អ៊ីតាលី៖ គ្រាន់តែជិះកង់ ដើរ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនានា អ្នកនឹងទទួលបានស្រាបៀរ ការ៉េម សំបុត្រកុន កាហ្វេ និងរង្វាន់ជាច្រើនទៀត នៅក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលី។

ទីក្រុង Bologna
រូបតំណាង

អ្នករៀបចំគម្រោងទីក្រុង លោក Marco Amadori បានបង្កើតគម្រោងមួយនេះទ្បើងនៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងដើម្បីធ្វើឲ្យការធ្វើដំណើរប្រកបដោយនិរន្តរភាព ពោលគឺកាត់បន្ថយការកកស្ទុះចរាចរណ៍ និងការបំពុលបរិស្ថាន ដូច្នេះគាត់ក៏បានបង្កើតគម្រោងមួយនេះទ្បើងដែលឲ្យឈ្មោះថា Bella Mossa ឬអាចហៅបានថា “Good Job!” ដែលជំរុញឲ្យមនុស្សម្នាមិនប្រើប្រាស់រថយន្តផ្ទាល់ខ្លូន ហើយឲ្យពួកគេងាកមកប្រើប្រាស់ការដើរ ជិះកង់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទៅវិញដើម្បីទទួលបានរង្វាន់ ហើយគម្រោងមួយនេះពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។

លោក Marco Amadori

ដូច្នេះអ្នកគ្រាន់តែទាញយកកម្មវិធីមួយឈ្មោះ “BetterPoints” នៅក្នុងទូរសព្ទស្មាតហ្វូនរបស់អ្នក បន្ទាប់មកបំពេញបែបបទទៅតាមលក្ខខណ្ឌដែលត្រូវបានកំណត់ រួចជាការស្រេច។ ក្រោយពីអ្នកបានដើរ ជិះកង់ ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនានា វានឹងចាប់ GPS និងគិតគីទ្បូទៅតាមការធ្វើដំណើររបស់អ្នក ហើយវានឹងកំណត់ជាពិន្ទុ រួចអ្នកអាចយកពិន្ទុទាំងនោះទៅផ្លាស់ប្តូរជាភេសជ្ជៈ សំបុត្រកុន និងរង្វាន់នានាបាន។ នៅក្នុងមួយថ្ងៃអ្នកអាចប្រើប្រាស់ការធ្វើដំណើរនៅក្នុងកម្មវិធីនេះបានតែ ៤ដងប៉ុណ្ណោះ។ ដូច្នេះអ្នកត្រូវតែប្រើប្រាស់វាជាប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បានរង្វាន់ទាំងនេះ។

កម្មវិធី BetterPoints

យ៉ាងណាមិញ លោក Marco Amadori បាននិយាយថា “ដំបូងទ្បើយ ពួកយើងបានជំរុញឲ្យមនុស្សគ្រប់គ្នាចូលរួមគម្រោងមួយនេះ។ អ្នករាល់គ្នាអាចមានឱកាសផ្តាស់ប្តូរពីការជិះទ្បានកម្សាន្តមកជាការជិះកង់ ឬជិះទ្បានក្រុងកម្សាន្តវិញ ហើយអ្នកនឹងអាចទទួលបានការបញ្ចុះតម្លៃខ្លះៗចំពោះឥរិយាបថល្អនេះ”។

គួររម្លឹកផងដែរ មានហាងច្រើនជាង ១០០កន្លែងបានចុះឈ្មោះនឹងគម្រោងមួយនេះ ហើយនឹងផ្តល់ការបញ្ចុះតម្លៃពិសេសទៅដល់អ្នកដែលប្រើប្រាស់កម្មវិធីមួយនេះ។

ដូច្នេះគម្រោងមួយនេះពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន វាជំរុញឲ្យមនុស្សធ្វើចលនាច្រើន ធ្វើឲ្យប្រជាជននៅទីនោះមានសុខភាពល្អ បានទាំងរង្វាន់ ទីក្រុងក៏មិនស្ទុះផ្លូវច្រើន ហើយថែមទាំងល្អចំពោះបរិស្ថានទៀតផង៕

មានវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]