ចិន៖ ស្ពានឆ្លងសមុទ្រវែងបំផុតលើពិភពលោកដែលមានប្រវែង ៥៥ គីឡូម៉ែត្រ ភ្ជាប់ពីទីក្រុងហុងកុងទៅម៉ាកាវ និងក្រុងជូហៃនៃចិនដីគោក ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃអង្គារនេះ (ប៉ុន្តែបើកឱ្យធ្វើចរាចរណ៍ធម្មតានៅថ្ងៃពុធស្អែក) ដែលមានវត្តមានលោកប្រធានាធិបតី ស៊ី ជិនពីង ជាអធិបតីនៃពិធីសម្ពោធផងដែរ។ ស្ពាននេះប្រើពេលសាងសង់រហូតដល់ទៅ ៩ ឆ្នាំ។ បើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។

ផែនទីនៃទីតាំងស្ពាន

#ចំណុចពិសេសរបស់ស្ពាន៖

-ភ្ជាប់ក្រុងសំខាន់ៗបីនៅប៉ែកខាងត្បូងនៃប្រទេសចិន៖ ហុងកុង ម៉ាកាវ និងជូហៃ

-អាចទប់ទល់ជាមួយគ្រោះរញ្ជួយដី និងខ្យល់ព្យុះ ដោយប្រើដែកថែប ៤ សែនតោន ដែលគ្រប់គ្រាន់សម្រាប់សាងសង់ Eiffel Tower នៅបារាំងបាន ៦០។

-ប្រហែល ៣០ គីឡូម៉ែត្រនៃប្រវែងសរុប ត្រូវឆ្លងកាត់សមុទ្រនៃដីសណ្តរទន្លេគុជ។ ដើម្បីឱ្យនាវាឆ្លងកាត់បាន នៅត្រង់ចំណុចមួយដែលមានប្រវែង ៦.៧ គីឡូម៉ែត្រ គេបង្កើតផ្លូវក្រោមសមុទ្រនៅចន្លោះកោះសិប្បនិម្មិតពីរ។

-ចំណុចផ្សេងដែលនៅសល់ គឺជាផ្លូវថ្នល់ ស្ពានកាត់ជ្រលងភ្នំ និងផ្លូវក្រោមដី (លើគោក) ដែលភ្ជាប់ពីក្រុងជូហៃ និងហុងកុង ទៅនឹងស្ពានមេ។

#មូលហេតុនៃការសាងសង់៖

-វាជាផ្នែកមួយនៃផែនការបង្កើតតំបន់ឆកសមុទ្ររឹតតែអស្ចារ្យជាងមុន ដែលរួមមានក្រុងហុងកុង ម៉ាកាវ និងក្រុងទាំង៩ នៅប៉ែកខាងត្បូងនៃប្រទេស ដែលបច្ចុប្បន្នមានប្រជាជនរស់នៅ ៦៨ លាននាក់។

-កាលពីមុនការធ្វើដំណើរពីក្រុងជូហៃ ទៅហុងកុងត្រូវចំណាយពេល ៤ ម៉ោង តែស្ពានថ្មីនេះនឹងកាត់បន្ថយមកនៅសល់ត្រឹម ៣០ នាទីប៉ុណ្ណោះ។

ក្បាលស្ពាននៅត្រើយម្ខាង

#អ្នកដែលអាចបើកបរលើស្ពានបាន៖

-ត្រូវមានប័ណ្ណបើកបរពិសេស (Special Permit) ដែលរៀបចំដោយប្រព័ន្ធកូតាមួយ ហើយរាល់យានជំនិះត្រូវបង់ថ្លៃប្រើប្រាស់ស្ពាន។

-ស្ពានវែងផ្តាច់គេនេះមិនបម្រើការដោយមធ្យោបាយធ្វើដំណើរសាធារណៈទេ ដូច្នេះឡានក្រុងឯកជនក៏នឹងត្រូវធ្វើដំណើរទៅមកលើស្ពានដែរ ហើយគ្មានផ្លូវរថភ្លើងឡើយ។

-ដំបូងឡើយអាជ្ញាធរប៉ាន់ប្រមាណថាយានជំនិះ ៩,២០០ គ្រឿងនឹងឆ្លងកាត់ស្ពានរាល់ថ្ងៃ ប៉ុន្តែក្រោយមកពួកគេបានបន្ទាបតួលេខ បន្ទាប់ពីបណ្តាញធ្វើដំណើរថ្មីៗមួយចំនួនត្រូវបានសាងសង់ក្នុងតំបន់។

កោះសិប្បនិម្មិតដើម្បីភ្ជាប់ស្ពាន

#ចំណូលកាត់ចំណាយថ្លៃដើម៖

-ចំណាយសាងសង់ស្ពានសរុបប្រមាណ ២០ ពាន់លានដុល្លារ ដោយស្ពានមេតែមួយចំណាយដល់ទៅ ៦.៩ ពាន់លានដុល្លារ។

-ក្រុមមន្ត្រីរបស់ចិនបានឱ្យដឹងថា ស្ពាននេះនឹងរកចំណូលបាន ១,៤៤០,០០០,០០០,០០០ ដុល្លារ (១.៤៤ ទ្រីលាន) ក្នុងមួយអាយុកាលប្រើប្រាស់របស់វា ប៉ុន្តែតំណាងរាស្ត្រនៅហុងកុងម្នាក់មានមន្ទិលថាមិនអាចដល់ចំនួននេះ។

-តាមការប៉ាន់ស្មានរបស់ BBC ប្រចាំប្រទេសចិន ស្ពាននេះនឹងអាចរកចំណូលប្រមាណ ៨៦ លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយថ្លៃជួសជុលថែទាំស្ពាន នឹងត្រូវកាត់ចំណូលនេះ ១/៣ ទៅហើយ។  

រូបរាងស្ពានពីត្រើយម្ខាង

ដោយឡែក ក្រុមអ្នករិះគន់បានហៅស្ពានដែលបានធ្វើឱ្យកម្មករស្លាប់យ៉ាងតិច ១៨ នាក់ និងរបួសរាប់រយនាក់នេះថា “ធំតែមាឌចង្អៀតតែមុង (big white elephant)” ដែលពួកគេធានាថាគ្មានបានចំណូលសេដ្ឋកិច្ចអ្វីឡើយ។ ទោះយ៉ាងណា មនុស្សមួយចំនួនទៀតបានបញ្ជាក់ថា គោលបំណងសំខាន់គឺធ្វើជានិម្មិតសញ្ញា ដើម្បីបញ្ជាក់ថាហុងកុងត្រូវបានភ្ជាប់មកចិនដីគោក ទាំងក្នុងនិងក្រៅក្រដាសស្នាម៕

រូបរាងស្ពានត្រង់ចំណុចផ្លូវបំបែកមួយ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]