(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។

លោកស្នងការបានបន្តថា ការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោលតែម្តង។

ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានបន្ថែមថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។

លោកស្នងការបានបញ្ជាក់ដែរថា ប្រតិបត្តិការដ៏ក្តៅនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រោយមានអំពើឃាតកម្មនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ។

លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានគូសបញ្ជាក់ដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

​សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​សម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន។ ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ​។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]