ករណីនៃជំងឺថ្មីដែលកើតមានតាំងពីឆ្នាំ២០១៤ បានបន្តបង្កើនចំនួនសរុប ៣៨៦ករណីហើយរាប់ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨។

ជំងឺថ្មីដ៏ចម្លែកដែលបង្កអាការដូចទៅនឹងជំងឺគ្រុនស្វិតដៃជើងនេះគេហៅថា Acute Flaccid Myelitis (AFM)  អាចបង្កឲ្យដៃជើងបាត់បង់ចលនានិងការគ្រប់គ្រងភ្លាមៗ បាននិងកំពុងរីករាលដាលនៅសហរដ្ឋអាមេរិក មាន ៥៦ករណីថ្មីបន្ថែមទៀត។

ក្រុមវេជ្ជបណ្ឌិតពុំដឹងច្បាស់នៅឡើយ អំពីមូលហេតុតើវារីករាលដាលយ៉ាងដូចម្តេច និងមានប្រភពចេញមកពីណា តែអ្វីដែលគេដឹងគឺរាល់ករណីទាំងអស់សុទ្ធតែកើតចំពោះក្មេងៗអាយុក្រោយ១៨ឆ្នាំ។ 

រាល់ករណីទាំងអស់ក៏សុទ្ធតែមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែរ។ មេរោគនៃជំងឺនេះភាគច្រើនធ្វើការវាយប្រហារប្រព័ន្ធប្រសាទ  ជាពិសេសខួរឆ្អឹងខ្នង ដែលជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយនិងទទួលយកព័ត៌មានប្រសាទរវាងខួរក្បាលនិងរាងកាយ។  ជាលទ្ធផលវាបណ្តាលឲ្យដៃជើងបាត់បង់វិញ្ញាណ  ទន់កម្រើកបានតិចតួច ឬមិនបានសោះ។

លើសពីនេះទៅទៀត វាក៏មានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងៗទៀតដែរ ដូចជា អាការនៃជំងឺប្រព័ន្ធដង្ហើម ដែលធ្វើឱ្យពិបាកដកដង្ហើម ហើយបើមេរោគវាយប្រហារសាច់ដុំខាងក្រោមនៃសួត (Diaphragm) វាអាចប៉ះពាល់ដល់អាយុជីវិតបាន ទើបទាមទារឲ្យអ្នកជំងឺប្រើប្រាស់ម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន (Ventilator)។ ​អាការផ្សេងៗទៀតដែលអ្នកជំងឺមានទៀតនោះដូចជា បញ្ហាការលេប ការនិយាយ ការធ្វើទុក្ខមុខ និងការប្រើប្រាស់នូវសាច់ដុំភ្នែក។

ក្រុមអ្នកស្រាវជ្រាវបានព្យាយាមសិក្សាស្វែងរកមូលហេតុ ដោយផ្តោតទៅលើប្រភពដូចជា វីរុស សែន និងសារធាតុគីមីក្នុងបរិស្ថានរស់នៅ ប៉ុន្តែហាក់បីដូចជាមិនទាន់រកឃើញមូលហេតុជាក់លាក់ណាមួយនៅឡើយ។ ចំណែកការព្យាបាលវិញគេក៏ពុំទាន់មានវិធីសាស្ត្រព្យាបាលជាក់លាក់ដែរ។ ភាគច្រើនគេអនុវត្តវិធីព្យាបាលផ្សេងៗគ្នាពីអ្នកជំងឺមួយទៅអ្នកជំងឺមួយទៅតាមអាការជាក់ស្តែងនីមួយៗ។

ទោះបីជាយ៉ាងណាវិធីបង្ការដ៏ប្រសើរបំផុតដែលគ្រូពេទ្យបានណែនាំគឺត្រូវរក្សាអនាម័យកូនៗរបស់លោកអ្នក ដោយសម្អាតដៃឲ្យបានស្អាត ចៀសវាងឲ្យឆ្ងាយពីការខាំនៃសត្វល្អិត និងជាពិសេសត្រូវចាក់វ៉ាក់សាំងការពារ។ បើកូនៗរបស់លោកអ្នក ស្រាប់តែមានអាការទន់ដៃជើងភ្លាមៗត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]