ់ឲ្យចំតែគោលដៅប៉ុណ្ណោះ។  បើទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលតាមវិធីសាស្ត្រមួយនេះចាប់ផ្តើមលែងមានប្រសិទ្ធភាពទៀតហើយ។ នេះ ក៏ដោយសារលក្ខណៈមជ្ឈដ្ឋានក្នុងរាងកាយយើង ដែលខ្សត់ឧស្ម័នអុកស៊ីសែន ឬ ហៅថា Hypoxia។

អ្នកត្រូវដឹងថា ការប្រើប្រាស់កាំរស្មីឡាសែ ឬ Radiation Therapy សម្រាប់កំទេចកោសិកាមហារីកបាន ដោយសារកត្តាចំនួនពីរ៖ ទី១ វាទៅកំទេចDNAរបស់កោសិកាមហារីក បញ្ឈប់ការលូតលាស់ និងទី២ ធ្វើឲ្យកោសិកាល្អយើងធ្វើការផលិតនូវរ៉ាឌីកាល់សេរីរបស់អុកស៊ីសែនដែលអាចទៅបំផ្លាញកោសិកាមហារីបាន។ ប៉ុន្តែភាគច្រើន វាប្រើប្រាស់នូវមេកានិចទី២ ពីព្រោះកោសិកាមហារីកទាញយកនូវប្រយោជន៍ពីរាងកាយយើងដោយវាស្រូបយកនូវអុកស៊ីសែនច្រើនខ្លាំងជាងកោសិកាល្អធម្មតារបស់យើង ជាហេតុធ្វើឲ្យខ្សត់អុកស៊ីសែនក្នុងឈាម។  ជាលទ្ធផលការផលិតនូវរ៉ាឌីកាល់សេរីការមានការធ្លាក់ចុះខ្លាំងដែរ។ ដូច្នេះប្រសិទ្ធភាពនៃការប្រើប្រាស់កាំរស្មីឡសែ ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។

យ៉ាងណាមិញ ការសិក្សាថ្មីៗនេះបានរកឃើញថា ការប្រើប្រាស់នូវថ្នាំសម្រួលសាច់ដុំ Papaverine បង្ហាញលទ្ធផលវិជ្ជមាន ដោយវាបានរាំងស្ទះការប្រើប្រាស់អុកស៊ីសែនរបស់កោសិកាមហារីក ដូច្នេះវាជួយបង្កើនបរិមាណអុកស៊ីសែនក្នុងឈាមឡើង។ ជាលទ្ធផល ការប្រើប្រាស់នូវកាំរស្មីឡសែ មានប្រសិទ្ធភាពឡើងវិញ ដោយសារវាអាចផលិតរ៉ាឌីកាល់សេរីនៃអុកស៊ីសែនបានច្រើនខ្លាំងជាងមុន សម្រាប់បំផ្លាញនូវកោសិកាមហារីក។

ដូច្នេះរបកគំហើញនៃថ្នាំសម្រួលសាច់ដុំ Papaverine នេះនឹងអាចជាគន្លឹះមួយក្នុងការព្យាបាលជំងឺមហារីកឲ្យបានជោគជ័យកាន់តែប្រសើរ៕

រូបតំណាងការប្រើប្រាស់ថ្នាំគីមី(Chemotherapy)
រូបតំណាងការប្រើប្រាស់កាំរស្មីឡាសែ(Radiation Therapy)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]