ការសិក្សាស្រាវជ្រាវ រកឃើញនូវម៉ូលេគុលពិសេសម៉្យាង ដែលជំរុញដល់ឥទ្ធិពលរបស់អង់ទីប្យូទិចឲ្យកាន់មានប្រសិទ្ធភាពជាងមុន  បានបង្ហាញលទ្ធផលវិជ្ជមានក្នុងការបញ្ឈប់បញ្ហាបាក់តេរីមានភាពរេស៊ីស្តង់ (ប្រើលែងត្រូវ) ជាមួយនឹងថ្នាំផ្សះ។

ថ្នាំជាច្រើនប្រភេទ បានកំពុងជួបនូវបញ្ហារេស៊ីស្តង់

អ្នកដឹងទេថាពីមួយឆ្នាំទៅមួយឆ្នាំគេប្រមាណឃើញថា មានមនុស្សប្រហែល១០លាននាក់ កំពុងប្រឈមមុខនឹងហានិភ័យនៃបញ្ហាបាក់តេរីផ្ស៊ាំជាមួយថ្នាំផ្សះ។ នេះជាបញ្ហាមួយដ៏ធ្ងន់ធ្ងរដល់អាយុជីវិត ព្រោះវាមិនត្រឹមប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ទៅដល់យុទ្ធសាស្ត្រមួយចំនួនក្នុងការព្យាបាលទៀតផង។

បញ្ហារេស៊ីស្តង់របស់បាក់តេរីជាមួយថ្នាំផ្សះ បណ្តាលមកពីការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬក៏ពុំមានចំណេះដឹងសោះទាក់ទងនឹងរបៀបក្នុងការប្រើប្រាស់ថ្នាំអង់ទីប្រូទិច។ ជាហេតុធ្វើឲ្យបាក់តេរីមានភាពស៊ាំជាមួយនឹងថ្នាំ ហើយធ្វើឲ្យវាកាន់តែចាប់ផ្តើមបង្កើតជាបញ្ហាដល់ការស្រាវជ្រាវរកថ្នាំដែលខ្លាំងជាងមុនទៀត ដើម្បីសម្លាប់វា ពោលគឺល្បឿននៃកាវិវឌ្ឍរបស់បាក់តេរីលឿនជាងល្បឿននៃការស្រាវជ្រាវរបស់វេជ្ជសាស្ត្រ។

រូបភាពមីក្រូទស្សន៍ បង្ហាញនូវពពួកបាក់តេរី(ពណ៌ទឹកក្រូច)

បើទោះបីជាយ៉ាងណា បច្ចុប្បន្ននេះមានការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយនៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ។   ជាលទ្ធផលគេបានរកឃើញឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់នៃម៉ូលេគុលពិសេសម៉្យាង ដែលបានបង្កើនប្រសិទ្ធភាពរបស់ថ្នាំអង់ទីប្យូទិចរេស៊ីស្តង់នឹងបាក់តេរីក្នុងការប្រឆាំងនឹងបាក់តេរីឡើងវិញ។

ការសិក្សាទៅលើសត្វកណ្តុរនៅក្នុងមន្ទីរពិសោធន៍ បានបង្ហាញថា ក្រោយប្រើប្រាស់ម៉ូលេគុលពិសេសនេះរួចមក ប្រសិទ្ធភាពរបស់ថ្នាំផ្សះក៏មានការកើនឡើងវិញផងដែរ។ ជាក់ស្តែងកណ្តុរដែលត្រូវបានធ្វើតេស្តប្រើប្រាស់សារធាតុផ្សំទាំងពីរនេះ មានចំនួនបាក់តេរីក្នុងឈាមធ្លាក់សល់តិចស្ទើរតែគ្មាន បើប្រៀបធៀបជាមួយនឹងកណ្តុរមួយក្រុមផ្សេងទៀត ប្រើប្រាស់តែថ្នាំផ្សះសុទ្ធដែលចំនួនបាក់តេរីនៅរស់សល់ច្រើន។

លោកសាស្ត្រាចារ្យ Menachem Shoham បានប្រាប់ថា៖

«ចំពោះបុគ្គលដែលមានសុខភាពល្អ ការប្រើប្រាស់ត្រឹមតែម៉ូលេគុលពិសេសដោយមិនបាច់ត្រូវការថ្នាំផ្សះ គឺគ្រប់គ្រាន់សម្រាប់ព្យាបាលបញ្ហាឈឺតិចតួចបង្ករោគដោយពពួកបាក់តេរីនេះហើយ»។

លោកបានបន្តទៀតថា៖

«ប៉ុន្តែបុគ្គលដែលមានប្រព័ន្ធភាពសុំាខ្សោយ ការផ្សំរវាងថ្នាំផ្សះជាមួយម៉ូលេគុលពិសេសនេះ នឹងផ្តល់ប្រសិទ្ធភាពដូចគ្នា បើទោះបីជាបាក់តេរីបានវិវឌ្ឍភាពសុំាជាមួយថ្នាំអង់ទីប្យូទិចដែលបានផ្សំយកមកប្រើប្រាស់រួចក៏ដោយក្តី»។

របកគំហើញនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវថ្មីបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ថ្នាំផ្សះថ្មី ហើយអាចប្រើប្រាស់សម្រាប់កម្ចាត់ពពួកបាក់តេរីខ្លាំងៗ ដែលកំពុងធ្វើការវិវឌ្ឍន៍ខ្លួនវាផ្ស៊ាំនឹងថ្នាំមិនចេះឈប់ឈរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]