រាជធានីភ្នំពេញ៖ ថ្ងៃ ១១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ បារខែម​កម្ពុជា ដោយ​មាន​ការ​គាំទ្រពីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​រៀបចំកម្មវិធី​បារខែម​អាស៊ាន ២០១៨ «សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម» លើកទី ១១ នៅ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​អធិបតីភាពឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។ 

កម្មវិធី​នេះទទួល​បាន​កិច្ចសហការ​ពីវិទ្យាស្ថានជាតិ​ NIPTICT វិទ្យាស្ថានបើកទូលាយ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សមាគមសហគ្រិន​វ័យក្មេង​កម្ពុជា និងសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និងចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiata សហការ​ឧបត្ថម្ភដោយក្រុមហ៊ុន EZECOM និងចូលរួម​ឧបត្ថម្ភ​ដោយក្រុមហ៊ុន TOTAL និង PassApp រួមទាំងស្ថាប័នជាច្រើនទៀត​មានដូចជា Koompi, BookMeBus, Kouprey​ Creative, Emerald HUB បណ្តាញសារព័ត៌មាន Sabay News, Geeks in Cambodia, KhmerLoad និង BizKhmer ។

បារខែម​អាស៊ាន ២០១៨ គឺជាព្រឹត្តិការណ៍ដែល​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ធ្វើការ​ជួបជុំ​រវាង​សិស្ស​និស្សិត​ Tech Startups បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សា ចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ដល់​សិស្សនិស្សិត អាជីវកម្មធុនតូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា ​សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និង​ជំនាញឌីជីថល ក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ក្នុង​តំបន់។ល។ 

កម្មវិធី​នេះ​ធ្វើ​​ឡើង​ក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំង​មាន​ពិព័រណ៍បង្ហាញ​ផលិតផល និង​សេវាកម្ម និងស្នាដៃសិស្សនិស្សិតកម្ពុជា​ក្នុងវិស័យ​​ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន និងមាន​អ្នកចូលរួមក្នុងរយៈពេល ២ ថ្ងៃ ​ប្រមាណជាង ៨០០០ នាក់ រួមទាំង​មាន​វាគ្មិន ៩៥ រូប ជាមួយប្រធានបទចំនួន ៨៥ ប្រធានបទ និង​ស្ដង់ពិព័រណ៍​ចំនួន ៦០ ស្ដង់។

ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានធ្វើចំណាប់​អារម្មណ៍ទៅលើបញ្ហាមួយចំនួនរួមមាន៖

(ក) រាជរដ្ឋាភិបាលត្រូវផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន៖ 

១. ការរៀបចំ និងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល
២. ការបន្តធ្វើបច្ចុប្បន្នភាព និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT
៣. ការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់
៤. ការជម្រុញ និងបង្កើតមូលដ្ឋានគតិយុត្តគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថល ដោយរួមទាំងការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល និងសន្តិសុខព័ត៌មាន ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកជាដើម
៥. ការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល
៦. ការអភិវឌ្ឍ សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថល
៧. ការបន្តអនុវត្តការងារពាក់ព័ន្ធនឹង Tech Startup ជាមួយនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងធម្យម (MSMEs)
៨. ការបន្តជម្រុញ​ MSMEs go for Digital
៩. ការផ្តោតសំខាន់លើទស្សនាទាន «យុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត» និង ១០. ការបញ្ចូលមុខវិជ្ជា STEM និងសហគ្រិនភាព កម្មវិធីគាំទ្រ (supporting program) និងការណែនាំ (mentorship) ក្នុងកម្មវិធីសិក្សាដើម្បីជម្រុញដល់សមត្ថភាពសិស្ស។​

(ខ) តួនាទី និងការសម្របសម្រួលរវាងស្ថាប័នរដ្ឋ និងរៀបចំបទប្បញ្ញត្តិ និងគោលនយោបាយនានាដើម្បី គាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ជាក់ស្តែងថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨។

(គ) ការគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈកម្មវិធី ដែលប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBR&D Fund)។ មូលនិធិនេះបាននឹងកំពុងចូលរួមចំណែកជួយដល់ការកសាងធនធានមនុស្សក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត និងជម្រុញអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាឱ្យរីកចម្រើន និងទទួលបានជោគជ័យខ្ពស់ឆ្លើយតបទៅនឹងនិន្នាការនៃការវិវត្ត​នៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងឆាកអន្តរជាតិផងដែរ។​

ក្នុងឱកាសនោះដែរ កុំព្យូទ័រម៉ាក គម្ពីរ​ របស់កម្ពុជាដែលផ្ដួចផ្ដើមដោយ ​SmallWorld Venture ក៏បានប្រារព្ធពិធីសម្ពោធជាផ្លូវការក្នុងកម្មវិធី បារខែម​អាស៊ាន។ ក្រៅពីសម្ពោធជាផ្លូវការកុំព្យូទ័រ គម្ពីរ បានទទួលកាបញ្ជាទិញ ១០០ គ្រឿង ហើយក្រុមការងារគម្ពីរបានបង្ហាញការផលិត Motherboard របស់ KOOMPI ក្នុងរាជធានីភ្នំពេញហើយប្រមូលផ្តុំតែផ្នែកផ្សេងទៀតនៅក្នុងទីក្រុង Shenzhen ប៉ុណ្ណោះ។ ដោយសារបេសកកម្មរបស់យើង គឺដើម្បីកសាង និងលើកទឹកចិត្តផលិតកម្មអេឡិចត្រូនិចនៅកម្ពុជា៕

ទំនាក់ទំនង
លោក ជី សុផាត អ្នក​សម្របសម្រួល​រៀបចំ​កម្មវិធីបារខែមអាស៊ាន
លេខទូរស័ព្ទ 010 307575
Email: [email protected] 

ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា
កម្មវិធីបារខែម​អាស៊ាន
កម្មវិធីបារខែម​អាស៊ាន
កម្មវិធីបារខែម​អាស៊ាន
អ្នកចូលរួមកម្មវិធីបារខែម​អាស៊ាន
អ្នកចូលរួមកម្មវិធីបារខែម​អាស៊ាន
អ្នកចូលរួមកម្មវិធីបារខែម​អាស៊ាន
ភ្ញៀវពិសេសបារខែម​អាស៊ាន
អ្នកស័គ្រ្មចិត្តបារខែម​អាស៊ាន
អ្នកចូលរួមកម្មវិធីបារខែម​អាស៊ាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]