រាជធានីភ្នំពេញ៖ ថ្ងៃទី ២0 ខែតុលា ឆ្នាំ ២០១៨ – យុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោក ត្រូវបានប្រារព្ធឡើង សម្រាប់ខែតុលា ដែលជាខែសម្រាប់ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់។

បូពណ៌ផ្កាឈូកគ្រប់ទំហំ លេចចេញរូបរាងនៅគ្រប់ទីកន្លែងទាំងនៅតាមបណ្តាញ អ៊ីនធើណេត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះ បានធ្វើឡើងគ្រប់សណ្ឋាន។ នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ “FIT FOR HOPE by AIA” បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ ប្រមូលផ្តុំគ្នានៅទីលានកោះពេជ្រ ដោយបានទទួលថវិកាបរិច្ចាគចំនួន ៣០,០០០ ដុល្លារអាមេរិក សម្រាប់បុព្វហេតុមួយនេះ។

យុទ្ធនាការ “FIT FOR HOPE by AIA”

តាមរយៈការគាំទ្រពីសាលារាជធានីភ្នំពេញ និងការចូលរួមពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ យុទ្ធនាការ "FIT FOR HOPE by AIA" បានប្រព្រឹត្តិទៅរយៈពេលជាងមួយខែ ក្រោមការរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (“SHCH”)។ SHCH គឺជាមន្ទីរពេទ្យសប្បុរសធម៌ ដែលមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺមហារីកសុដន់រយៈពេលយូឆ្នាំជាងគេនៅក្នុងប្រទេសកម្ពុជា។

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតមានឡើងច្រើនបំផុតចំពោះស្ត្រីទូទាំងពិភពលោក។ នៅកម្ពុជា បញ្ហាទាក់ទិននឹងជំងឺនេះ គឺកាន់តែធ្ងន់ធ្ងរ ដោយការយល់ដឹងនៅមានកម្រិតទាប និងកង្វះធនធានសម្រាប់ការព្យាបាល។ នេះបណ្តាលឲ្យមានករណីជាច្រើនមិនអាចព្យាបាលបាន ដោយសារតែការធ្វើរោគវិនិច្ឆ័យឲ្យដឹងពីជំងឺនេះ ត្រូវបានធ្វើឡើងក្នុងដំណាក់កាលធ្ងន់ធ្ងរ។

យុទ្ធនាការ “FIT FOR HOPE by AIA”

មានប្រសាសន៍នៅពេលដឹកនាំក្រុមអ្នកជំនាញផ្តល់ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃក្នុងថ្ងៃនេះផ្ទាល់ លោកវេជ្ជបណ្ឌិត ព្រាប ឡី ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងថា៖

«រហូតដល់ទៅ ៧0% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំ គឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ប្រសិនបើគាត់មកកាន់មន្ទីរពេទ្យអោយបានឆាប់ជាងនេះ គឺពិតជាអាចជួយបានច្រើន។ ”លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា“ ក្នុងករណីខ្លះ ដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តង ដែលបានរារាំង បន្ទុចបង្អាក់មិនអោយអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃ គឺជារឿងមិនសមរម្យទាល់តែសោះ។ ក្រោមហេតុផលនេះហើយដែលបង្ហាញឲ្យឃើញថា យុទ្ធនាការ FIT FOR HOPE by AIA ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា។ ហើយយើងខ្ញុំ ពិតជាអរគុណខ្លាំងណាស់ ដែលមានយុទ្ធនាការនេះឡើង»។
យុទ្ធនាការ “FIT FOR HOPE by AIA”

ព្រឹត្តិការណ៍ "FIT FOR HOPE by AIA" បានចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ដោយ អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានសហការជាមួយភាគីជាច្រើនដើម្បីលើកកំពស់ការយល់ដឹង រួមនឹងសកម្មភាពដូចជា៖

-សកម្មភាពផ្សព្វផ្សាយចំពោះបណ្តាបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ព្រមទាំងអ្នកសហសេវិកនានា។

-ការផ្សព្វផ្សាយ និងគាំទ្រលើបណ្តាញសង្គម ដោយតារាល្បីៗ និងបណ្តាញសារព័ត៌មានផ្សេងៗ។

-សិក្ខាសាលាផ្តោតលើការលើកកម្ពស់ការយល់ដឹង និងកត្តាប្រឈមនៃជំងឺមហារីកសុដន់ដល់និស្សិតសាកលវិទ្យាល័យរាប់រយនាក់ 

-សកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សារនានា និងសាកលវិទ្យាល័យមួយចំនួន។

យុទ្ធនាការ “FIT FOR HOPE by AIA”

យុទ្ធនាការនេះ បានសម្រេចបញ្ចប់នៅក្នុងថ្ងៃនេះផ្ទាល់ ដោយមានកម្មវិធីជាច្រើនទៀតផងដែរ ដូចជា៖

- ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញ ជូនដល់សាធារណៈជនប្រមាណ ១,៣០០ នាក់។

- ក្បួនដើរដង្ហែរសប្បុរស់ធម៌ពណ៌ផ្កាឈូក ហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមក បានទទួលការចូលរួមពីមនុស្សចំនួនជិត ២,០០០ នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ។

- ការរាំហ្សូមបា ដែលមានអ្នកចូលរួមរាំប្រហែល ៨០០ នាក់។

- ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្ត្រីដែលមានតារាល្បីៗនៅកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០,០០០ នាក់បន្ថែមទៀត។

យុទ្ធនាការ “FIT FOR HOPE by AIA”

ឈរពីមុខអ្នកចូលរួមក្បួនដើរដង្ហែរ Pink Walk ដែលពោរពេញដោយភាពសប្បាយរីករាយ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

«យើងខ្ញុំ រីករាយណាស់ដែលឃើញមនុស្សជាច្រើនរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំ សប្បាយចិត្តយ៉ាងខ្លាំង ដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោលបល់ពីជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ ដល់មនុស្សប្រមាណ ៣,០០០ នាក់ នៅថ្ងៃនេះ។ ចំនួននេះ គឺប្រាំពីរដងច្រើនជាកាលដែលយើងបានផ្តល់ជូនក្នុងឆ្នាំមុន»។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា

លោក Richard បានបន្ថែមជាមួយនឹងការសង្កត់ធ្ងន់លើកំណើន នៃឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការនេះថា៖ 

«ដោយមានការចូលរួមបរិច្ចាគពីដៃគូរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុនជាច្រើនទៀត ព្រមទាំងសប្បុរសជនដ៏សន្ធឹកសន្ធាប់ យុទ្ធនាការ "FIT FOR HOPE by AIA" នៅឆ្នាំនេះ បានទទួលថវិកាបរិចា្ចគសរុបចំនួន ៣០,០០០ ដុល្លាអាមេរិកសម្រាប់ទ្រទ្រង់កម្មវិធីមហារីសុដន់របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺច្រើនជាងបីដង បើធៀបនឹងថវិកាប្រមូលបានឆ្នាំមុន។ ជាមួយយុទ្ធនាការនេះ យើងអាចជួយសង្គ្រោះជីវិតបានកាន់តែច្រើន តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការព្យាបាលរបស់មន្ទីរពេទ្យនេះ»។

លោកស្រី ហាក់ សំអាត អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្ម័គ្រចិត្តមិត្តអប់រំមិត្តម្នាក់ នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងដោយក្តីរីករាយនៅក្នុងវគ្គចែករំលែកបទពិសោធន៍ មុនការប្រគំតន្ត្រីថា៖

«សូមអរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ព្រោះដោយសារយុទ្ធនាការនេះ ក្រុមស្មគ្រ័ចិត្តមិត្តអប់រំមិត្តរបស់យើងអាចមានសំភារៈអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត ២លាននាក់នៅទូទាំងប្រទេស។ ថវិកាដ៏ច្រើននេះអាចអនុញ្ញាតអោយយើងជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដប្រមាណជាង ៤,០០០ នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយវិទ្យុសាស្រ្ត (X-Ray) ឬជួយមនុស្សច្រើនជាង ១,៣០០ នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយការវិភាគរកកោសិកាមហារីក។ យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើង អាចផ្តល់នូវការយល់ដឹងពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធភាពទទួលបានការថែទាំសុខភាព សម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់»។

លោក Richard ក៏បានលើកឡើងដែរថា៖

«ជំងឺមហារីកសុដន់ អាចប៉ះពាល់ដល់សមាជិកក្រុមគ្រួសារទាំងមូល ប៉ុន្តែបើមានការពិនិត្យរកឃើញនៅដំណាក់កាលដំបូង ជំងឺនេះគឺអាចព្យាបាលបានភាគច្រើន។ អេ អាយ អេ ខេមបូឌា មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដៃគូសាជីវកម្មរបស់យើង អ្នកសិល្បៈល្បីៗ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំងអ្នកចូលរួមក្នុងយុទ្ធនាការនេះជាច្រើន បានរួមគ្នាជួយសង្គ្រោះខ្លួនឯង និងអ្នកដទៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ និងដើម្បីទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ»៕
យុទ្ធនាការ “FIT FOR HOPE by AIA”
យុទ្ធនាការ “FIT FOR HOPE by AIA”
យុទ្ធនាការ “FIT FOR HOPE by AIA”
យុទ្ធនាការ “FIT FOR HOPE by AIA”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]