ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ធ្វើ​អត្តឃាត តែ​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​នោះ​គឺ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​ដៃ​ជាប់​ចំណង ហេតុការណ៍​ប្រទះ​ឃើញ​នេះ​កើតឡើង​កាលពី​ព្រលប់​​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​មាន​សិរី ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៨នេះ ខាង​ស្រុក​កំពុង​រង់ចាំ​ជំនាញ​កោសល្យវិច័យ​ខេត្ត​ចុះ​មក​ពិនិត្យ ហើយ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹង និង​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

ប្រភព​បន្ត​ថា ករណី​នេះ​ដំបូង​ឡើយ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ម៉ូតូ​គុប​១​គ្រឿង​នៅ​ជិត​​កន្លែង​កើតហេតុ​ក៏​រាយ​ការ​ណ៍​មក​សមត្ថកិច្ច លុះ​ក្រោយមក​ស្រាប់តែ​សេច​ក្តី​រាយ​ការណ៍​មួយទៀត​ថា ប្រទះ​ឃើញ​សព​ចង​.​ក​​​ក្នុង​រោង​ចាំចំការ​មួយ​​​នៅ​ជិត​នោះ​ដែរ​។ ពេល​​សមត្ថកិច្ច​ចុះ​ទៅ​ដល់​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​នោះ គឺ​ជន​រង​គ្រោះ​ស្លាប់​របៀប​ជា​ការ​​ធ្វើ​អត្តឃាត តែ​បែរជា​ដៃ​ទាំង​២​ជាប់​ចំណង (​អាវ​) ទៅ​វិញ​។ ស្ថានភាព​នេះ​ហើយ​ទើប​ខាង​ប៉ុស្តិ៍ និង​ស្រុក​បាន​ស្នើ​សុំ​គោលការណ៍​ឱ្យ​ជំនាញ​កោសល្យវិច័យ​ខេត្ត​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​១​រូប​និយាយ​ថា ជន​រង​គ្រោះ​អាយុប្រមាណ​ជាង​៣០​ឆ្នាំ មិន​មែន​​ជា​អ្នក​រស់នៅ​តំបន់​នេះ​ទេ ដោយឡែក​ករណី​ប្រទះ​ឃើញ​ម៉ូតូ​មិន​មាន​ពាក់ព័ន្ធ​គ្នា​ដែរ​។ ហើយ​មានការ​លើក​ឡើង​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ជនសង្ស័យ​ដៃដល់​ណាមួយ​សម្លាប់ ហើយ​បង្វែរ​រឿង​មក​ជា​ករណី​អត្តឃាត ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច និង​មហាជន​។ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​បងប្អូន​ដែល​បាត់​សមាជិក​ដូច​ភិនភាគ​ក្នុង​រូបថត ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​។

បើ​ទោះជា​មានការ​លើក​ឡើង​ថា ជា​ករណី​ឃាតកម្ម​ក្តី ក៏​នៅ​មិន​ទាន់​យក​ជា​ការ​បាន​ដែរ ព្រោះ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ពិនិត្យ និង​ចេញ​របាយការណ៍​ជាក់លាក់​នៅឡើយ​។ ប៉ុន្តែ​​មានការ​លើក​ឡើង​ទៀត​ថា បើសិនជា​រឿង​នេះ​ជា​ករណី​ឃាតកម្ម​មែន​សុំ​ឱ្យ​ព្រលឹង​ជន​រង​គ្រោះ​ជួយ​បំភ្លឺ​ផ្លូវ​ដល់​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ជន​ដៃដល់​ឱ្យ​បាន​លឿន​ផង ដើម្បី​ប្រគល់​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]