អ្នកដឹងទេថាបញ្ហាថ្លង់ចំពោះមនុស្សភាគច្រើន អាចជាបញ្ហានៃការវិវឌ្ឍន៍នៃអាយុ ដែលនៅពេលយើងកាន់តែចាស់ទៅ សរីរាង្គត្រចៀកក៏ចាប់ផ្តើមចុះខ្សោយខ្លាំងទៅតាមហ្នឹងដែរ។  នេះជាដំណើរការវិវឌ្ឍន៍នៃធម្មជាតិប៉ុណ្ណោះ។ ក្រៅពីនេះវាអាចបណ្តាលមកពីការស្តាប់សម្លេងៗឮៗញឹកញាប់និងជាប្រចាំ ឫ ការបង្ករោគក្នុងត្រចៀក និងការប៉ះពាល់ជាមួយសារធាតុពុលជាដើម។

រាល់កត្តារៀបរាប់ខាងលើសុទ្ធតែប៉ះពាល់និងបំផ្លាញកោសិកាសរសៃឆ្មារល្អិតៗក្នុងត្រចៀកដែលដើរតួនាទីចម្បងបំផុតបញ្ជូនរំញ័រនៃសម្លេងពីខាងក្រៅ តាមសរសៃប្រសាទទៅឲ្យខួរក្បាលដើម្បីធ្វើការបកប្រែឲ្យយើងយល់។ កោសិកាសរសៃឆ្មារទាំងនេះនៅពេលណាដុះប្រហែល ១៥០០០កោសិកា  វានឹងមិនដុះលូតលាស់បង្កើតថ្មីទៀតនោះទេ។ ពោលគឺបើវាខូចខាតខ្លាំងចំនួនកោសិកានឹងនៅសល់តិចតួច ហើយវានឹងមិនអាចដុះលូតលាស់បង្កើតកោសិកាថ្មីឡើងវិញបានឡើយ។ តែសំណាងល្អ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Patricia White បានរកឃើញវិធីសាស្ត្របណ្តុះកោសិកាល្អិតឆ្មារក្នុងត្រចៀកទាំងនោះ។

ពួកគេបានសង្កេតឃើញលក្ខណៈធម្មជាតិនៃពពួកសត្វបក្សីអាចបណ្តុះឡើងវិញនូវកោសិកាបាន បើទោះបីជាវាមានការខូចខាតយ៉ាងណាក៏ដោយ។ គេរកឃើញថា មានកោសិកាមួយប្រភេទ (EGF) ដែលជាភ្នាក់ងារដ៏ចម្បងភ្ញោចកោសិកាទ្រទ្រង់ឲ្យធ្វើការផលិតកោសិកាឆ្មារតូចៗទាំងនោះឡើងវិញ។ ដូច្នេះឃើញបែបនេះក្រុមស្រាវជ្រាវរបស់លោក Patricia បានខិតខំស្រាវជ្រាវដើម្បីស្វែងរកសារធាតុពិសេសម្យ៉ាងដើម្បីភ្ញោចកោសិកាទ្រទ្រង់នៃសរីរាង្គត្រចៀករបស់យើង។ អស់រយៈពេលរាប់ឆ្នាំ ពួកគាត់អាចរកឃើញវិធីសាស្ត្រភ្ញោចកោសិកាឱ្យមានសកម្មភាពឡើងវិញ ដើម្បីផលិតពពួកកោសិកាឆ្មារតូចៗទាំងនោះ។

គេបានសិក្សាទៅលើសត្វកណ្តុរដែលជាសត្វមានលក្ខណៈជីវសាស្ត្រស្រដៀងនឹងមនុស្សខ្លះ និងងាយយកមកសិក្សា ដោយប្រើប្រាស់បីវីធីសាស្ត្រ ដូចជាទីមួយ ការប្រើប្រាស់សារធាតុថ្នាំពិសេស ទីពីរ វិស្វកម្មសេនេទិច និងទីបីការប្រើប្រាស់វីរុស ដើម្បីទៅភ្ញោចកោសិកា ERBB2។ ជាលទ្ធផលកោសិកាERBB2 បានភ្ញោចឲ្យមានសកម្មភាពជាច្រើនដំណាក់កាល មុននឹងអាចផលិតឡើងវិញនូវកោសិកាឆ្មារតូចៗក្នុងត្រចៀក និងថែមទាំងមានដំណើរការដូចដើមទៀតផង។

របកគំហើញនេះជាសមិទ្ធផលនៃវិស័យវេជ្ជសាស្ត្រដ៏សំខាន់មួយ ដែលមិនយូរមិនឆាប់នោះទេ បញ្ហាខ្សោយការស្តាប់ និងបញ្ហាថ្លង់ នឹងលែងជាទុក្ខកង្វល់ចំពោះយើងទៀតហើយ៕

ការប្រើប្រាស់ឧបករណ៍បំពងសំលេង
សត្វកណ្តុរប្រើប្រាស់ក្នុងមន្ទីរពិសោធន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]