(ភ្នំពេញ)៖ ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) នៅរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០១៨ នេះ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ក្នុងករណីមានការយល់ច្រឡំ ចំពោះការចង់ព្យួរសាកសព ស្ថិតនៅក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត ខណៈដែលរូបភាពដែលបានឃើញ តាមរយៈបណ្ដាញសង្គម ក៏ដូចជាការផ្សាយផ្ទាល់របស់លោក K01 គឺជាផ្នែកមួយនៃសកម្មភាពសម្ដែងនៅក្នុងរឿង «មនុស្សគ» ដែលផលិតកម្ម ថោន បានជ្រើសយកទីតាំងនោះ ដើម្បីថតឡើងតែប៉ុណ្ណោះ។

ក្នុងសេចក្ដីប្រកាស ដែលបានចេញផ្សាយ ដោយផេកផ្លូវការរបស់ផលិតកម្ម ថោន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា «សូមគោរពសាធារណជនទាំងអស់ មេត្តាជ្រាបថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំបានផលិតខ្សែភាពយន្តរឿងខ្មែរ ក៏ដូចជាកម្មវិធីកម្សាន្តនានា សម្រាប់កែការអផ្សុក ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស»។

«ក្នុងអំឡុងពេលថ្មីៗនេះ ផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំក៏បានចាប់ផ្ដើមថត និងផលិតខ្សែភាពយន្តខ្មែរថ្មីរឿង «ខ្មោច គ» ដែលមានឈុតគួរឲ្យរន្ធត់មួយស្ថិតក្នុង ភូមិ «គោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយក្រុមការងារយើងបានយក សាកសពសិប្បនិមិត្ម (រូបម៉ារ៉ាកាំងរុំក្រណាត់ខ្មៅ) ទៅចង់ព្យួរតាមដើមឈើនានា សម្រាប់ការសម្ដែង និងថតខ្សែភាពយន្ត។ ទោះបីជាយ៉ាងណា អាជ្ញាធរ ឃុំកំពង់ភ្លុក បានរាយការណ៍ថា រូបភាពនៃសាកសពសិប្បនិមិត្ម នៅចងព្យួរ នៅតាមដើមឈើនៅទីនោះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា ជាសាកសពមែនទែន ដែលបង្កឲ្យមានភាពភ័យខ្លាច និងយល់ច្រឡំយ៉ាងខ្លាំង»។

ក្នុងសេចក្ដីបំភ្លឺដដែល បានបន្តថា «ផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំ សូមអំពារវនាវដល់សាធារណជនទាំងអស់ សូមកុំមានការយល់ច្រឡំ និងមានការភ័យខ្លាចអ្វីទាំងអស់ ហើយក្រុមការងារយើងខ្ញុំ បានយកសាកសពសិប្បនិមិត្មទាំងនោះ មករក្សាទុកវិញអស់ហើយ បន្ទាប់ពីថតចប់។តាងនាមឲ្យផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរឃុំកំពង់ភ្លុក ដែលបានរាយការណ៍ ដល់ក្រុមការងារយើងខ្ញុំ អំពីការយល់ច្រឡំនេះ។ តាងនាមឲ្យផលិតកម្មទីក្រុងភាពយន្ត ថោន សូមជម្រាបជូនដល់បណ្ដាញសង្គម នានាឲ្យបញ្ឈប់ការចាក់ផ្សាយ និងផ្សព្វផ្សាយ បន្តនូវរូបភាពមួយចំនួន ចាប់ពីពេលនេះតទៅ ។ ផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំនឹងមានការប្រុងប្រយ័ត្ននៅថ្ងៃក្រោយទៀត ប្រសិនបើមានការថតភាពយន្ត ដែលមានរូបភាពបង្កឲ្យមានការភ័យខ្លាចបែបនេះ»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលប្រជាពលរដ្ឋ បានប្រទះឃើញសាកសព ដែលត្រូវគេយកទៅចងព្យួរ នៅកន្លែងទេសចរណ៍មួយកន្លែង ស្ថិតនៅក្នុងតំបន់ព្រៃលិចទឹកកំពង់ភ្លុក។ ពាក់ព័ន្ធនឹងរឿងនេះអាជ្ញាធរ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក គុជស៊ាក់ សិរីវត្ថានា ក៏បានចេញមុខបដិសេធ ចំពោះសាកសពដែលត្រូវបានគេយក ទៅចងព្យួរជាប់នឹងដើមឈើ ទាំងនោះ ថាជាសាកសពក្លែងក្លាយ ដែលក្រុមថតកុន របស់ផលិតកម្មថោន យកទៅចងព្យួរ ដើម្បីជាការសម្ដែងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី អាជ្ញាធរបានស្នើឲ្យខាងផលិតកម្ម ថោន រួមជាមួយនិងលោក K01 ដែលបានផ្សាយព័ត៌មានមិនពិត ដោយលើកឡើងថា ជាសាកសពត្រូវគេរំលោភសម្លាប់ រួចយកមកចងព្យួរ ដើម្បីបំបិទភស្តុតាង ចេញមុខមកបកស្រាយជាបន្ទាន់ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ជៀសវាងធ្វើឲ្យមានការភាន់ច្រឡំកាន់តែខ្លាំង ពីសំណាក់មហាជន និងអ្នកទេសចរណ៍ ដែលបានទៅកម្សាន្ត នៅតំបន់នោះ។

អាជ្ញាធរឃុំកំពង់ភ្លុក បានប្រាប់ឲ្យដឹងថា «យើងខ្ញុំក្នុងនាមជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមបញ្ជាក់ថា រូបភាពដែលបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បានឃើញសាកសពក្លែងក្លាយ ដែល ក្រុមថតកុនរបស់ផលិតកម្ម ថោន យកមកចងព្យួរក្នុងព្រៃគុបកំពង់ភ្លុក គ្រាន់តែជារូបភាពក្នុងការសម្តែងទេ សូមកុំយល់ច្រឡំ ហើយសូមឲ្យផលិតកម្មថោន និង លោក K01 ចេញមុខបកស្រាយជាបន្ទាន់។ សូមបងប្អូនដែលស្រឡាញ់តំបន់កំពង់ភ្លុក ជួយ Share ឲ្យដល់ផលិតកម្មថោន និងលោក K01 ឃើញផង»៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]