(ភ្នំពេញ)៖ ទោះបីជាបច្ចុប្បន្នហាក់ស្ងប់ស្ងាត់បន្តិចមែនតែ លោក អេនឌី ក៏មានការងារប្រចាំថ្ងៃផងដែរ គឺច្រៀងនៅរង្គសាលជាមួយអ្នកសិល្បៈផ្សេងៗ ដើម្បីជាចំណូលមួយផ្នែក សម្រាប់ក្រពះ។ យើងឃើញថា ថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះនូវចម្រៀង Cover មរតកដើមមួយចំនួន ដែលមាន MV សាមញ្ញធម្មតា មិនសិចស៊ីដូចពេលមុន ខណៈសកម្មភាពនេះ ត្រូវបានទស្សនិកជនគិតថា ប្រហែលជាខ្លាចរអានឹងការព្រមានរបស់ក្រសួងហើយ តែផ្ទុយទៅវិញ លោក អែន ឌី បញ្ជាក់ថាវីដេអូចម្រៀងទាំងនេះ មិនមែនមកពីឥទ្ធិពលនៃការព្រមានរបស់ក្រសួងនោះទេ ព្រោះលោក បានផលិតវាតាំងពីមុនក្រសួងចេញសេចក្តីព្រមាន ដោយពុំសួរនាំរូបលោកមកម្ល៉េះ ខណៈលោកផ្ទាល់ ពុំបានទទួលស្គាល់ការព្រមាននោះទេ។

ពាក់ព័ន្ធនឹងចំណាត់ការរបស់ក្រសួងនេះដែរ ថ្លែងប្រាប់ khmertalking តាមរយៈទូរស័ព្ទ លោក អែនឌី បាននិយាយថា «លោកមិនពេញចិត្តចំពោះការព្រមានរបស់ក្រសួងនោះទេ ព្រោះចំណាត់ការមួយនេះប្រៀបបាននឹងការធ្វើតាម តែកាលវិភាគរបស់ក្រសួង» ដោយគ្មានការសួរនាំពីសាមីខ្លួន ខណៈលោកប្រកាន់ជំហរថា «ពេលចោទនរណាម្នាក់ជាចោរ ក៏ត្រូវឱ្យគេដឹងថាគេមានកំហុសអ្វី »។ លោកថា ភាពសិចស៊ីដែលមានក្នុង MV គឺលោកបញ្ឈប់យូរមកហើយ ហើយការសិចស៊ីក្នុង MV ក៏លោកធ្វើមិនហួសហេតុដូច តារាជំនាន់ក្រោយនោះដែរ។

លោក អេនឌី បានសង្កត់ធ្ងន់ថា លោកមិនពេញចិត្ត ហើយក៏មិនទទួលស្គាល់ចំពោះការព្រមាននេះទេ ដោយលោកនៅតែប្រកាន់ជំហរថា ការព្រមានរបស់ក្រសួង គឺពុំមានហេតុផល គ្មានការសួរនាំ ហៅលោកទៅសាកសួរមុននឹងព្រមានជាដើម។ លើសពីនេះលោកថា «បើក្រសួងចេញលិខិតប្រមាននេះមកហើយ ក៏ចេញមកចេះ លោកមិនបានទទួលយកលិខិតហ្នឹងអីទាំងអស់ ហើយក៏មិនបានខ្វល់អីដែរ»។

ដោយឡែក យើងងាកមករកស្នាដៃចម្រៀងថ្មីៗរបស់អេនឌី ក្រោយក្រសួងធ្វើការព្រមានវិញ ត្រូវបានសាមីខ្លួនផ្ទាល់ បង្ហាញថា មានចម្រៀង ៤បទទៀត ដែលមិនទាន់បញ្ចេញដល់ទស្សនិកជន ប៉ុន្តែផលិតរួចរាល់អស់ហើយ ខណៈបទទាំងនោះជាបទ មរតកដើម និងការសម្តែងសាមញ្ញធម្មតា ដោយសារបទមរតកដើម មិនអាចសម្តែងអ្វីសិចស៊ីដូចបទសម័យបានទេ។ ជាមួយគ្នានេះ លោកប្រាប់ថា លោកដឹងស្រាប់តែថាបទទាំងនេះ មិនមានការគាំទ្រច្រើនដូចបទដែលមានការសម្តែងសិចស៊ីក្នុងនោះតែ ប៉ុន្តែលោកមិនខ្វល់ លោកថា លោកផលិតសម្រាប់តែអ្នកដែលគាំទ្រលោកតែប៉ុណ្ណោះ។

ជាចុងក្រោយ តារាចម្រៀងប្រុសរូបនេះ បានថ្លែងអំណរគុណដល់ទស្សនិជន ដែលបានគាំទ្រស្នាដៃលោកកន្លងមក និងសូមឱ្យទស្សនិកជនបន្តគាំទ្រលោកតទៅទៀត ដើម្បីឱ្យលោកមានទឹកចិត្តក្នុងការច្រៀង និងដើរលើវិថីសិល្បៈបន្តទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី