ជំងឺលើសឈាម ជាជំងឺមួយដែលកើតចំពោះមនុស្សវ័យកណ្តាលយ៉ាងច្រើនបំផុត គ្រាន់តែស្រាលឬខ្លាំងប៉ុណ្ណោះ។ ជំងឺលើសឈាម អាចបណ្តាលមកពីកត្តាមួយចំនួន ដូចជារបបអាហារសម្បូរជាតិប្រៃ ឬក៏សម្បូរទៅដោយកូលេស្តេរ៉ុល ដែលបណ្តាលឲ្យកកស្ទះនៅតាមសរសៃឈាម ធ្វើឲ្យសម្ពាធឈាមកើនឡើងដើម្បីរុញឈាមទៅគ្រប់ផ្នែកនៃរាងកាយ ហើយបែបនេះយូរៗទៅវានឹងបង្កជាបញ្ហាលើសឈាម។ ក្រៅពីនេះ វាក៏អាចបណ្តាលមកពីដំណើរការនៃការកន្ត្រាក់របស់បេះដូងមិនប្រក្រតីជាដើម។

ភាគច្រើនជំងឺលើសឈាមច្រើនកើតចំពោះបុគ្គលឈានចូលដល់វ័យកណ្តាល ព្រោះវាទាមទាររយៈពេលយូរដើម្បីវិវឌ្ឍចេញជារោគសញ្ញា។ ចំណែកផលប៉ះពាល់នៃជំងឺនេះមានពីស្រាលដល់ធ្ងន់ធ្ងរ។ វាអាចបណ្តាលឲ្យមានអាការឈឺក្បាលវិលមុខបន្តិចបន្តួច ហើយពេលខ្លះស្រឺតឈឺក្បាលក្តូកៗខ្លាំង ដែលទាមទារឲ្យមានការសម្រាកប្រើប្រាស់ថ្នាំ។ ធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបណ្តាលឲ្យបេះដូងដើរលឿនខ្លាំងខុសប្រក្រតី ធ្វើឲ្យការច្របាច់ឈាមផ្តល់ទៅឲ្យកោសិកាមិនបានល្អ ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃរាងកាយទាំងមូល ជាពិសេសកោសិកាបេះដូង ដែលអាចបណ្តាលឲ្យគាំងបេះដូងគ្រប់ពេល។

លើសពីនេះទៅទៀត ជំងឺលើសឈាមអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃជំងឺស្ទះសរសៃឈាមខួរក្បាល ដែលអាចបណ្តាលឲ្យសន្លប់ភ្លាមៗ ប៉ះពាល់ដល់កោសិកាខួរក្បាលនិងមិនអាចងាយជាសះស្បើយវិញឡើយ។

ថ្មីៗនេះលទ្ធផលនៃការសិក្សាមួយ ដែលមានការសហការរវាងបីប្រទេស (អស់គ្លេស, បារាំង និង ហុងគ្រី) សិក្សាទៅលើសំណាកចំនួន ៨ ៦៣៩នាក់ (32.5%ជាស្ត្រី) អស់រយៈពេល៣២ឆ្នាំ បានបង្ហាញទំនាក់ទំនងរវាងជំងឺលើសឈាមជាមួយនឹងហានិភ័យនៃជំងឺសរសៃប្រសាទដែលភាគច្រើនកើតចំពោះមនុស្សវ័យកណ្តាល។

គេបានរកឃើញក្នុងចំណោមសំណាកទាំងអស់មានចំនួន ៣៨៥នាក់ បានវិវឌ្ឍនូវជំងឺសសៃប្រសាទយ៉ាងធ្ងន់ធ្ងរ ដែលមានអាយុជាមធ្យមត្រឹម ៧៥ឆ្នាំ។ បើប្រៀបធៀបជាមួយនឹងសំណាកដែលមានសុខភាពល្អ និងមិនមានបញ្ហាលើសឈាម  សំណាក ដែលមានវ័យត្រឹម ៥០ឆ្នាំ និងមានជំងឺលើសឈាម មានហានិភ័យនៃការវិវឌ្ឍន៍ជំងឺសរសៃប្រសាទរហូតដល់ជិត ៥០% ទៅហើយ។

គេមិនអាចកំណត់មូលហេតុជាក់លាក់បានទេ តែគេអាចសន្និដ្ឋានបានថាប្រហែលមកពីលទ្ធផលនៃជំងឺស្ទះសរសៃឈាមខួរក្បាល  ប៉ះពាល់ដល់កោសិកាប្រសាទនេះឯងដែលជាឬសគល់នៃបញ្ហា។  បើទោះបីជាយ៉ាងណា  វាគ្រាន់តែជាការប៉ាន់ប្រមាណប៉ុណ្ណោះ ហើយវាត្រូវទាមទារការសិក្សាបន្ថែមទៀតអំពីទំនាក់ទំនងរវាងជំងឺទាំងពីរនេះ។

#សន្និដ្ឋាន៖

ការថែទាំសុខភាពខួរក្បាលតាមរយៈការបរិភោគអាហារដែលមានលំនឹងត្រឹមត្រូវ ហាត់ប្រាណឲ្យបានទៀងទាត់  កាត់បន្ថយបញ្ហាស្ត្រេស និងជាពិសេសការរក្សាលំនឹងនៃសម្ពាធឈាម សុទ្ធតែជាកត្តាដ៏សំខាន់ដើម្បីជីវិតដ៏មានសុភមង្គល និងចៀសឆ្ងាយពីជំងឺទាំងឡាយ មិនថាតែជំងឺសរសៃប្រសាទប៉ុណ្ណោះទេ៕

ការវាស់សម្ពាធឈាម
រូបភាពតំណាង នៃប្រព័ន្ធប្រសាទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]